website_news:2018160303

ភ្នាក់ងារជ្រើសពលករ សន្យាលើកកម្ពស់ក្រមសីលធម៌

http://www.postkhmer.com/ Daphne Chen | Publication date 16 March 2018 | 10:37 ICT

ភ្នំពេញៈ កាលពីថ្ងៃព្រហស្បតិ៍សមាគមទីភ្នាក់ងារជ្រើសរើសពលករចំណាស់ជាងគេបំផុតមួយនៅកម្ពុជាបានសន្យាថា នឹងលើកកម្ពស់ការជ្រើសរើសពលករប្រកបដោយក្រមសីលធម៌ដែលនេះជាកិច្ចខិតខំប្រឹងប្រែងមួយដើម្បីកាត់បន្ថយការរំលោភបំពាន និងកេងប្រវ័ញ្ចដែលពលករចំណាកស្រុកកម្ពុជាតែងតែជួបប្រទះ។ សមាគមទីភ្នាក់ងារជ្រើសរើសពលករកម្ពុជា (ACRA) បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាមួយជាមួយអង្គការក្រៅរដ្ឋាភិបាលដែលគាំទ្រផ្នែកច្បាប់សម្រាប់ស្ត្រី និងកុមារដើម្បីពង្រឹងកិច្ចសហការគ្នានឹងផ្តោតទៅលើការលើកកម្ពស់ការបណ្តុះបណ្តាលមុនពេលពលករចេញដំណើរ និងលើកទឹកចិត្តពលករឱ្យធ្វើដំណើរទៅស្របតាមផ្លូវច្បាប់។ លោកស្រីប្រធានសមាគម ACRA និងជាឧកញ៉ា អ៊ុង សៀងរិទ្ធី បានថ្លែងថា៖ «ប្រសិនបើពួកគេទៅបរទេសតាមរយៈក្រុមហ៊ុនស្របច្បាប់នោះពួកគេនឹងមិនមានបញ្ហានោះទេ។ ប៉ុន្តែពលកររបស់យើងធ្វើអ្វីមួយឆាប់រហ័សពេក។ ពួកគេគិតថ្ងៃនេះនៅថ្ងៃស្អែកពួកគេចេញទៅក្រៅប្រទេស ហើយមិនបានគិតឲ្យបានល្អិតល្អន់ទេ ពួកគេធ្វើចំណាកស្រុកដោយខុសច្បាប់ ដូច្នេះហើយត្រូវប្រឈមនឹងបញ្ហាជាច្រើនដូចជាការកេងប្រវ័ញ្ចពីឈ្មួញកណ្តាល ឬទៅធ្វើការដោយគ្មានទិដ្ឋាការការងារ ឬគ្មានទម្រង់បែបបទផ្សេងៗជាដើម»។ គម្រោងនេះផ្តោតសំខាន់ទៅលើពលករចំណាកស្រុកនៅប្រទេសថៃដែលត្រូវបានផ្តល់មូលនិធិដោយទីភ្នាក់ងារ USAID និងអនុវត្តដោយអង្គការ Winrock International។

ពលករចំណាកស្រុកកម្ពុជានៅតែប្រឈមនឹងហានិភ័យខ្ពស់ពីការរំលោភបំពាន និងកេងប្រវ័ញ្ច។ ហើយបើយោងតាមការសិក្សាមួយពីអង្គការពលកម្មអន្តរជាតិ ILO និងអង្គការ IOM កាលពីឆ្នាំមុនបានរកឃើញថាពលករចំណាកស្រុកកម្ពុជា ៨ នាក់ក្នុងចំណោម ១០ នាក់បានរងការរំលោភសិទិ្ធការងារ។ ទោះបីយ៉ាងនេះក្តីរដ្ឋាភិបាលបានបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការបញ្ជូនពលករកម្ពុជាទៅក្រៅប្រទេសក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះហើយថ្មីៗនេះមានពលករមួយចំនួនត្រូវបានបញ្ជូនទៅកាន់ទីក្រុងហុងកុង និងប្រទេសម៉ាឡេស៊ីហើយគ្រោងនឹងបញ្ជូនបន្ថែមទៀតទៅកាន់ប្រទេស កាតា អារ៉ាប៊ីសាអ៊ូឌីត និងប្រទេសជប៉ុន។

នៅក្នុងសុន្ទរកថាបើកសិក្ខាសាលារយៈពេល ២ ថ្ងៃស្តីពីក្រមសីលធម៌នៃការជ្រើសរើសពលករនេះលោក ហ៊ូ វុទ្ធី អនុរដ្ឋលេខាធិការក្រសួងការងារបានទទួលស្គាល់អំពីហានិភ័យនេះ ប៉ុន្តែលោកបាននិយាយថារដ្ឋាភិបាលមិនអាចធានាសុវត្ថិភាពពលករចំណាកស្រុកតែម្នាក់ឯងបានទេ។ លោក វុទ្ធី មានប្រសាសន៍ថា៖ «រដ្ឋាភិបាលត្រូវការការគាំទ្រពីវិស័យឯកជន និងអ្នកដែលពាក់ព័ន្ធផ្សេងទៀត។ ដូច្នេះហើយវិស័យឯកជនត្រូវតែពង្រឹងការងាររបស់ពួកគេ»។

លោក Dy The Hoya មន្ត្រីអង្គការការពារសិទ្ធិការងារបានយល់ស្របថាវគ្គបណ្តុះបណ្តាលពលករមុនពេលចេញដំណើរទៅធ្វើការក្រៅប្រទេសត្រូវការកែលម្អបន្ថែម ហើយលោកបានអំពាវនាវឱ្យរដ្ឋាភិបាលផ្តោតលើការពង្រឹងការតាមដានពលករ និងត្រូវដាក់ទណ្ឌកម្មទៅលើទីភ្នាក់ងារជ្រើសរើសពលករ និងនិយោជកដែលគ្មានក្រមសីលធម៌។ លោកថា៖ «ខ្ញុំមិនគិតថាវាអាចលុបបំបាត់ការរំលោភបំពានបានដោយគ្រាន់តែផ្តល់ការបណ្តុះបណ្តាល មុនពេលពួកគេចាកចេញនោះទេ។ ពួកគេត្រូវតែបង្កើតប្រព័ន្ធការពារដ៏មានប្រសិទ្ធភាពមួយសម្រាប់ការពារពលករហើយការអនុវត្តក៏ត្រូវតែមានប្រសិទ្ធភាពផងដែរ »។

ក្រុមអ្នកស្រាវជ្រាវក៏បានរកឃើញថា កិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យពលករចំណាកស្រុកទៅធ្វើការស្របច្បាប់ត្រូវបានរារាំងដោយការចំណាយខ្ពស់។ លោក បាន ប៉ាន់ប្រមាណថាដំណើរការជ្រើសរើសពលករឲ្យបានការងារធ្វើស្របច្បាប់នៅក្នុងប្រទេសថៃគឺមានតម្លៃចន្លោះពី ៦០០ ទៅ ៨០០ ដុល្លារ។ របាយការណ៍មួយដែលចេញផ្សាយកាលពីថ្ងៃអង្គារបានបង្ហាញថាក្រសួងបានរកឃើញថាមានពលករចំណាកស្រុកខ្មែរតែចំនួន ៩៦ ពាន់នាក់ប៉ុណ្ណោះដែលទៅធ្វើការតាមរយៈភ្នាក់ងារជ្រើសរើសពលករឯកជន៕ NS/រាយការណ៍បន្ថែមដោយ នៀម ឆេង

website_news/2018160303.txt · Last modified: 2018/03/16 14:25 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki