website_news:2018160301

រដ្ឋបាលខេត្តព្រះសីហនុផ្សព្វផ្សាយប្រកាសអន្តរក្រសួងលេខ៧១៩ប្រក ស្តីពីការពង្រឹងការធ្វើអធិការកិច្ចហត្ថពលកម្មបរទេសនៅកម្ពុជា

http://www.akp.gov.kh/ AKP ព្រះសីហនុ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨

នៅសាលាខេត្តព្រះសីហនុនាព្រឹកថ្ងៃព្រហស្បតិ៍១៤រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ រដ្ឋបាលខេត្តព្រះសីហនុ បានធ្វើការផ្សព្វ ផ្សាយប្រកាសអន្តរក្រសួងលេខ៧១៩ប្រក ស្តីពីការពង្រឹងការធ្វើអធិការកិច្ចហត្ថពលកម្ម បរទេសនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងសេចក្តីជូនដំណឹងលេខ១៨៨ សជណ.អអ របស់រាជរដ្ឋាភិបាល ក្រោមអធិបតីភាពឯកឧត្តមឧត្តមសេនីយ៍ឯក ឃុន សំបូរ អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោក ជា វិជ្ជះ អភិបាលរងខេត្តព្រះសីហនុ ដោយមានការចូលរួមពីអគ្គនាយក រោងចក្រ សហគ្រាស សិប្បកម្ម កាស៊ីណូ ក្លឹបកម្សាន្ត និងអាជីវកម្មតាមOnline។

លោក ជា វិជ្ជះ អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍ថា រដ្ឋបាលខេត្តបានផ្សព្វផ្សាយប្រកាសអន្តរក្រសួងលេខ៧១៩ប្រក ស្តីពីកាតព្វកិច្ចរបស់ ជនបរទេស ក្នុងការធ្វើអធិការកិច្ចហត្ថពលកម្មបរទេស ក្នុងព្រះរាជាណាចក្រកម្ពុជា និងសេចក្តីជូនដំណឹង ស្តីពីកាតព្វកិច្ចដល់ម្ចាស់រោងចក្រ សហគ្រាស ក្លឹបកម្សាន្ត កាស៊ីណូ អាជីវកម្មតាមប្រព័ន្ធ Online អាជីវកម្មពេលរាត្រី និងជនបរទេសដែលមកវិនិយោគ ឬប្រកបមុខរបរណាមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលកំពុងប្រើប្រាស់ពលករបរទេស និងជនបរទេសមិនបានបំពេញកាតព្វកិច្ចធ្វើប័ណ្ណ សៀវភៅការងារឱ្យបានគ្រប់គ្នា។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់បញ្ចូលខេត្តព្រះសីហនុ ក្នុងគោលនយោបាយ ថ្នាក់ជាតិ ជាតំបន់សេដ្ឋកិច្ចគំរូពហុបំណងតែមួយគត់ ក្នុងប្រទេសកម្ពុជា ផ្តោតលើសេដ្ឋកិច្ច កសិកម្ម វប្បធម៌ ឧស្សាហកម្ម ពាណិជ្ជកម្ម និងទេសចរណ៍ ដែលមានតំបន់សេដ្ឋកិច្ចចំនួន៤ មានរោងចក្រ សហគ្រាស ៧១១ ដោយឡែករោងចក្រមានជាង១០០ សណ្ឋាគារ ៧៣ ផ្ទះសំណាក់ ៣៦៦ ភោជនីយដ្ឋាន អាហារដ្ឋាន ២៥៤។ មានជនបរទេសប្រកបមុខ របរយៈពេលវែង និងខ្លីមានជាង ២ម៉ឺននាក់ ក្នុងឆ្នាំ២០១៦ សុំសៀវ ភៅការងារជិត៥,០០០នាក់ ម្យ៉ាងទៀតដោយសារតែលំហូរភ្ញៀវទេសចរតាមច្រក ព្រលានយន្តហោះអន្តរជាតិកងកេងខេត្តព្រះសីហនុ ព្រលានយន្តហោះអន្តរជាតិភ្នំពេ និងសៀមរាប ដែលមានជនបរទេសជាច្រើន មិនបានទាន់បំពេញកាតព្វកិច្ច សុំសៀវភៅការងារ ឬប័ណ្ណការងារតាមផ្លូវច្បាប់នៅព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមឧត្តមសេនីយ៍ឯក ឃុន សំបូរ អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រ វេសន៍ មានប្រសាសន៍ថា ដោយអនុវត្តន៍តាមយន្តការច្បាប់ ផ្សព្វផ្សាយដល់ហត្ថពលកម្មបរទេស ដើម្បីជំរុញឱ្យជនបរទេសធ្វើសៀវភៅការងារ ប័ណ្ណការងារ តាមទិដ្ឋភាពច្បាប់ ស្ដីពីការពង្រឹងអធិការកិច្ចហត្ថពលកម្មបរទេសក្នុងព្រះរាជាណាចក្រកម្ពុជា ម្ចាស់សហគ្រាស គ្រឹះស្ថាន និងបរទេសមកវិនិយោគនៅព្រះរាជាណាចក្រកម្ពុជាពុំទាន់អនុវត្តន៍ កាតព្វកិច្ច ឬបន្តគេចវេះប្រើប្រាស់ពលករបរទេសដោយពុំបានបំពេញកាតព្វកិច្ចធ្វើសៀវភៅការងារ ដូច្នេះត្រូវរួសរាន់បំពេញបែបបទបង់អាករប័ណ្ណ សៀវភៅការងារក្នុងរយៈពេល ៣០ថ្ងៃ អធិការកិច្ចហត្ថពលកម្មបរទេស និងចុះត្រួតពិនិត្យតាមដានតាមបណ្ដាសហគ្រាស ការដ្ឋានសំណង់ កាស៊ីណូ ក្លឹបកម្សាន្តនានា អាជីវកម្មរណប អាជីវកម្មតាមអនឡាញ អាជីវកម្មពេលរាត្រី អាជីវកម្មលើផ្ទៃទឹក និងអាជីវកម្មផ្សេងៗទៀតនឹងត្រូវធ្វើការផ្ដន្ទាទោសតាមបញ្ញត្ដិជំពូក១៦ នៃច្បាប់ស្ដីពីការងារ។ បច្ចុប្បន្នជនបរទេសចូលកម្ពុជាមាន ២ប្រភេទ គឺ ជនបរទេសតំណាងស្ថានទូត និងជនបរទេសអន្តោប្រវេសន៍ សរុបប្រហែល ៥,៦សែននាក់។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃុន សំបូរ បន្តថា ការចុះពង្រឹងអធិការកិច្ច ហត្ថពលកម្មនៅខេត្តព្រះសីហនុគឺ៖ ១.ជនបរទេសត្រូវ មានលិខិតឆ្លងដែនមានសុពលភាព, ២.មានទិដ្ឋាការសម្រាប់ធ្វើការងារ តាមគោលការណ៍ច្បាប់, ៣. ត្រូវមានសៀវភៅការងារ ប័ណ្ណការងារត្រឹមត្រូវតាមការកំណត់របស់ច្បាប់ ស្តីពីការងារ, ៤. បណ្តាក្រុមហ៊ុន សហគ្រាស រោងចក្រ កាស៊ីណូ សិប្បកម្ម ប្រកបអាជីវកម្ម ឈប់ទទួលយកពលករបរទេសដែលមិនស្របច្បាប់ មកបម្រើការងារបន្តទៀត។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃុន សំបូរ បានផ្តាំផ្ញើឱ្យអគ្គនាយកក្រុមហ៊ុន តំណាងក្រុមហ៊ុន ឬពលករត្រូវស្វែងរកសៀវភៅការងារ ប័ណ្ណការងារឱ្យបានគ្រប់គ្នា នៅពេលខាងមុខ៕ ដោយ ងូ សុមុនី

website_news/2018160301.txt · Last modified: 2018/03/16 14:17 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki