website_news:2018160205

ថៃប្រើបច្ចេកវិទ្យាថតភ្នែករបស់កម្មករបម្រើការ លើទូតនេសាទ ក្នុងសមុទ្រ

http://km.rfi.fr/asia/ ដោយ ឈាង បុប្ផា 15/02/2018

នៅក្នុងឱកាសអបអរកំណែទម្រង់ នៅក្នុងផ្នែកឧស្សាហកម្មនេសាទសមុទ្រ រដ្ឋមន្រ្តីក្រសួងការងារថៃ នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ បានលើកឡើងថា ក្រសួងបានប្រើបច្ចេកវិទ្យាថតភ្នែករបស់កម្មករលើទូកនេសាទ ក្នុងក្របខ័ណ្ឌនៃការចុះឈ្មោះពលករ ដែលបម្រើការក្នុងវិស័យឧស្សាហកម្មនេសាទថៃ។ នៅពីឆ្នាំ ២០១៥ សហភាពអឺរ៉ុបបានគំរាមលែងឲ្យនាំចូលគ្រឿងសមុទ្រពីប្រទេសថៃ បើសិនអាជ្ញាធរថៃមិនព្រមលុបបំបាត់ទាសភាព និងការជួញដូរមនុស្ស ដែលអង្គការការពារសិទ្ធិមនុស្សបានលើកឡើងថា នៅតែបន្តកើតមានទៅលើកម្មករដែលធ្វើការលើទូកនេសាទថៃ។

ក្នុងជំនួបដ៏ខ្លីជាមួយអ្នកកាសែត នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ រដ្ឋមន្រ្តីក្រសួងការងារថៃ បាននិយាយថា តាំងពីខែតុលាឆ្នាំមុន គេបានប្រើបច្ចេកវិទ្យាថតភ្នែករបស់កម្មករប្រមាណ ៧ម៉ឺននាក់ ដែលកំពុងធ្វើការនៅលើទូកនេសាទថៃ។ នេះជាផ្នែកមួយនៃការចងក្រងទិន្នន័យ ដែលនឹងអាចជួយគេកំណត់អត្តសញ្ញាណ របស់ពលករដែលបម្រើការនៅក្នុងវិស័យឧស្សាហកម្មនេសាទ។ ក្រៅតែពីប្រើបច្ចេកវិទ្យាថតភ្នែក អាជ្ញាធរថៃ គ្រោងនឹងចុះប្រមូលផងដែរ ក្រយៅដៃ និងថតមុខកម្មករនៅលើទូកនេសាទ។

លោក ពេតចារ៉ាត ស៊ីណយ Petcharat Sinauy អនុលេខាអចិន្រ្តៃយ៍របស់ក្រសួងការងារវិញបានអះអាងថា បច្ចេកវិទ្យាបានជួយឲ្យអាជ្ញាធរចុះស្រង់ដោយប្រសិទ្ធិភាព តួលេខកម្មករដែលបម្រើការនៅលើទូកនេសាទថៃ។ ការថតមុខ ឬថតភ្នែករបស់កម្មករ ធ្វើឡើងដើម្បីឲ្យគេច្បាស់ក្នុងចិត្តថា កម្មករធ្វើការតែនៅលើទូកមួយ ដែលគេបានចុះឈ្មោះ ប៉ុន្តែ មិនអាចទៅធ្វើការនៅលើទូកមួយទៀត ក្នុងពេលតែមួយនោះទេ។ យុទ្ធនាការនេះធ្វើឡើងដើម្បីទប់ស្កាត់ការលក់ ជួញដូរកម្មករបរទេស ក្នុងចំណោមម្ចាស់ទូកនេសាទថៃ។

ជំនួញផ្នែកនេសាទថៃ ជាប់ចំណាត់ថ្នាក់លេខ ៤ ធំលើលោក ប៉ុន្តែពឹងអាស្រ័យខ្លាំងទៅលើកម្លាំងពលករបរទេសមកពីប្រទេសកម្ពុជា ភូមា និងឡាវ។ នៅឆ្នាំ ២០១៥ សហភាពអឺរ៉ុបបានចេញកាតលឿងព្រមានលែងឲ្យនាំចូលគ្រឿងសមុទ្រ ពីប្រទេសថៃ នៅក្រោយរបាយការណ៍របស់អង្គការការពារសិទ្ធិមនុស្សបានលើកឡើងពីការរំលោភសិទ្ធិមនុស្ស ការលក់ដូរកម្មករ និងអំពើហិង្សា ទៅលើកម្មករអន្តោប្រវេសន៍ នៅលើទូកនេសាទថៃ។ នៅឆ្នាំ ២០១៦ គេវាយតម្លៃថា ការនាំចេញ គ្រឿងសមុទ្រថៃ ទៅអឺរ៉ុប មានតម្លៃ ៤២៧លានអឺរ៉ូ។

រដ្ឋាភិបាលរបបសឹកថៃ បានចាប់បើកការបង្រ្កាបដោយចាប់ឃាត់ខ្លួនជនសង្ស័យជួញដូរមនុស្ស១០០នាក់ និងបានរំដោះជនរងគ្រោះ១៦០នាក់។ នៅក្នុងរបាយការណ៍របស់ខ្លួនចេញផ្សាយនៅខែមករាមុន អង្គការ Human Rights Watch បានវាតយម្លៃថា នៅ៣ឆ្នាំក្រោយនៃការដាក់សម្ពាធពីសហភាពអឺរ៉ុប សកម្មភាពបង្រ្កាបរបស់អាជ្ញាធរថៃ ផ្តល់លទ្ធផលបានតិចតួច និងថា អំពើហិង្សា ការកេងកម្លាំង បង្ខំឲ្យកម្មករអន្តោប្រវេសន៍ ធ្វើការ គ្មានស្គាល់យប់ថ្ងៃ និងក្នុងតម្លៃពលកម្មដ៏ទាប នៅតែបន្តមាន លើទូកនេសាទថៃ។

នៅឆ្នាំ២០១៤ និងឆ្នាំ២០១៥ អត្ថបទអង្កេតរបស់កាសែតអង់គ្លេស The Guardian និងទីភ្នាក់ងារអាមេរិកាំង Associated Press បានបង្ហាញថា ជារឿយៗជនអន្តោប្រវេសន៍ដែលមកពីភូមា កម្ពុជាជាដើមបាន ចាញ់បោកមេខ្យល់ ធ្លាក់ក្នុងអន្ទាក់ របស់ពួកឈ្មួញជួញដូរ មនុស្ស ដែលបានលក់ពួកគេ ទៅឲ្យម្ចាស់ទូកនេសាទថៃ។ សាក្សីជាច្រើនបាននិយាយថា នៅពេលកម្មករបរទេស បានឡើងដល់ទូក ពួកគេត្រូវចាត់ទុកជាទាសករ ដែលអាចត្រូវម្ចាស់ទូក វាយធ្វើបាប ឬក៏អាចត្រូវគេសម្លាប់ បំបិទដាន ទៅក្នុងទឹកសមុទ្រ៕

website_news/2018160205.txt · Last modified: 2018/02/16 13:15 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki