website_news:2018160102

ស្ដ្រីខ្មែរមួយចំនួនជ្រើសរើសការធ្វើចំណាកស្រុកដើម្បីជីវភាពគ្រួសារ

http://wmc.org.kh/ ថ្ងៃចន្ទ ទី១៥ ខែមករា ឆ្នាំ២០១៨ លៀ ស៊ីណា

ភ្នំពេញ ៖ ស្ដ្រីខ្មែរភាគច្រើននៅតែជ្រើសរើសការធ្វើចំណាកស្រុក ដើម្បីរកប្រាក់ផ្គត់ផ្គង់ជីវភាពគ្រួសារ បើទោះអ្នកខ្លះធ្លាប់បានជួបប្រទះការធ្វើទុក្ខបុកម្នេញពេលដែលទៅធ្វើការនៅក្រៅប្រទេស។ ស្ដ្រីខ្មែរ មិនថាអ្នកមិនទាន់រៀបការ ឬអ្នករៀបការហើយនោះទេ ពួកគេបានសម្រេចចិត្ដចាកចេញពីប្រទេសកំណើតរបស់ខ្លួន ដើម្បីទៅធ្វើការងារនៅក្រៅប្រទេស បំណងរកប្រាក់ចិញ្ចឹមកូន និងឪពុក ម្ដាយ។ ពួកគេបានអះអាងថា បើទោះជាការងារលំបាកយ៉ាងណា ក៏អាចធ្វើបានដែរ ឲ្យតែកូនបានរៀន និងឪពុកម្ដាយ បានរួចផុតការលំបាកខ្វះមុខ ខ្វះក្រោយ។

ខណៈនេះយន្តហោះមួយបានរំកិលខ្លួនបន្តិចម្ដងៗ មករកទីតាំងមួយដើម្បីដឹកអ្នកដំណើរដែលត្រូវទៅកាន់ទីក្រុងហុងកុង ដែលជាតំបន់សេដ្ឋកិច្ចស្វយ័តរបស់ ប្រទេសចិន។ ពេលនេះហើយ ជាការចាកចេញរបស់ពលការិនីខ្មែរ ត្រូវឡើងយន្តហោះនេះ ទៅធ្វើការងារតាមផ្ទុះនៅទីក្រុងពាណិជ្ជកម្មដ៏ធំនៅអាស៊ីមួយនេះ។

កាលពីថ្ងៃទី២៧ ធ្នូឆ្នាំ២០១៧ កម្មការិនីខ្មែរជាង ១០នាក់ ត្រូវបានបញ្ជូនទៅកាន់ទីក្រុងហុងកុង ជាលើកដំបូងដើម្បីធ្វើការជាជំនួយការមេផ្ទះ។ តែទោះជាការបញ្ជូនស្ដ្រីខ្មែរទៅធ្វើការងារនៅទីក្រុងហុងកុង ជាលើកដំបូងក្ដី ក៏ប៉ុន្ដែវាមិនមែនជាលើកទី១ទេ ដែលកម្ពុជា អនុញ្ញាតឲ្យពលរដ្ឋ ចេញទៅធ្វើការនៅក្រៅប្រទេស។ ក្រៅពីទីក្រុងហុងកុង កម្ពុជា ក៏បានអនុញ្ញាតឲ្យស្ដ្រីខ្មែរ ទៅធ្វើការងារនៅប្រទេសកូរ៉េ ថៃ ម៉ាឡេស៊ី សិង្ហបុរី និងប្រទេសជប៉ុនផងដែរ។

អ្នកស្រី ស៊ិម សារ៉េត មានស្រុកកំណើតមកពីខេត្ដកំពង់ចាម ដែលបច្ចុប្បន្នអ្នកស្រីមានអាយុ ៣៣ឆ្នាំ។ អ្នកស្រីឈររង់ចាំនៅខាងមុខព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ ជាទីដែលអ្នកស្រីរង់ចាំចេញដំណើរតាមយន្ដហោះ ឆ្ពោះទៅកាន់ទីក្រុងហុងកុង ជាទឹកដីដែលអ្នកស្រី ត្រូវទៅធ្វើការជាជំនួយការមេផ្ទះ។ អ្នកស្រី បានផ្ដល់សម្ភាសន៍ឲ្យវិទ្យុស្ដ្រីដឹងថា មូលហេតុដែលអ្នកស្រីសម្រេចចិត្ដទៅធ្វើការងារក្រៅប្រទេស ពីព្រោះតែកត្ដាប្រាក់បៀវត្ស ។ អ្នកស្រី បន្ដថា ប្រាក់បៀវត្សដែលអ្នកស្រីធ្វើការងារតាមរោងចក្រក្នុងស្រុកខ្មែរ គឺមិនគ្រប់គ្រាន់សម្រាប់ការផ្គត់ផ្គង់ តម្រូវការប្រចាំថ្ងៃរបស់អ្នកស្រី នឹងកូនៗបានទេ។ អ្នកស្រី សារ៉េត រំពឹងថា ការទៅធ្វើការងារនៅក្រៅប្រទេសនេះ នឹងអាចធ្វើឲ្យជីវភាពគ្រួសាររបស់អ្នកស្រីបានល្អប្រសើរជាងសព្វថ្ងៃ។ អ្នកស្រី ស៊ិម សារ៉េត ៖«មកពីជីវភាពខ្ញុំខ្វះខាត ហើយជីវភាពវាខ្សត់ខ្សោយ ហើយទៅវាបានប្រាក់ខែខ្ពស់ អញ្ចឹងបានចង់ទៅហ្នឹង ហើយទៅហ្នឹងរំពឹងថា ខ្ញុំទៅធ្វើការឲ្យគេបានមួយអាណត្ដិពីរឆ្នាំហ្នឹង យកប្រាក់មកផ្គត់ផ្គង់ជីវភាពគ្រួសារខ្ញុំ»។

ដូចគ្នាដែរ សម្រាប់អ្នកស្រី ផេង សុជា អាយុ ២៨ឆ្នាំ មានស្រុកំណើតមកពីខេត្ដកំពង់ធំ អ្នកស្រីជាកម្មការិនីម្នាក់ក្នុងចំណោមកម្មការិនីជាច្រើនទៀត ដែលកំពុងរង់ចាំដើម្បីធ្វើដំណើរទៅកាន់គោលដៅ នៃការស្វែងរកថវិកាផ្គត់ផ្គង់ជីវភាពឪពុកម្ដាយ ដែល រស់នៅក្នុងភាពក្រីក្រនៅឯស្រុក។ អ្នកស្រី សុជា បានលើកហេតុផលចំនួន ៣ចំណុ ដែលជំរុញទឹកចិត្ដអ្នកស្រីឲ្យសម្រេចចិត្ដ ដាក់ពាក្យទៅបម្រើការងារនៅក្រៅប្រទេស។ អ្នកស្រី ផេង សុជា ៖«ខ្ញុំចង់ទៅ ដោយសារទី១ ជាចំណុចល្អគឺវាមានប្រាក់ខែខ្ពស់ ទី២ ខ្ញុំមានជំនឿចិត្ដលើរាជរដ្ឋាភិបាល ទី៣ គឺក្រសួងការងារ តម្រូវឲ្យខ្ញុំទៅដោយមិនមានការបង្ខិតបង្ខំពីក្រុមហ៊ុន។ លើសពីនេះក្រុមហ៊ុន ក៏បានណែនាំល្អៗជាច្រើនសម្រាប់ពួកខ្ញុំ មុនពេលខ្ញុំទៅ»។

ការងារនៅក្រៅប្រទេស គឺមិនថាផ្នែកអ្វីនោះទេ ពិតណាស់ កម្រៃគឺបានខ្ពស់ជាងក្នុងស្រុកទ្វេគុណ ព្រោះតែកម្រៃខ្ពស់នេះហើយ ទើបធ្វើឲ្យស្ដ្រីខ្មែរភាគច្រើន តែងតែមានចិត្ដចង់ទៅរកការងារធ្វើនៅក្រៅ ដោយសង្ឃឹមថា ក្រោយវិលមកវិញ ឪពុក ម្ដាយ របស់ពួកគេ នឹងបានរស់នៅសុខ ស្រួល មិនហត់នឿយ និងលំបាកដូចបច្ចុប្បន្ន។ ស្ដ្រីភាគច្រើន សុខចិត្ដលំបាកខ្លួនឯង ឲ្យតែគ្រួសារពួកគេ ចៀសផុតពីក្ដីទុក្ខ។ តែយ៉ាងនេះ ស្ត្រីខ្មែរ ធ្វើការនៅតាមផ្ទះ នៃប្រទេសខ្លះ តែងធ្លាក់ចូលក្នុងស្ថានភាព រងទុក្ខទោស ហើយត្រូវបង្ខំចិត្ត ត្រឡប់មកវិញ ដោយមិនសល់ប្រាក់កាក់អ្វីឡើយ ដោយសារការងាររបស់ពួកគេ មិនមានការច្បាប់ការពារ ឬ ក៏ពុំមានកិច្ចព្រមព្រៀងជាក់លាក់ ពីរដ្ឋាភិបាលនៃប្រទេសទាំង២ ។ កាលពីជាង ១០ឆ្នាំមុន ស្ដ្រីខ្មែរភាគច្រើន ត្រូវបានមេខ្យល់បោក យកទៅលក់ ឲ្យធ្វើការងារនៅក្រៅប្រទេស និងខ្លះទៀតត្រូវបានមេខ្យល់នាំយកទៅលក់ឲ្យធ្វើប្រពន្ធឬបម្រើសេវាផ្លូវភេទ ដែលករណីនេះ នាំឱ្យរដ្ឋាភិបាល កម្ពុជា សើរើច្បាប់ របស់ខ្លួននិង ពិនិត្យកិច្ចព្រមព្រៀងទ្វេភាគីឡើងវិញ។

ចំណុចនេះ មិនមែនអ្នកស្រី សុជា មិនធ្លាប់ឮ នោះទេ ក៏ប៉ុន្ដែអ្នកស្រីគិតថា កាលពីមុននឹងបច្ចុប្បន្ននេះ គឺមិនដូចគ្នាឡើយ ដោយអ្នកស្រីបន្ដថា ការសម្រេចចិត្ដទៅធ្វើការងារក្រៅប្រទេសរបស់អ្នកស្រីនេះ គឺនឹងមិនមានបញ្ហាត្រូវបានគេបោកបញ្ឆោតដូចកាលពីមុនឡើយ ព្រោះតែសព្វថ្ងៃនេះ មានការផ្សព្វផ្សាយជាច្រើនអំពីព័ត៌មាន ពីការងារ ចំណាកស្រុកទៅធ្វើការងារក្រៅប្រទេស រួមផ្សំនឹងព័ត៌មានមួយចំនួនទៀត ដែលអ្នកស្រីទទួលបានតាមបណ្ដាញសង្គមហ្វេសប៊ុក។ អ្នកស្រី ផេង សុជា ៖«ទី១ ខ្ញុំគិតថា ពេលហ្នឹងមកពីគាត់អត់បានដឹង ហើយភាគច្រើនកើតឡើងនៅតាមភូមិ។ តែឥឡូវគេដឹងច្រើនហើយ ដោយសារយើងមានសង្គមហ្វេសប៊ុក ហើយទី២ មានបណ្ដាញផ្សព្វផ្សាយជាច្រើនដែលគេផ្សព្វផ្សាយ»។

ចំណែកអ្នកស្រី ឈិន សុធារី ដែលកំពុងត្រៀមខ្លួនធ្វើដំណើរទៅកាន់ទីក្រុងហុងកុងដូចគ្នាទៅកម្មការិនីទាំងពីររូបនេះដែរ បាននិយាយថា អ្នកស្រីធ្លាប់ជាកម្មការិនីមួយរូប ដែលបានទៅធ្វើការងារជាជំនួយការមេផ្ទះ នៅប្រទេសម៉ាឡេស៊ី រយៈពេល៥ឆ្នាំ។ អ្នកស្រី បានជួបផលលំបាកជាច្រើន ពីការធ្វើទុក្ខបុកម្នេញ ការប្រើឲ្យធ្វើការស្ទើរតែ រកពេលឈប់សម្រាកគ្មាន និងការទទួលបានប្រាក់បៀវត្សមិនគ្រប់ចំនួន ក្រោយពេលអ្នកស្រី វិលមកស្រុកកំណើតវិញ។ តែយ៉ាងណាអ្នកស្រី ទទួលស្គាល់ថា កាលពីពេលដែលអ្នកស្រី ចេញទៅធ្វើការងារនៅក្រៅប្រទេសកាលនោះ អ្នកស្រីមិនបានដឹងព័ត៌មានអ្វីឡើយ ហើយការចាកចេញរបស់អ្នកស្រី គឺធ្វើទៅតាមតែការឮតៗគ្នា តែប៉ុណ្ណោះ។

អ្នកស្រី ឈិន សុធារី ៖«ខ្ញុំធ្វើការងារនៅជាមួយថៅកែរហូត ជូនកាលជួតផ្ទះគាត់អីហើយអញ្ចឹងទៅ គាត់យកទៅជួតផ្ទះបងប្អូនគាត់ ម្ង៉ៃលាងឡាន ៤ ទៅ៥ ថ្ងៃអាទិត្យ មុជទឹកឲ្យឆ្កែទៀត។ ពេលទំនេរអញ្ចឹង អាទឹកមាត់ត្រចៀកកាំហ្នឹងគាត់ឲ្យខ្ញុំអង្គុយបេះទឹកមាត់ត្រជៀកកាំហ្នឹងទៀតទៅ ជួនកាលខ្ញុំចូលដេកម៉ោង ១០ ម៉ោងអីទៅ»។ ក្ដីទុក្ខវេទនា ដែលបានឆ្លងកាត់ព្រោះតែការចំណាកស្រុកដោយប្រថុយប្រថាននេះ បានធ្វើឲ្យអ្នកស្រី សុធារី មានអារម្មណ៍ខ្លាចរអានៅពេលដែលឮដំណឹងពីការបញ្ជូនពលករទៅធ្វើការងារក្រៅប្រទេសម្ដងៗ។ ក៏ប៉ុន្ដែស្ដ្រីរូបនេះ នៅតែមានបំណងចង់ចេញទៅក្រៅប្រទេសដើម្បីរកការងារធ្វើការ ទទួលបានប្រាក់កម្រៃខ្ពស់យកមកផ្គត់ផ្គង់ជីវភាពគ្រួសារ។

អ្នកស្រី បានសម្រេចចិត្ដជាថ្មីទៀត ដើម្បីទៅធ្វើការងារនៅក្រៅប្រទេស ក្រោយពីកញ្ញាបានចំណាយពេល ៣ខែ ចូលសិក្សាវគ្គបណ្ដុះបណ្ដាលពីក្រុមបញ្ជូនពលករទៅក្រៅប្រទេស ដែលមានក្រសួងការងារ ជាសេនាធិការ។ អ្នកស្រីបាននិយាយថា ការទៅកាន់ទីក្រុងហុងកុងលើកនេះ នាងរំពឹងថា នឹងមិនជួបបញ្ហាអកុសលដូចកាលពីទៅប្រទេសម៉ាឡេស៊ីនោះទេ។ អ្នកស្រី ឈិន សុធារី ៖«ខ្ញុំអត់មានគិតថា ស្ថានភាពដូចកាលទៅម៉ាឡេទៀតទេ ព្រោះថាកាលទៅម៉ាឡេខ្ញុំអត់ដែលបានចូលក្រសួងការងារ បានមកជួបបងៗអញ្ចឹងទេ។ កាលទៅហ្នឹងគឺទៅហោះនៅស្រុកយួនឯណោះ ទៅហោះនៅស្រុកយួនហ្នឹង ជិះឡាន ទម្រាំទៅដល់ល្ងាច។ កាលទៅហ្នឹងអត់មានបានទៅជួបសម្ភាសន៍អីទេ តែដល់មកហ្នឹងគឺហ្នឹងធឹង ដូចថាបានជួបក្រសួងជួបអី ដែលគេណែនាំយើងថា ក្រុមហ៊ុនហ្នឹង គឺស្របច្បាប់ស្របអីអញ្ចឹង»។

ស្ដ្រីខ្មែរ បានចាកចេញពីភូមិកំណើត ដើម្បីទៅធ្វើការនៅក្រៅប្រទេស អ្នកខ្លះធ្វើការងារដោយបានផលល្អ ដែលមិនមានការធ្វើបាប ឬកេញប្រវ័ញ្ចកម្លាំងពលកម្មអ្វីឡើយ។ ក៏ប៉ុន្ដែស្ដ្រីខ្មែរខ្លះទៀត បានចេញទៅធ្វើការងារក្រៅប្រទេស ត្រូវបានថៅកែ ធ្វើបាប នឹងស្ដ្រីខ្លះទៀត ត្រូវបានម្ចាស់ផ្ទះធ្វើទារុណកម្ម និងចាប់រំលោភជាដើម។ ជាក់ស្ដែងកាលពីឆ្នាំ២០១១ ប្រទេសកម្ពុជា បានសម្រេចបញ្ឈប់ការបញ្ជូនស្ដ្រីខ្មែរ ទៅបម្រើតាមផ្ទះនៅប្រទេសម៉ាឡេស៊ី ក្រោយពេលដែលមានរបាយការណ៍ នឹងបណ្ដឹងជាច្រើន ដែលបង្ហាញពីការរំលោភសិទ្ធិការងារ ការធ្វើទុក្ខបុកម្នេញ ការបង្ខំរំលោភ និងការធ្វើទារុណកម្មរ លើស្ដ្រីខ្មែរ ពីសំណាក់ម្ចាស់ផ្ទះ។

តែយ៉ាងណាការបញ្ជូនស្ដ្រីខ្មែរ ទៅបម្រើតាមផ្ទះ ជាជំនួយការមេផ្ទះនៅទីក្រុងហុងកុង លើកដំបូងនាពេលនេះ ត្រូវបានលោក ងុយ រិទ្ធ អគ្គនាយករង នៃអគ្គនាយកដ្ឋានការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រាប់អ្នកសារព័ត៌មាន នៅអាកាយានដ្ឋានអន្ដរជាតិភ្នំពេញ មុនពេលនាំកម្មការិនី ចេញទៅកាន់ទីក្រុងហុងកុងថា ស្ដ្រីខ្មែរ ដែលទៅបម្រើការងារ នៅទីក្រុងហុងកុងនេះ ពួកគេនឹងមិនជួបបញ្ហាដូចកាលពីទៅប្រទេសម៉ាឡេស៊ីឡើយ។ លោកអះអាងថា ទីក្រុងហុងកុង មានការអនុវត្ដច្បាប់តឹងរ៉ឹង នឹងបានផ្ដល់សិទ្ធិពេញលេញដល់ពលករក្រៅប្រទេស ដូចទៅនឹងពលរដ្ឋ របស់គេដែរ។

លោក ងុយ រិទ្ធ ៖«ច្បាប់របស់ហុងកុង គឺផ្ដល់សិទ្ធិសេរីភាព ហើយនឹងការការពារពលករបរទេសហ្នឹង ដូចពលកររបស់ហុងកុងហ្នឹង ហើយពលកររបស់ប្រទេសដទៃ គឺមានសិទ្ធិស្នើគ្នា គឺដូចគ្នា មិនខុសគ្នាទេ»។ តែយ៉ាងណាកាលពីខែធ្នូ ឆ្នាំ២០១៧ កន្លងទៅនេះ ទីភ្នាក់ងារសារព័ត៌មានអន្ដរជាតិ រ៉យទ័រ បានចេញផ្សាយអត្ថបទមួយ ដោយសរសេរថាពលករហ្វីលីពិនភាគច្រើនបំផុតបានទទួលរងការធ្វើបាប ការរំលោភសិទ្ធិការងារពីក្រុមម្ចាស់ផ្ទះនៅទីក្រុងហុងកុង។កាលពីចុងឆ្នាំ២០១៧ ក្នុងរបាយការណ៍រួមគ្នារបស់អង្គការពលកម្មអន្តរជាតិ ហៅកាត់ថា (ILO) និងអង្គការទេសន្តរប្រវេសន៍អន្តរជាតិ ហៅកាត់ថា (IOM) បានរកឃើញថា ពលករចំណាកស្រុកខ្មែរ ៨នាក់ក្នុងចំណោម ១០នាក់ត្រូវបានរំលោភបំពានសិទ្ធិការងារ និង ៧នាក់ក្នុងចំណោម ១០នាក់ បានកើតជំងឺផ្លូវចិត្ត។ ពលករខ្មែរចំណាកស្រុកទៅក្រៅប្រទេសត្រូវបានឲ្យដឹងថា មានចំនួន ១លាន ១សែន ៥ម៉ឺននាក់ ដែលក្នុងចំនួននេះ ពលរដ្ឋខ្មែរមានវត្ដមាននៅប្រទេសថៃជាង១លាននាក់។ តាមរបាយការណ៍ដដែលនេះ ពលការិនីបម្រើការងារតាមផ្ទះ ត្រូវបានរំលោភសិទ្ធិការងារ និងជួបប្រទះការកើតជំងឺផ្លូវចិត្តធ្ងន់ធ្ងរក្រោយពេលពួកគេត្រឡប់មកកាន់ទឹកដីកំណើតវិញ។

លោក អំ សំអាត មន្ដ្រីជាន់ខ្ពស់ផ្នែកស៊ើបអង្កេតអង្គការសម្ព័ន្ធ ខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ ធ្លាប់បានប្រាប់វិទ្យុស្ដ្រីកន្លងទៅនេះថា ក្នុងនាមសង្គមស៊ីវិលដែលធ្វើការងារការពារសិទ្ធិមនុស្សនៅកម្ពុជា លោកនៅតែមានក្ដីបារម្ភពីសុវត្ថិភាពស្ដ្រីខ្មែរ ដែលត្រូវបាននាំទៅធ្វើការងារជាជំនួយការមេផ្ទះនៅក្រៅប្រទេស។ តាមមន្ដ្រីជាន់ខ្ពស់អង្គការលីកាដូដដែលបានបន្ដថា ស្ដ្រីខ្មែរដែលទៅធ្វើការងារនៅក្រៅប្រទេស ភាគច្រើនតែងតែរងទុក្ខបុកម្នេញ ការរំលោភបំពានសិទ្ធិ និងផ្លូវភេទ។

ទន្ទឹមនឹងមានបទពិសោធន៍ជាច្រើនជុំវិញ ពីការរំលោភបំពានសិទ្ធិ មកលើស្ដ្រីខ្មែរ ដែលចេញទៅបម្រើការងារជាជំនួយការមេផ្ទះ នៅក្រៅប្រទេសដូចនេះ។ ចំពោះការបញ្ជូនស្ដ្រីខ្មែរ ទៅកាន់ទីក្រុងហុងកុង ជាលើកនេះ ក្នុងឆ្នាំ២០១៧ ក្រុមហ៊ុន អេលីត មេនផាវ័រ អេជិនស៊ី និងក្រុមហ៊ុន អ៊ឹងរិទ្ធីគ្រុប ដែលជាក្រុមហ៊ុនស្វែងរកការងារឲ្យពលករខ្មែរ ធ្វើនៅក្រៅប្រទេស បានអះអាងថា ការបញ្ជូនស្ដ្រីខ្មែរទៅធ្វើការងារនៅក្រៅប្រទេសនេះ នឹងមិនមានបញ្ហារំលោភសិទ្ធិ ឬក៏បញ្ហាជាផលអាក្រក់អ្វីផ្សេងៗកើតឡើងនោះទេ។ ក្រុមហ៊ុនបានបញ្ជាក់ថា ព្រោះតែការបញ្ជូនទៅនេះ គឺមានការដឹងឮ នឹងមានកិច្ចសន្យាត្រឹមត្រូវ ទាំងភាគីក្រសួងការងារកម្ពុជា និងភាគីអាជ្ញាធរ នៃទីក្រុងហុងកុង។

ដោយសារ តែមានទំនុកចិត្តដូចនេះហើយ បានជា ម្ដាយ ឪពុក និងគ្រូសារដែលជូនដំណើរកូនឡើងយន្តហោះទៅធ្វើការនៅ ក្រុងហុងកុងម្នាក់ៗហាក់មានទំនុកចិត្តជាងមុនដែលថា កូនស្រីរបស់ខ្លួននឹងរស់នៅ និងធ្វើការងារតាមផ្ទះនៅក្រុងហុងកុង នឹងប្រកបដោយសុវត្ថិភាព និងជួយផ្ដល់ប្រាក់ចំណូល មកឲ្យគ្រួសារនៅប្រទេសកំណើត៕

website_news/2018160102.txt · Last modified: 2018/01/16 13:18 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki