website_news:2018150303

អាក្រារួមគ្នាលើកស្ទួយការជ្រើសរើសប្រកបដោយក្រមសីលធម៌ដើម្បីបង្កាទប់ស្កាត់អំពើជួញដូរមនុស្ស

https://www.dap-news.com/kh/ ព្រហស្បតិ៍, ១៥ មិនា ២០១៨ 12:24 ដោយ: ហង្ស ទេព ID:012

ភ្នំពេញ៖ អង្គការជំនួយផ្លូវច្បាប់ ដល់កុមារ និងស្រ្តី បានបើកវគ្គបណ្តុះ បណ្តាល ស្តីពីការជ្រើស រើសពលករ ប្រកបដោយក្រមសីលធម៌ សម្រាប់ទីភ្នាក់ងារឯកជន រយៈពេល២ថ្ងៃ គឺចាប់ពី ថ្ងៃទី១៥-១៦ ខែមីនា ឆ្នាំ២០១៨នេះ។លោកស្រី អ៊ឹង ស៊ាងរិទ្ធី ប្រធានសមាគមទីភ្នាក់ងារ ពលករកម្ពុជា (អាក្រា) បានឱ្យដឹងថា “ការបណ្តុះបណ្តាលនេះធ្វើឡើង ក្នុងគោលបំណង ដើម្បីចូលរួម ជាមួយរាជរដ្ឋាភិបាល ក្នុង ការកាត់បន្ថយការធ្វើចំណាកស្រុក ដោយប្រថុយប្រថាន អំពើជួញដូរមនុស្ស ក៏ដូចជា ធ្វើការ ពង្រឹងការអនុវត្តច្បាប់នៅកម្ពុជា” ។ វគ្គនេះ ធ្វើឡើងក្រោម គម្រោងប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស នៅកម្ពុជា ដែលឧបត្ថម្ភ ថវិកា ដោយទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ តាមរយៈអង្គការ វីនរ៉ក់ អន្តរជាតិ បានចុះហត្ថលេខាលើ អនុស្សារណៈយោគយល់គ្នា ស្តីពី ការពង្រឹងកិច្ច សហប្រតិបត្តិការ លើកស្ទយការជ្រើសរើស ប្រកបដោយក្រមសីលធម៌ ក្នុងចំណោម ទីភ្នាក់ងារជ្រើសរើសឯកជន ជាមួយទីភ្នាក់ងារជ្រើសរើសពលករកម្ពុជា (អាក្រា)។ ក្រៅពីនេះ ក៏ដើម្បីពង្រឹងសមត្ថភាពបន្ថែម ដល់សមាជិកសមាគម អាក្រា នៅក្នុងដំណើរការ ជ្រើស រើសពលករ ប្រកបដោយភាពត្រឹមត្រូវ ស្របជាមួយនិងច្បាប់ អនុក្រិត្យ ប្រកាស បទបញ្ញាតិ គោលនយោបាយ បទដ្ឋានគតិយុត្តិ និងក្រមសីលធម៌របស់សមាគម អាក្រា និងគោលការណ៍នានា ដែលទាក់ទងនឹងការគ្រប់គ្រង លើការជ្រើសរើស បណ្តុះបណ្តាល បញ្ជូន និងគ្រប់គ្រងពលករ ទៅធ្វើការនៅបរទេស។

សមាគម អាក្រា ក៏បានសហការជាមួយ អាយឡូ និងដៃគូរពាក់ព័ន្ធធ្វើសកម្មភាពជាច្រើនទៀត ដើម្បីធ្វើយ៉ាងណាឱ្យមានការការពារ នូវអត្ថប្រយោជន៍ស្របច្បាប់ ជូនសមាជិក សមាគម និង ការការពារអត្ថប្រយោជន៍ ក៏ដូចជាលើកកម្ពស់សិទ្ធិរបស់ពលករខ្មែរ ទៅធ្វើការនៅបរទេស តាមរយៈទីភ្នាក់ងារជ្រើសរើស ពលករឯកជន ពិសេស ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្រ្ត ចតុកោណ របស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ នៅកម្ពុជា។

លោក ហ៊ូ វុឌ្ឍី អនុរដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមាន ប្រសាសន៍ក្នុងពិធីនោះថា មានពលរដ្ឋជាច្រើន ជាពិសេស ប្រទេសដែលមានសេដ្ឋកិច្ច មិនទាន់អភិវឌ្ឍន៍ បាននិងកំពុងយកទេសន្តប្រវេសន៍ការងារ ធ្វើជាមធ្យោបាយសម្រាប់ រំដោះខ្លួនចេញពីភាពក្រីក្រ សម្រាប់កែលំអរកម្រិតជីវភាពគ្រួសារ។ ចំនួនពលករទេសន្តប្រវេសន៍ បាននិងកំពុងកើនឡើងជាលំដាប់ដោយ បានផ្តល់កម្លាំងពលកម្ម ជួយកិច្ចអភិវឌ្ឍន៍ប្រទេស និងទទួលយកមកវិញនូវផលប្រយោជន៍ ខាងសេដ្ឋកិច្ច និង មុខ ជំនាញ ឬ បទពិសោធន៍ការងារ។ ជាមួយគ្នានោះ គេក៏សង្កេតឃើញ ក្នុងចំណោមពួក គេក៏មានអ្នកទទួលរងនូវប្រព្រឹត្តកម្ម ឬ ការរំលោភបំពានផងដែរ។ លោក អនុរដ្ឋលេខាធិការ បញ្ជាក់ថា “រហូតមកដល់បច្ចុប្បន្ន ពលករខ្មែរទាំង២ភេទ បាននិង កំពុងចាកចេញ ទៅធ្វើការនៅបរទេស ដោយស្របច្បាប់ និងមិនស្របច្បាប់ មានប្រមាណ ជាង១លាន១សែននាក់ តាមប្រព័ន្ធវិស័យឯកជន ដែលមានទីភ្នាក់ងារជ្រើសរើស ឯកជនជាង ៧០ ក្រុមហ៊ុន ។

ទន្ទឹមនេះ ការបញ្ជូនទៅប្រទេសកូរ៉េ ដោយប្រព័ន្ធរដ្ឋ និងរដ្ឋ មានពលករ ប្រមាណ៦ម៉ឺននាក់។ ពលករទាំងនោះបានបញ្ជូនប្រាក់មកកម្ពុជាវិញ ប្រមាណជា២ពាន់លាន ដុល្លារ អាមេរិកក្នុង១ឆ្នាំ”។ លោកវាយតម្លៃខ្ពស់ ចំពោះការវគ្គបណ្តុះបណ្តាល ប្រកបដោយ សីលធម៌ សម្រាប់ទីភ្នាក់ ងារជ្រើសរើសពលករ វិស័យឯកជន នាពេលនេះ ពិតជាបានរួមចំណែក ដល់ការលើក ស្ទួយការជ្រើសរើសពលករ ការទប់ស្កាត់អំពើជួញដូរមនុស្ស និងការរំលោភបំពាននានា ពិសេសបានជួយកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ ជាមួយរាជរដ្ឋាភិបាលកម្ពុជា៕

website_news/2018150303.txt · Last modified: 2018/03/15 15:05 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki