website_news:2018160204

បរទេស ២ នាក់ទៀត ពាក់ព័ន្ធផលិតរូបអាសអាភាស ត្រូវដោះលែងនិងបណ្តេញចេញ

http://www.postkhmer.com/ គង់ មេត្ដា | Publication date 15 February 2018 | 17:52 ICT

ភ្នំពេញុៈ ជនបរទេស ២ នាក់ទៀត ត្រូវបានដោះលែងឲ្យនៅក្រៅឃុំ ហើយបានបណ្ដេញចេញពីប្រទេសកម្ពុជា កាលពីដើមសប្តាហ៍។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យតុលាការ និង មេធាវីរបស់ពួកគេ នៅថ្ងៃនេះ។ ពួកគេ ស្ថិតក្នុងចំណោម ជនបរទេស ១០ នាក់ ដែលត្រូវបានចាប់ខ្លួន ទាក់ទិននឹងបទចោទថា «ផលិតរូបភាពអាសអាភាស» កាលពីថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០១៨ នៅភូមិគ្រួស សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប។ កាលពីសប្តាហ៍មុន ពួកគេចំនួន ៧ នាក់ ត្រូវបានដោះលែង ហើយបានបណ្តេញចេញទៅកាន់ប្រទេសរបស់ពួកគេវិញផងដែរ។

លោក យិន ស្រាង អ្នកនាំពាក្យសាលាដំបូងខេត្ត សៀមរាប បានប្រាប់ភ្នំពេញប៉ុស្តិ៍ នៅថ្ងៃនេះថា អ្នកទាំងពីរ ត្រូវបានដោះលែងកាលពីថ្ងៃចន្ទ ទី ១២ និងចាកចេញពីកម្ពុជា នៅថ្ងៃអង្គារ ទី១៣ ខែកុម្ភៈនេះហើយ។ សរុបមក ជនបរទេសចំនួន ៩ នាក់រួចហើយ បានចាកចេញពីកម្ពុជា។

ចំណែកមេធាវី អ៊ុច សុភត្រា ដែលការពារក្តីឲ្យបរទេសទាំង ១០ នាក់ បានឲ្យដឹងថា កូនក្តីចំនួន ២ នាក់ ដែលទទួលបានការដោះលែងឲ្យនៅក្រៅឃុំ មានសញ្ជាតិ ន័រវែស និងហូឡង់។ ពួកគេ បានត្រឡប់ទៅកាន់ប្រទេសវិញ តាំងពីថ្ងៃអង្គារ ទី១៣ ខែកុម្ភៈ។ លោកថា៖«ដូច្នេះ កូនក្តីរបស់ខ្ញុំ នៅក្នុងឃុំខ្លួនឯពន្ធនាគារ គឺសល់តែម្នាក់ប៉ុណ្ណោះ»។មូលហេតុដែលលោក មិនបានដាក់សុំកូនក្តីម្នាក់នេះ នៅក្រៅឃុំ គឺដោយសារមានរបាយការណ៍ថា គាត់ជាអ្នករៀបចំកម្មវិធីជប់លៀងនោះ។

website_news/2018160204.txt · Last modified: 2018/02/16 13:12 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki