website_news:2018160311

ប្រទេសកូរ៉េទទួលយកពលករខ្មែរប្រមាណជាង៤ពាន់នៅឆ្នាំនេះ

http://bayontv.com.kh/ 16/03/2018

ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា នៅឆ្នាំ២០១៨នេះ កូរ៉េនឹងផ្តល់កូតាចំនួនប្រមាណ ជាង៤ពាន់នាក់ សម្រាប់ពលករខ្មែរទៅធ្វើការនៅប្រទេសនេះ ដែលចំនួននេះគឺមានចំនួនប្រហាក់ប្រហែលនឹងឆ្នាំមុនផងដែរ

នៅក្រោយជំនួបពិភាក្សាការងារ ជាមួយឯកឧត្តម អ៊ូណាក់ យ៉ុង (OH NAK-YOUNG) ឯកអគ្គរដ្ឋទូតនៃសាធារណកូរ៉េប្រចាំកម្ពុជា នាព្រឹកថ្ងៃទី១៦ មិនានេះ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានមានប្រសាសន៍ប្រាប់ដល់អ្នកសារព័ត៌មានថា ទាក់ទងនឹងចំនួនកូតាជាង៤ពាន់នេះ ភាគីកូរ៉េបានឲ្យដឹងថា ចំនួនប្រទេសដែលទទួលបានប្រព័ន្ធអនុគ្រោះ (PPS) នាពេលនេះបានកើនឡើងប្រទេសមួយថែមទៀត ដូច្នេះភាគីកូរ៉េ នឹងកាត់កូតាពីក្នុងប្រទេសចាស់ៗ ដើម្បីបន្ថែមកូតាដល់ពលករទៅឲ្យប្រទេសថ្មី ប៉ុន្តែបញ្ហានេះក៏មិនប៉ះពាល់មកដល់កម្ពុជានោះទេ។ ឯកឧត្តម រដ្ឋមន្ត្រីលើកឡើងថា កម្ពុជាបានស្នើកូរ៉េជួយលើជំនាញសេវាកម្មបន្ថែមពីលើជំនាញបច្ចុប្បន្ន គឺជំនាញឧស្សាហកម្ម និងកសិកម្ម។ ហើយបញ្ហានេះ ភាគីកូរ៉េសុំពេលពិចារណាផងដែរ ខណៈដែលនៅប្រទេសកូរ៉េមិនទាន់បានគិតលើជំនាញនេះនៅឡើយ។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានបញ្ជាក់ឲ្យដឹងផងដែរថា កិច្ចពិភាក្សានេះ បានផ្តោតទៅលើកិច្ចសហប្រតិបត្តិការ លើវិស័យការងារ និងការផ្តល់ឱកាសឲ្យបងប្អូនពលករកម្ពុជាទៅធ្វើការនៅកូរ៉េ ដែលក្នុងកិច្ចសហប្រតិបត្តិការលើវិស័យការងារនេះ គឺមានច្រើនក្នុងនោះ រួមមាន ផ្នែកអនាម័យ និងសុវត្ថិភាពការងារ ដែលកន្លងមកភាគីកូរ៉េ តែងបានផ្តល់នូវការគាំទ្រខាងផ្នែកបច្ចេកទេសដល់ពេទ្យការងារ ដើម្បីអប់រំផ្សព្វផ្សាយអំពីប្រព័ន្ធអនាម័យ សុវត្ថិភាពការងារ ការបណ្តុះបណ្តាលសមត្ថភាពបច្ចេកទេស និងការផ្ដល់ឧបករណ៍បច្ចេកទេស សម្រាប់ការពិនិត្យស្ថានភាពសុវត្ថិភាពការងារ នៅតាមសហគ្រាសជាដើម ។ គិតមកទល់ពេលនេះពលករខ្មែរ ដែលបាន និងកំពុងធ្វើការ នៅសាធារណរដ្ឋកូរ៉េ មានចំនួនសរុបជាង៥៤,០០០នាក់

website_news/2018160311.txt · Last modified: 2018/03/16 15:34 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki