website_news:2018150202

ឯកឧត្ដមបណ្ឌិត រដ្ឋមន្ត្រីបានជួបពិភាក្សាការងារ ជាមួយសមភាគីថៃ ឯកឧត្ដម Pol Gen. Adul sangsingkeo រដ្ឋមន្ត្រីក្រសួងការងារ នៃព្រះរាជាណាចក្រថៃ

https://www.mlvt.gov.kh/ ពុធ, 14 កុម្ភៈ 2018 16:50

នៅសណ្ឋាគារភ្នំពេញ ថ្ងៃអង្គារ ១៣រោជ ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ ។ ឯកឧត្ដម បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជួបពិភាក្សាការងារ ជាមួយសមភាគីថៃ ឯកឧត្ដម Pol Gen. Adul sangsingkeo រដ្ឋមន្ត្រីក្រសួងការងារ នៃព្រះរាជាណាចក្រថៃ ដែលបានដឹកនាំគណៈប្រតិភូអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅ ព្រះរាជាណាចក្រកម្ពុជា រយៈពេលពីរថ្ងៃទី១៣-១៤ កុម្ភៈ ឆ្នាំ២០១៨ ។ ក្នុងជំនួបពិភាក្សានេះទទួលបាននូវលទ្ធផលដូចតទៅ៖

១-ភាគីទាំង២បានវាយតម្លៃខ្ពស់ទៅលើកិច្ចសហប្រតិបត្តិការ ក្នុងការដោះស្រាយបញ្ហាពលករកម្ពុជាទៅធ្វើការនៅប្រទេសថៃប្រកបដោយលទ្ធផលល្អ។ ជាមួយគ្នានេះដែរ មជ្ឈមណ្ឌលចំនួន ៣កន្លែង ដែលក្រុមការងារចល័តចុះធ្វើឯកសាស្របច្បាប់ជូនដល់ពលករកម្ពុជានៅទីក្រុងបាងកក ខេត្ត រ៉ាកយ៉ង និង ខេត្តសុងខ្លាមានដំណើរការល្អ។ ក្រុមការងារចល័តបានធ្វើលិខិតធ្វើដំណើរ(TD) និង ប័ណ្ណពលករកម្ពុជាធ្វើការនៅបរទេស( OCWC) ដោយផ្ដល់ជូនពលករកម្ពុជាក្នុងមួយថ្ងៃទទួលបានពី ១,៧០០-១,៨០០នាក់ ។ មកទល់ពេលនេះនៅសល់ប្រហែល ៣៤ម៉ឺននាក់ទៀតដែលត្រូវបន្តផ្ដល់ភាពស្របច្បាប់រហូតដល់ ខែមិថុនា ឆ្នាំ២០១៨។

២-ភាគីទាំងពីរ បានឯកភាពកំណត់ពេលបញ្ចប់ការងារផ្តល់ភាពស្របច្បាប់ជូនដល់ពលករកម្ពុជាអោយបានក្នុងបំណាច់ខែមិថុនា ឆ្នាំ២០១៨។ ទន្ទឹមនឹងនេះ ក៍រៀបចំក្រុមការងារចល័ត និង មជ្ឈមណ្ឌលមួយចំនួនបន្ថែមទៀត ដើម្បី បង្កើនល្បឿនធ្វើឯកសាស្របច្បាប់ជូនពលករកម្ពុជាអោយបានដល់៤,០០០នាក់ក្នុងមួយថ្ងៃ ។ រីឯភាគីថៃក៍បានកំណត់ទីតាំងដើម្បី រៀបចំបញ្ជីឈ្មោះពលករកម្ពុជា និងផ្ដល់ទិដ្ឋាការស្នាក់នៅ និង ទិដ្ឋាការការងារជូនពលករកម្ពុជាទៀតផង។

៣-ភាគីទាំងពីរនឹងរៀបចំក្រុមចម្រុះប្រចាំការនៅក្រសួងការងារថៃដើម្បីដោះស្រាយបញ្ហាក្នុងប្រតិបត្តិការនេះ។

៤-ភាគីទាំងពីរបង្កើនស្មារតីសហប្រតិបត្តិការជាបងប្អូនអោយ កាន់តែជិតស្និទ្ធថែមទៀត។

៥-ភាគីថៃ បានអញ្ជើញឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារកម្ពុជា និងក្រុមការងារបច្ចេកទេសកម្ពុជាអញ្ជើញទៅទស្សនកិច្ចនៅព្រះរាជាណាចក្រថៃក្នុងអំឡុងខែមិនា ឆ្នាំ២០១៨ នៅពេលផែនការថ្មីនេះចាប់ផ្តើមដំណើរការ។

ជាការឆ្លើយតប ឯកឧត្ដមបណ្ឌិត អ៊ិត សំហេង បានឯកភាពទទួលនូវការអញ្ជើញនេះពី ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ នៃព្រះរាជាណាចក្រថៃផងដែរ។ បន្ទាប់ពីជំនួបពិភាក្សាឯកឧត្ដមបណ្ឌិត អ៊ិត សំហេង បានរៀបចំអាហារពេលល្ងាចទទួលគណៈប្រតិភូក្នុង បរិយាកាសរីករាយនិងស្នឹទ្ធស្នាលបំផុត៕

website_news/2018150202.txt · Last modified: 2018/02/15 14:39 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki