website_news:2018150801

បុរសចិន ៧ នាក់ត្រូវបានបញ្ជូនទៅតុលាការរឿងជួញដូរផ្លូវភេទ

https://www.postkhmer.com/ ឃុត សុភចរិយា | Publication date 15 August 2018 | 10:07 ICT

ព្រះសីហនុៈ បុរសជនជាតិចិនចំនួន ៧ នាក់ក្នុងចំណោមបុរស-ស្ត្រីជនជាតិចិន ២៩ នាក់ត្រូវបាននគរបាលខេត្តព្រះសីហនុកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកាលពីម្សិលមិញ ខណៈអ្នកផ្សេងត្រូវបានដោះលែងវិញ បន្ទាប់ពីឃាត់ខ្លួនពាក់ព័ន្ធនឹងបទល្មើសជួញដូរផ្លូវភេទនៅហាងម៉ាស្សាមួយកន្លែងក្នុងក្រុងព្រះសីហនុកាលពីយប់ថ្ងៃចន្ទ។ នេះបើតាមលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុកាលពីម្សិលមិញ។ លោក ណារិន្ទ បានថ្លែងថាកាលពីវេលាម៉ោង ៨:៣០ នាទីយប់ថ្ងៃចន្ទ បន្ទាប់ពីទទួលបានព័ត៌មានពីភ្នាក់ងារសម្ងាត់ថាទីតាំងហាងម៉ាស្សាប៉ាយជីងហាន់កុងនៅក្រុមទី ៨ ភូមិ ១ សង្កាត់ ៣ ក្រុងព្រះសីហនុ មានបង្កប់សេវាកម្មជួញដូរផ្លូវភេទ និងកំពុងធ្វើសកម្មភាពនោះរូបលោកក៏បានស្នើសុំកិច្ចសហការពីលោក កៀង សុទ្ទរោ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ និង បានដឹកនាំកម្លាំងចម្រុះចុះទៅបង្ក្រាបទីតាំងខាងលើដោយបានឃាត់ខ្លួនបុរស-ស្ត្រី ជនជាតិចិន ២៩ នាក់។ លោកបានបញ្ជាក់ថា៖ «ក្រោយការសាកសួរ និងអប់រំណែនាំពីផ្លូវច្បាប់រួចសមត្ថកិច្ចយើងបានសម្រេចដោះលែងពួកគេ២២ នាក់ក្នុងនោះស្ត្រីបម្រើផ្លូវភេទ១៤នាក់ និងបុរសជាភ្ញៀវមកទិញសេវាផ្លូវភេទចំនួន ៨ នាក់ បន្ទាប់ពីពួកគេចុះកិច្ចសន្យាបញ្ឈប់ការប្រកបមុខរបររកស៊ីផ្លូវភេទដែលផ្ទុយនឹងច្បាប់កម្ពុជា»។

លោក ណារិន្ទ បានបន្ថែមថា៖ «ដោយឡែកបុរសជាម្ចាស់ហាង និងបក្ខពួក ៦ នាក់ទៀតត្រូវបានសមត្ថកិច្ចយើងកសាងសំណុំរឿងចោទប្រកាន់ពីបទប្រព្រឹត្តអំពើសញ្ចរកម្ម និងបានបញ្ជូនខ្លួនទៅសាលាដំបូងខេត្តព្រះសីហនុដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់»។ បើតាមលោក ណារិន្ទ បុរសជនជាតិចិនទាំង ៧ នាក់នោះរួមមានឈ្មោះ CHEN ZHIMIN អាយុ ៤១ ឆ្នាំកាន់លិខិតឆ្លងដែនលេខ ED៤៧៤៧៩៣១ ជាម្ចាស់ហាងម៉ាស្សាប៉ាយជីងហាន់កុង,WU XIANGY-UN អាយុ ៤៨ ឆ្នាំ កាន់លិខិតឆ្លងដែនលេខ ED៣៨៥៨៥៣១ ជាអ្នកគិតលុយ,XU FEI អាយុ ២៩ ឆ្នាំ កាន់លិខិតឆ្លងដែនលេខ ED៥៨៥៨២៧៣ ជាមេការ, ZHU-ANG FEI YUN អាយុ ៣៧ ឆ្នាំកាន់លិខិតឆ្លងដែនលេខ ED៨៩១៣២៧១ ជាអ្នកបើកឡានជូនភ្ញៀវ,C-HEN GANG អាយុ ៣៥ ឆ្នាំជាអ្នកទិញអីវ៉ាន់,ZHA-NG BING អាយុ ២៧ ឆ្នាំ កាន់លិខិតឆ្លងដែនលេខ G៥៩៣៨-៧៥១៩ និងម្នាក់ទៀតឈ្មោះ SHI YOUDAN អាយុ ៣៦ ឆ្នាំ កាន់លិខិតឆ្លងដែនលេខ ED៦៦៧០០៥៨ ជាអ្នកចែកខិត្តប័ណ្ណផ្សព្វផ្សាយ។ ពួកគេទាំង ៧ នាក់បានមកជួលផ្ទះស្នាក់នៅបណ្ដោះអាសន្ន និងបើកហាងម៉ាស្សាបង្កប់សេវាផ្លូវភេទ។ លោកបានប្រាប់ទៀតថា ការបង្ក្រាបនេះសមត្ថកិច្ចក៏បានរឹបអូសវត្ថុតាងមួយចំនួនពាក់ព័ន្ធនឹងអាជីវកម្មផ្លូវភេទផងដែរ ក្នុងនោះរួមមានស្រោមអនាម័យប្រើប្រាស់រួច និងមិនទាន់ប្រើប្រាស់ជាច្រើនប្រអប់ឧបករណ៍ជំនួយក្នុងការរួមភេទ (បាល់ខ្យល់, ជើងទ្រធំ, ជើងទ្រតូច) និងទូរស័ព្ទដៃ ១៣ គ្រឿង។

កាលពីរសៀលថ្ងៃម្សិលមិញពួកគេទាំង ៧ នាក់ត្រូវបានសមត្ថកិច្ចនគរបាលខេត្តព្រះសីហនុបញ្ជូនខ្លួនទៅដល់សាលាដំបូងខេត្តព្រះសីហនុ ហើយតុលាការកំពុងបន្តនីតិវិធីស៊ើបសួរ។ នេះបើតាមលោកព្រះរាជអាជ្ញារង កៀង សុទ្ទរោ ដែលកាន់សំណុំរឿងនេះ។ លោកបានបញ្ជាក់ថា៖ «ពេលនេះជនសង្ស័យទាំង ៧ នាក់បានបញ្ជូនមកដល់ស្ថាប័នអយ្យការអមសាលាដំបូងខេត្តព្រះសីហនុហើយ ហើយយើងកំពុងបន្តសួរចម្លើយពួកគេទៅតាមនីតិវិធីច្បាប់»៕

website_news/2018150801.txt · Last modified: 2018/08/15 15:35 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki