website_news:2018150203

ទាហានថៃឃាត់ពលរដ្ឋខ្មែរជិត៣រយនាក់ ពីបទចូលទៅដឹកជី និងឆ្លងដែនខុសច្បាប់

http://ann.com.kh/ ថ្ងៃព្រហស្បតិ៍, 15 ខែកុម្ភៈ 2018 9:33 ព្រឹក

បន្ទាយមានជ័យ៖ ទាហានប៉ារ៉ាថៃ កាលពីពេលថ្មីៗនេះ បានឃាត់ខ្លួនពលរដ្ឋខ្មែរចំនួន ២៨៩នាក់ ខណៈដែលពួកគេបានឆ្លងដែនពីខេត្តបន្ទាយមានជ័យ ចូលទៅក្នុងខេត្តស្រះកែវ ប្រទេសថៃ។ ប៉ុន្តែយ៉ាងណាក៍ដោយ រហូតមកដល់ពេលនេះ មានតែពលរដ្ឋខ្មែរ១៥នាក់ប៉ុណ្ណោះ ក្នុងចំណោមនោះ ដែលត្រូវបានអាជ្ញាធរថៃ ឃាត់ទុក ពីបទឆ្លងដែនខុសច្បាប់ ដើម្បីរង់ចាំធ្វើការដោះស្រាយតាមនីតិវិធី។ នេះបើយោងតាមរបាយការណ៍ដែលចេញដោយសាលាស្រុកថ្មពួក នៃខេត្តបន្ទាយមានជ័យ ដែលត្រូវបានគេធ្វើការផ្សព្វផ្សាយជាសាធារណៈកាលពីថ្ងៃទី១៤ កុម្ភៈ ម្សិលមិញ ។ តាមរយៈរបាយការណ៍នោះ បានឲ្យដឹងថា ការចាប់ឃាត់ពលរដ្ឋខ្មែរទាំង២៨៩នាក់ខាងលើ គឺបានធ្វើឡើងចំនួន២លើកផ្សេងគ្នា រួមមាន៖

លើកទី១៖ ក្នុងពេលដែលពលរដ្ឋខ្មែរចំនួន ២៧៤នាក់ ឆ្លងចូលទឹកដីថៃតាមច្រករបៀងព្រំដែនប្រាសាទត្បែង ភូមិប្រាសាទត្បែង និងច្រករបៀងព្រំដែនធ្នង់ ភូមិដងរ៉ែក ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក តម្រង់ចូលទៅផ្សារស៊ូនសាម ខេត្តស្រះកែវ ក៏ត្រូវបានទាហានប៉ារ៉ាថៃប្រចាំស្រុកតាប្រាយ៉ា ខេត្តស្រះកែវ ឃាត់ខ្លួននាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយចោទប្រកាន់ពីបទ «ទិញជីគីមីនាំចេញខុសច្បាប់»។ ដោយមានការជួយអន្តរាគមន៍ភ្លាមៗ ពីសំណាក់កម្លាំងអាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចកម្ពុជា ដែលបានចូលទៅសម្របសម្រួលជាមួយភាគីថៃ ទើបប្រជាពលរដ្ឋខ្មែរទាំងនោះ ត្រូវបានដោះលែងឲ្យត្រលប់មកប្រទេសកម្ពុជាវិញ។

លើកទី២៖ នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ ទាហានថៃប្រចាំស្រុកតាប្រាយ៉ា ខេត្តស្រះកែវ បានឃាត់ខ្លួនប្រជាពលរដ្ឋខ្មែរចំនួន ១៥នាក់ នៅភូមិខងផែង ឃុំថាប់ថៃ ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ ដោយចោទពីបទ «លួចឆ្លងដែនខុសច្បាប់»។ កម្លាំងអាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចកម្ពុជា ក៏បានចូលទៅសម្របសម្រួលជាមួយភាគីថៃជាថ្មីទៀតដែរ ប៉ុន្តែការសម្របសម្រួលនេះមិនទាន់ទទួលបានលទ្ធផលវិជ្ជមាននៅឡើយទេ ដោយសារតែភាគីថៃមិនព្រមដោះលែងតាមការសម្របសម្រួល ហើយបានបញ្ជាក់ថា ពួកគេនឹងបញ្ជូនប្រជាពលរដ្ឋខ្មែរទាំង១៥នាក់នោះ ទៅបន្តនីតិវិធីនៅខេត្តស្រះកែវថែមទៀតផង ។

បើតាមសេចក្ដីរាយការណ៍ថា បច្ចុប្បន្នអាជ្ញាធរថៃកំពុងតែចាត់វិធានការម៉ឺងម៉ាត់លើការចំណាកស្រុកខុសច្បាប់របស់ពលករពីប្រទេសនានា ចូលទឹកដីថៃ។ រដ្ឋាភិបាលថៃ បានចេញក្រឹត្យស្ដីពីច្បាប់គ្រប់គ្រងពលករបរទេសដ៏តឹងរ៉ឹង ដែលចូលជាធរមានកាលពីថ្ងៃទី២៣ មិថុនាឆ្នាំ២០១៧ មានគោលដៅត្រួតពិនិត្យចំនួនពលករចំណាកស្រុកនៅប្រទេសថៃ ក៏ដូចជាពលករបរទេស ដែលកំពុងធ្វើការខុសច្បាប់នៅក្នុងប្រទេសថៃផងដែរ៕

website_news/2018150203.txt · Last modified: 2018/02/15 14:44 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki