website_news:2018160304

ប្រព័ន្ធស្បៀងបម្រុងកម្ពុជា កំពុងខិតខំជួយកសិករ ដើម្បីកាត់បន្ថយការធ្វើចំណាកស្រុក

http://bayontv.com.kh/ 16/03/2018

សៀមរាប ៖ ការធ្វើចំណាកស្រុកទៅរកការងារធ្វើនៅក្រៅប្រទេស ជាពិសេស ប្រទេសថៃ គឺជាទម្លាប់ ដែលពិបាកនឹងកែប្រែ របស់ប្រជាកសិករខ្មែរ នៅតាមបណ្តាខេត្តជាប់ព្រំប្រទល់ដែនប្រទេសថៃ ដែលអ្នកខ្លះទៅដោយស្របច្បាប់និងមួយចំនួនទៀតទៅដោយខុសច្បាប់ដែលវាបានធ្វើឲ្យពួកគេប្រឈមនិងហានិភ័យ។ ប្រព័ន្ធស្បៀងបម្រុងកម្ពុជា បាននឹងកំពុងខិតខំជួយដល់កសិករខ្មែរ តាមរយៈការធ្វើសកម្មភាពផ្គត់ផ្គង់ គ្រាប់ពូជបន្លែ និងដំណាំរួមផ្សំផ្សេងៗ ដោយឥតគិតថ្លៃ ដល់កសិករធ្វើស្រែ គឺជាការចូលរួមកាត់បន្ថយស្ថានភាព នៃការធ្វើចំណាកស្រុកដោយខុសច្បាប់ របស់ប្រជាកសិករជនបទ ដោយសារតែពួកគេអាចរកចំណូលគ្រួសារ បន្ថែមទៀត តាមរយៈនៃការដាំដុះបង្ករបង្កើនផល។

កាលពីថ្ងៃទី១៥ ខែមីនា ម្សិលមិញ ក្នុងខេត្តសៀមរាប ប្រព័ន្ធស្បៀងបម្រុងកម្ពុជា បានផ្សព្វផ្សាយ ស្តីពីការផ្គត់ផ្គង់គ្រាប់ពូជបន្លែ និងដំណាំរួមផ្សំផ្សេងៗ ដោយឥតគិតថ្លៃដល់កសិករធ្វើស្រែ ទៅកាន់អាជ្ញាធរមូលដ្ឋានស្រុក/ក្រុង ដើម្បីបន្ត ផ្សព្វផ្សាយបំផុសទៅដល់ប្រជាកសិករធ្វើស្រែ ដែលមានតម្រូវការដាំដុះដំណាំបន្លែ បានយល់ជ្រាប គឺជា ប្រយោជន៍ដល់ការគាំទ្រប្រជាកសិករទាំងនោះ បានអនុវត្តការដាំដំណាំរួមផ្សំផ្សេងៗ ទទួលបានទិន្នផលល្អ កែប្រែ ជីវភាពរស់នៅកាន់តែប្រសើរឡើង។

ឯកឧត្តម វង់ សណ្តាប់ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រព័ន្ធស្បៀងបម្រុងកម្ពុជា បានបញ្ជាក់ថា កម្មវិធីនេះ នឹងជាការរួមចំណែកដោះស្រាយបញ្ហាប្រឈម ស្ថានភាពខ្វះខាតរបស់ប្រជាកសិករ ដោយការយាយីពីគ្រោះធម្មជាតិ មានគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត ជាដើមផង។ ឯកឧត្តម បានបញ្ជាក់ទៀតថា ប្រព័ន្ធស្បៀងបម្រុងកម្ពុជា មានគោលការណ៍ផ្តល់គ្រាប់ពូជបន្លែ និងដំណាំ រួមផ្សំដោយឥតគិតថ្លៃ រួមមាន ទី១. ការប៉ាន់ស្មានចំនួនកសិករត្រូវទទួលដោយផ្អែកទៅលើបញ្ជីឈ្មោះ ដែលត្រូវ បានផ្តល់ឲ្យដោយឃុំ/សង្កាត់ ទី២. ផ្តល់ជូនកសិករធ្វើស្រែ ដែលមានតម្រូវការដាំដុះបន្លែ និងដំណាំរួមផ្សំបន្ថែម ទី៣. ផ្តល់ជូនគ្រាប់ពូជបន្លែ និងដំណាំរួមផ្សំ ចំនួន២មុខ ក្នុងគ្រួសារនីមួយៗ ទី៤. ការផ្តល់គ្រាប់ពូជបន្លែ និងដំណាំរួមផ្សំ ផ្អែកទៅតាមចំនួនប្រជាជន ដែលមានវត្តមានជាក់ស្តែង (មិនមានការចែកជូនជាបញ្ញើនោះទេ)។ មុខគ្រាប់ពូជបន្លែ និងដំណាំរួមផ្សំទាំងនោះ រួមមាន ពោតដំណើប១កញ្ចប់ ៥០០ក្រាម ពោតផ្អែម១កញ្ចប់ ៥០០ក្រាម ល្ពៅ ១កញ្ចប់ ២៥ក្រាម ស្ពៃចង្កឹះ ១កញ្ចប់ ១០ក្រាម សាលាដ៍ ១កញ្ចប់ ២៥ក្រាម ត្រកួន ១កញ្ចប់ ៥០ក្រាម សណ្តែកកួរ ១កញ្ចប់ ៥០ក្រាម និងត្រសក់ ១កញ្ចប់ ១០ក្រាម៕

website_news/2018160304.txt · Last modified: 2018/03/16 14:29 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki