website_news:2018150201

ពលករកម្ពុជានៅថៃនៅសល់៣៤ម៉ឺននាក់ទៀតមិនទាន់មានភាពស្របច្បាប់

http://www.rasmeinews.com/ February 14, 2018, 9:03 PM

(ភ្នំពេញ)៖ក្នុងជំនួបកិច្ចពិភាក្សាជាមួយគ្នាមួយក្នុងរាជធានីភ្នំពេញ ក្រសួងការងារកម្ពុជានិងក្រសួងការងាររបស់ប្រទេសថៃបានប្រកាសរួមគ្នាថារហូតមកដល់ពេលនេះពលករកម្ពុជាដែលកំពុងធ្វើការងារនៅប្រទេសថៃហើយមិនទាន់មានភាពស្របច្បាប់មានចំនួន៣៤ម៉ឺននាក់ទៀត ហេតុនេះក្រុមការងារប្រទេសទាំង២ត្រូវខិតខំធ្វើបន្តទៀតរហូតដល់ខែមិថុនាឆ្នាំ២០១៨ទើបចប់សព្វគ្រប់។

តាមរយៈជំនួបរវាង លោក បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយសមភាគីថៃ លោក Pol Gen. Adul sangsingkeo រដ្ឋមន្ត្រីក្រសួងការងារប្រទេសថៃ នាសណ្ឋាគារភ្នំពេញបានអោយដឹងថាក្នុងកិច្ចសហប្រតិបត្តិការដោះស្រាយបញ្ហាពលករកម្ពុជានៅថៃនាកន្លងមកទទួលបាននូវលទ្ធផលល្អ ក្នុងមជ្ឈមណ្ឌលទាំង៣នៅបាងកក ខេត្តរ៉ាក់យ៉ងនិង ខេត្តសុងខ្លា។ ជាមួយគ្នាក្រសួងការងារកម្ពុជាបានអោយដឹងដែរថាក្រុមការងារប្រទេសទាំងពីរបានធ្វើលិខិតធ្វើដំណើរTD ប័ណ្ឌ OCWC ដែលបានផ្ដល់ជូនពលករ១ថ្ងៃ ១៧០០ទៅ១៨០០នាក់ ។

មកទល់ពេលនេះនៅសល់ប្រហែល ៣៤ម៉ឺននាក់ទៀតដែលត្រូវបន្តផ្ដល់ភាពស្របច្បាប់រហូតដល់ខែមិថុនាឆ្នាំ២០១៨។ ក្រៅពីនេះភាគីនៃក្រសួងការងារប្រទេសទាំងពីរបានព្រមព្រៀងគ្នាក្នុងការរៀបចំក្រុមការងារចល័ត និងមជ្ឈមណ្ឌលបន្ថែមដើម្បីបង្កើន ល្បឿនដល់៤០០០ក្នុងមួយថ្ងៃ ។ដោយឡែកភាគីថៃកំណត់ទីតាំង រៀបចំបញ្ជីឈ្មោះ ពលករកម្ពុជានិងផ្ដល់ទិដ្ឋាការស្នាក់នៅ និងទិដ្ឋាការការងារជូនពលករកម្ពុជាបន្ថែមទៀតផងដែរ។

គួរបញ្ជាក់ថា បើតាម ឯកឧត្តម អ៊ិតសំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជិវៈបានឱ្យដឹងថាបច្ចុប្បន្នពលករកម្ពុជាទាំងស្របច្បាប់និងមិនស្របច្បាប់ដែលកំពុងបំពេញការងារនៅប្រទេសថៃមានសរុបចំនួន១.០៥០.០០០នាក់ ។ ជាមួយគ្នាចំពោះកម្មករនេសាទកម្ពុជាដែលកំពុងធ្វើការងារនៅប្រទេសថៃដែរមានចំនួនសរុប៤៧.០០០នាក់ ដោយក្នុងនេះក្រសួងនឹងរៀបចំឱ្យពួកគេមាលិខិតឆ្លងដែនមុនគេពីព្រោះថាក្រសួងការងារប្រទេសថៃក៏បានសំណួមពរក្នុងរឿងនេះរួចមកហើយផងដែរ៕ ដោយ៖ដេប៉ូ/sn

website_news/2018150201.txt · Last modified: 2018/02/15 14:33 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki