website_news:2018150101

ឧត្តមសេនីយ៍ទោ ប៉ាក់ យូលាង ៖ ដើម្បីឲ្យប្រតិបត្តិការទទួលបានជោគជ័យមន្រ្តីអនុវត្តច្បាប់ត្រូវមានសមត្ថភាព ជំនាញ និងការយល់ដឹងខ្ពស់ផ្នែកច្បាប់

http://cambodiapolice.com/ 10:57 am 15 មករា 2018

ភ្នំពេញ ៖ អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការអនីតិជន លោកឧត្តមសេនីយ៍ទោ ប៉ាក់ យូលាង លើកឡើងថា ដើម្បីឲ្យប្រតិបត្តិការទទួលបានជោគជ័យមន្រ្តីអនុវត្តច្បាប់ត្រូវមានសមត្ថភាព ជំនាញ និងការយល់ដឹងខ្ពស់ផ្នែកច្បាប់ ។ នៅក្នុងវគ្គបណ្តុះបណ្តាល ស្តីពីយុទ្ធវិធីប្រតិបត្តិការ និងការប្រើប្រាស់អាវុធ នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ នេះ នៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន លោកឧត្តមសេនីយ៍ទោ ប៉ាក់ យូលាង អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការអនីតិជន មានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងសំខាន់ គឺដើម្បីពង្រឹងសមត្ថភាពផ្នែកច្បាប់ និងជំនាញក្នុងការប្រើប្រាស់អាវុធ ដូចនេះដើម្បីឲ្យប្រតិបត្តិការក្នុងការបង្រ្កាបបទល្មើសទទួលជោគជ័យទៅបានកម្លាំងនគរបាលត្រូវមានសមត្ថភាព និងការយល់ដឹងពីនីតិវិធី ព្រមទាំងការអនុវត្តជាក់ស្តែងលើបច្ចេកទេស ការប្រើប្រាស់ឧបករណ៍ សម្ភារៈ ដែលត្រូវបម្រើឲ្យការងារប្រតបត្តិការ ក្នុងការចាប់ចងជនល្មើស សង្រ្គោះជនរងគ្រោះ និងវិធីសាស្រ្តការពារខ្លួន ។

លោកឧត្តមសេនីយ៍ទោបន្តថា អំពើអាជីវកម្មផ្លូវភេទលើស្រ្តី និងកុមារបានប្តូររូបភាពពីចំហរមកជាការលួចលាក់ ហើយជ្រកក្រោមរូបភាពស្របច្បាប់ ដូច្នេះហើយមន្រ្តីរបស់យើងត្រូវមានសមត្ថភាពជំនាញទាំងការស៊ើបអង្កេត និងប្រមូលព័ត៌មាន ដើម្បីឈានទៅដល់ការចាប់ខ្លួនជនល្មើស និងជួយសង្រ្គោះជនរងគ្រោះបានទាំន់ពេលវេលា ។ លោកឧត្តមសេនីយ៍ទោ ប៉ាក់ យូលាង សង្ឃឹមថា ឆ្លងតាមវគ្គបណ្តុះបណ្តាលនៅពេលនេះ ពិតជាបានផ្តល់នូវចំណេះដឹងបទពិសោធន៍ថ្មីៗតាមរយៈ នៃការហ្វឹកហាត់ផ្ទាល់សំដៅរកភាពរីកចម្រើន និងសហប្រតិបត្តិការល្អ ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទលើស្រ្តី និងកុមារ ពិសេសការបង្រ្កាបចាប់ជនសង្ស័យបញ្ជូនទៅតុលាការ និងជួយសង្រ្គោះជនរងគ្រោះបានទាន់ពេលវេលា ។

ក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ទោ ប៉ាក់ យូលាង ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការមេត្រីអន្តរជាតិ (AIMSWAT) ដែលជានិច្ចកាលតែងតែមានកិច្ចសហប្រតិបត្តិការគ្នាកន្លងមកបានល្អ ជាមួយនាយដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ទាំងការប្រមូលព័ត៌មានស៊ើបអង្កេត ប្រមូលភស្តុតាង ការបង្រ្កាប និងការជួយសង្រ្គោះជនរងគ្រោះ ហើយសង្ឃឹមជឿជាក់ថា អង្គការមេត្រីអន្តរជាតិ (AIMSWAT) នៅតែបន្តកិច្ចសហប្រតិបត្តិការលើការងារស៊ើបអង្កេត ក៏ដូចជាការជួយគាំទ្រលើការងារពង្រឹងសមត្ថភាព និងការផ្តល់សម្ភារៈដល់នគរ បាលជាតិកម្ពុជាបន្ថែមទៀត ។ លោកឧត្តមសេនីយ៍ទោ ក៏បានផ្តាំផ្ញើឲ្យសិក្ខាកាមទាំងអស់ត្រូវគោរពវិន័យឲ្យបានម៉ឺងម៉ាត់ ត្រូវប្រើពេលវេលាដ៏មានតម្លៃនេះក្រេបយកចំណេះដឹង និងបទពិសោធន៍ថ្មីទៅបម្រើអង្គភាពរបស់ខ្លួនទទួលបានជោគជ័យ ៕

website_news/2018150101.txt · Last modified: 2018/01/15 14:24 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki