website_news:2018150204

កម្ពុជា-ថៃ ពិភាក្សាគ្នាលើបត្យាប័ន អំពីទណ្ឌិតនៃប្រទេសទាំង ២

http://www.postkhmer.com/ បែន សុខហ៊ាន | Publication date 15 February 2018 | 13:20 ICT

ភ្នំពេញៈ អាជ្ញាធរកម្ពុជា និងថៃ បានជួបពិភាក្សាបន្ថែមលើ «កិច្ចព្រមព្រៀងបត្យាប័ន» ពង្រឹងការធ្វើសមាហរណកម្មទណ្ឌិត ដើម្បីកាត់បន្ថយការប្រព្រឹត្តបទល្មើស ខណៈដែលសមត្ថកិច្ចថៃចុះទៅត្រួតពិនិត្យឥស្សរជនបក្សប្រឆាំងរបស់កម្ពុជាកំពុងលាក់ខ្លួនស្វែងរកសិទ្ធិជ្រកកោន។

លោក ចាន់ គឹមសេង អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃក្នុងដើមសប្តាហ៍នេះបានជួបប្រតិភូតំណាងនាយកដ្ឋានអប់រំកែប្រែនៃក្រសួងយុត្តិធម៌ថៃ ដែលដឹកនាំដោយលោក Krit Krasaedhibaya ប្រធានពន្ធនាគារពិសេសប្រចាំរាជធានីបាងកក និងមន្ត្រីស្ថានទូតថៃប្រចាំនៅកម្ពុជា ដើម្បីពិភាក្សាការងារមួយចំនួនរួមទាំងកិច្ចព្រមព្រៀងបត្យាប័នដែលបានអនុវត្តនាពេលកន្លងមករវាងប្រទេសទាំង ២។ ការពិភាក្សានេះក៏បានលើកអំពីកម្មវិធីនីតិសម្បទាជូនជនជាប់ឃុំ និងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នពាក់ព័ន្ធដើម្បីពង្រឹងការធ្វើសមាហរណកម្មរបស់ទណ្ឌិតសំដៅកាត់បន្ថយការប្រព្រឹត្តបទល្មើសជាថ្មី។ នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់អង្គភាពនេះ។

លោក នុត សាវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារដែលបានចូលរួមកិច្ចប្រជុំជាមួយគណៈប្រតិភូថៃបានប្រាប់ភ្នំពេញ-ប៉ុស្ដិ៍កាលពីម្សិលមិញថា ពិតជាមានការពិភាក្សាលើកិច្ចព្រមព្រៀងបត្យាប័ន និងពង្រឹងការធ្វើសមាហរណកម្មរបស់ទណ្ឌិត និងបញ្ហាមួយចំនួនទៀតមែន។ លោកថា ការភៀសខ្លួនសុំសិទ្ធិជ្រកកោនរបស់មន្ត្រីគណបក្សសង្គ្រោះជាតិ ដែលជាបក្សប្រឆាំងដ៏ធំនៅកម្ពុជា ខ្លះគឺគ្រាន់តែជាលេសដើម្បី «បិទបាំង» បទល្មើសព្រហ្មទណ្ឌប៉ុណ្ណោះ។ លោកថ្លែងថា៖ «កន្លងមកត្រង់ថា ឯកសារដែលផ្ញើពីថៃមក វាជាភាសាថៃ ហើយសំណុំរឿងគេសម្រាប់ជនជាប់ឃុំម្នាក់ៗច្រើន ហើយយើងពិបាកក្នុងការបកប្រែដើម្បីស្វែងយល់ពីក្ដីក្តាំរបស់គាត់ សម្រាប់ជនជាតិខ្មែរដែលត្រូវបញ្ជូនពីថៃមក។ អ៊ីចឹងទៅការអនុវត្តចេះតែបានហើយតែជាក់ស្ដែងខ្លឹមសារនៃសាលក្រមសាលាក្ដីរបស់ថៃបានចែងមកវាអនុវត្តទៅវាអត់បានពេញលេញ ដោយសារខ្លឹមសារហ្នឹងយើងក្ដាប់អត់បាន ព្រោះការងារបរទេស ហើយយើងខ្វះធនធានមនុស្សដែលចេះភាសាថៃ»។

លោកថាបច្ចុប្បន្នកម្ពុជាមានពលរដ្ឋប្រមាណជាជាង ២០០០ នាក់កំពុងជាប់ពន្ធនាគារនៅប្រទេសថៃដែលភាគច្រើនពាក់ព័ន្ធនឹងអន្តោប្រវេសន៍ដោយខុសច្បាប់ ខណៈមានពលរដ្ឋថៃតែ ៥២ នាក់ប៉ុណ្ណោះដែលកំពុងជាប់ពន្ធនាគារនៅប្រទេសកម្ពុជា

។ ប៉ុន្តែលោកមិនបានបញ្ជាក់ឲ្យដឹងទេថា ភាគីទាំង ២ បានជជែកអំពីសកម្មជនបក្សប្រឆាំងដែលកំពុងស្វែងរកសិទ្ធិជ្រកកោននៅប្រទេសជិតខាងមួយនេះ ឬយ៉ាងណានោះទេ តែលោកថា មន្ត្រីបក្សប្រឆាំងទាំងនោះបានប្រើលេសជាមន្ត្រីបក្សប្រឆាំងដើម្បីបានសិទ្ធិជ្រកកោនផ្នែកនយោបាយគេចពីការទទួលខុសត្រូវព្រហ្មទណ្ឌ។

លោកថ្លែងថា៖ «បញ្ហាហ្នឹងគាត់រត់ទៅខ្លួនឯងភាគច្រើន អ្នកខ្លះមានដីកាចាប់ខ្លួន មិនមែនជាបទនយោបាយទេ គាត់ទៅប្រព្រឹត្តបទល្មើសដល់ពេលគេតាមចាប់ខ្លួនគាត់លើកហេតុផលនយោបាយដើម្បីសុំសិទ្ធិជ្រកកោន អាហ្នឹងអាងខ្លួនជាសកម្មជនបក្សប្រឆាំង ចេះតែធ្វើអ៊ីចឹង។ បទល្មើសព្រហ្មទណ្ឌ ហើយយកមកលាយឡំជាមួយរឿងនយោបាយ អាបញ្ហាអស់នេះ វាតែងតែកើតឡើងសម្រាប់ជនឱកាសនិយមខ្លះ»។ លោកបន្ថែមថា៖ «ធ្វើអ៊ីចឹងយើងអត់ទទួលខុសត្រូវទេ គេតាមចាប់ខ្លួនរឿងល្មើសផ្សេងៗ ពាក់ព័ន្ធនឹងព្រហ្មទណ្ឌសោះ រត់ទៅស្រុកគេថាខ្លួនឯងហ្នឹងជាអ្នកនយោបាយ។ នេះជាការមិនទទួលខុសត្រូវទេ»។ លោក នុត សាវនា បន្ថែមថាចំពោះអ្នកដែលមានដីកាចាប់ខ្លួនអគ្គស្នងការនគរបាលជាតិអាចស្នើឲ្យសមភាគីថៃជួយចាប់បញ្ជូនពួកគេឲ្យមកកម្ពុជាវិញ។

លោក សាវនា ថ្លែងថា៖ «អាហ្នឹងពាក់ព័ន្ធជាមួយអគ្គស្នងការ បើមានដីកាតាមចាប់ខ្លួន អាហ្នឹងប្រហែលជាគេអាចស្នើនាមត្រកូលហ្នឹងឲ្យថៃគេជួយចាប់មក ខាងខ្ញុំនេះ ខ្ញុំចាំតែទទួលទេ ចាប់ហើយតុលាការកាត់ទោស អាហ្នឹងបញ្ជូនមកខាងខ្ញុំ ខាងខ្ញុំទទួលតាមបញ្ជា»។

លោក គង់ ម៉ាស អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិដែលកំពុងសុំសិទ្ធិជ្រកកោនសម្ដែងការបារម្ភចំពោះចំណាត់ការរបស់អាជ្ញាធរថៃក្នុងការចុះត្រួតពិនិត្យដល់កន្លែងស្នាក់នៅរបស់មន្ត្រីបក្សប្រឆាំង។ លោកថា៖ «ឥឡូវនេះយើងកំពុងស្នើសុំមណ្ឌលមួយរបស់ UN ដើម្បីឲ្យ UN គេគិតគូរពីយើង ឥឡូវគេផ្ដោតអារម្មណ៍មកលើយើងនៅពេលមានបញ្ហា។ ចាត់ទុកយើងជាករណីពិសេសដោយសារតែរដ្ឋសភាថៃគាំទ្រការរំលាយបក្សប្រឆាំងដល់អ៊ីចឹង UN ចាត់ទុកពួកយើងជាករណីពិសេស»។ លោកបន្ថែមថា៖ «ទី ១ យើងកំពុងខ្លាចការធ្វើបត្យាប័ន ទី ២ វាត្រូវការត្រួតពិនិត្យអ្នកដែលរស់នៅយូរថ្ងៃ មកធ្វើអីយូរម្ល៉េះ ២ ឬ ៣ ខែ ផ្ទះសំណាក់អី កន្លែងជួលវាត្រូវការពិនិត្យ តែបើយើងបានប័ណ្ណ UN វាស្រួល មានបញ្ហាអីវាអត់បញ្ជូនយើងទៅស្រុកខ្មែរទេ តែបើអត់មានប័ណ្ណគេមិនទាន់ឲ្យយើង វាមានហានិភ័យខ្ពស់»។ លោកថា មូលហេតុនៃការភៀសខ្លួនគឺ ដោយសាររឿងនយោបាយសុទ្ធសាធ។

លោកថ្លែងថា៖ «តាមពិតគ្នាយើងដែលមកវាតិចផង បើមកច្រើនល្អ យើងឲ្យគេដឹងថាស្ថានភាពស្រុកខ្មែរ គេនៅលែងបានហើយ អ្នកឯងធ្វើនយោបាយគាបគេពេក ធ្វើឲ្យគេមិនអាចនៅជាមួយអ្នកឯងបាន រឿងនេះជារឿងនយោបាយ យើងមកនេះព្រោះរឿងនយោបាយដើម្បីឲ្យអន្តរជាតិដឹងថាស្រុកខ្មែរមន្ត្រីបក្សប្រឆាំងមិនអាចនៅបានទេ ដោយសារការធ្វើទុក្ខបុកម្នេញមន្ត្រីនៅមូលដ្ឋានរហូតដល់ថ្នាក់ជាតិ»។ លោកបញ្ជាក់ថាពួកគេគ្មានបំណងទៅប្រទេសទី ៣ ទេឲ្យតែនយោបាយមានភាពល្អវិញ ពួកគេនឹងវិលទៅធ្វើការវិញហើយ៕

website_news/2018150204.txt · Last modified: 2018/02/15 16:09 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki