website_news:2018160302

រាជរដ្ឋាភិបាលកម្ពុជាបានឯកភាពនឹងបញ្ជូនពលការិនីកម្ពុជាទៅធ្វើការនៅប្រទេសម៉ាឡេស៊ី

http://www.akp.gov.kh/ AKP ភ្នំពេញ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨

ឯកឧត្ដម អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវីជ្ជាជីវៈ មានប្រសាសន៍ថា ពេលនេះរាជរដ្ឋាភិបាលកម្ពុជាបានឯកភាពសារជាថ្មីជាមួយភាគីម៉ាឡេស៊ី ក្នុងការបញ្ជូនពលការិនីពីកម្ពុជា ដែលនឹងចាប់ផ្តើមពីខែឧសភា ឆ្នាំ២០១៨នេះតទៅ បន្ទាប់ពីត្រូវបានផ្អាកអស់រយៈពេលជាង៧ឆ្នាំរួចមកនោះ។ ឯកឧត្ដម អូស្មាន ហាស្សាន់ មានប្រសាសន៍បែបនេះ ក្នុងឱកាសបិទវគ្គបណ្តុះបណ្តាល គ្រូបង្គោលបង្ហាត់ បង្រៀនពលការិនី មុននឹងចាកចេញដំណើរទៅបំពេញការងារនៅប្រទេសម៉ាឡេស៊ីដែលបានធ្វើឡើងនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលតម្រង់ទិសរបស់ក្រុមហ៊ុនហ្វមីស (FOMIS) ម៉ូឌែន៥ ឬស្សីកែវ កាលពីរសៀលថ្ងៃព្រហស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំរកា នព្វស័កព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ ។ ឯកឧត្ដម បានបញ្ជាក់ថា ក្រោមកិច្ចព្រមព្រៀងទ្វេភាគីកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងប្រទេសម៉ាឡេស៊ី ដែលមានក្រសួងធនធានមនុស្ស គឺបានចុះកិច្ចព្រមព្រៀងសារជាថ្មី កាលពីដើមខែកុម្ភៈ ឆ្នាំ២០១៨ ក្នុងការទទួលយកពលការិនីកម្ពុជាសារជាថ្មី ដោយឈរលើយន្តការ MOU តាមលក្ខខណ្ឌ សមស្របស័ក្ដិសមនឹងទទួលយកបាន ទាំងពីរភាគី ជាពិសេសមានលក្ខខណ្ឌក្នុងការលើកលែងច្រើនដល់ពលការិនី ។

ឯកឧត្ដមបន្តថា ដើម្បីពង្រឹងសមត្ថភាព និងចំណេះដឹងមួយចំនួនដល់ពលការនីកម្ពុជាក្រសួងនៃភាគីប្រទេសទាំងពីរ បានសម្រេចផ្ដល់លក្ខខណ្ឌនៃការបញ្ជូនពលការិនី គឺពួកគាត់ត្រូវទទួលយកវគ្គបណ្តុះបណ្តាលតម្រង់ទិសចំនួន៨ថ្ងៃយ៉ាងតិចជាមុនសិន ។ ឯកឧត្ដម អូស្មាន ហាស្សាន់ បានឱ្យដឹងដែរថា សម្រាប់ពេលនេះមានតែក្រុមហ៊ុនហ្វមីស(FOMIS) តែមួយគត់ដែលទទួលសិទ្ធិស្របច្បាប់ ពីនាយកដ្ឋានអភិវឌ្ឍន៍ជំនាញ នៃក្រសួងធនធានមនុស្សរបស់ម៉ាឡេស៊ី ដើម្បីទទួលរ៉ាប់រងការងារ ក្នុងការផ្ដល់វគ្គបណ្តុះបណ្តាល រាល់ពលការិនីដែលត្រៀមចេញដំណើរទៅធ្វើការនៅប្រទេសម៉ាឡេស៊ី បើទោះបីមានក្រុមហ៊ុនជាច្រើនបានដាក់ពាក្យស្នើសុំមកក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ កម្ពុជាយ៉ាងណាដោយ ។ ឯកឧត្ដមបានផ្តាំផ្ញើដល់សិក្ខាកាម ជាគ្រូបង្គោលទាំង២៤រូប ត្រូវខិតខំអភិវឌ្ឍន៍ជំនាញរបស់ខ្លួន និង ត្រូវយកទៅអនុវត្តន៍ឱ្យបានល្អប្រសើរ ដើម្បីអភិវឌ្ឍន៍សមត្ថភាពធនធានមនុស្ស ទាំងខ្លួនឯង និងពលការិនីកម្ពុជា រក្សាប្រពៃណី វប្បធម៌ខ្មែរ និងតម្លៃខ្លួនឯងផងដែរ ។

សូមបញ្ជាក់ថា នេះគឺជាវគ្គបណ្តុះបណ្តាលដំបូងគេ បន្ទាប់ពីប្រទេសទាំងពីរកម្ពុជា-ម៉ាឡេស៊ីបានចុះ MOU ស្តីពីការបញ្ជូនពលករកម្ពុជាទៅបម្រើការងារតាមផ្ទះនៅប្រទេសម៉ាឡេស៊ី កាលពីឆ្នាំ២០១៥ ហើយបានព្រមព្រៀងគ្នាអនុវត្តន៍ MOUនេះកាលពីដើមខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅ ។ រាជរដ្ឋាភិបាលកម្ពុជា នឹងចាប់ផ្ដើមបញ្ជូនពលករខ្មែរ ផ្នែកជំនួយការមេផ្ទះ ទៅធ្វើការនៅប្រទេសម៉ាឡេស៊ី សារជាថ្មីម្តងទៀត នៅខែឧសភា ឆ្នាំ២០១៨ ខាងមុខនេះ ក្រោយយន្តការនេះត្រូវបានផ្អាកអស់រយៈពេល៧ឆ្នាំកន្លងមក ពោលគឺចាប់តាំងពីឆ្នាំ២០១១ ៕ ដោយសួស សំរិត

website_news/2018160302.txt · Last modified: 2018/03/16 14:21 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki