website_news:2018160503

សេវាផ្លូវភេទដឹងតែបង្កប់ក្នុងហ្នឹងតែម្តង

https://kohsantepheapdaily.com.kh/ ថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ ២០១៨ ម៉ោង ១៦:៣១ ឆោម ពិសម័យ

ខេត្តបាត់ដំបង ៖ មន្ត្រីការិយាល័យជំនាញនៃស្នងការខេត្តបានឲ្យដឹងថា ស្ត្រីមេការ និងថៅកែហាងកោសជប់ដែលបង្កប់សេវាបម្រើផ្លូវភេទចំនួន៤នាក់នឹងត្រូវកសាងសំណុំរឿងបញ្ជួនទៅតុលាការនៅថ្ងៃទី១៥ ឧសភានេះ ខណ:អ្នកពាក់ព័ន្ធទាំង៣ភេទជាង៥០នាក់ទៀតត្រូវបានដោះលេងវិញ ក្រោយពីធ្វើកិច្ចសន្យា និងធ្វើការអប់រំ ។ បើយោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ក្រុមដែលប្រព្រឹត្តសេវាផ្លូវភេទនេះត្រូវបានបង្ក្រាបនៅតាមបណ្ដាហាងកោសជប់ ហាងម៉ាស្សា និងនៅតាមសួនច្បារសាធារណៈ នៅក្នុងក្រុងបាត់ដំបង កាលពីវេលារំលងអធ្រាត្រឈានចូលថ្ងៃទី១៤ ឧសភានេះ ។

ស្នងការរងខេត្តលោកកុយ ហ៊ាងបានឲ្យដឹងថា ក្រុមខាងលើត្រូវកម្លាំងជំនាញរបស់ស្នងការខេត្តចុះបង្ក្រាបបានមួយចំនួននៅតាមហាងកោសជប់ ហាងម៉ាស្សានានា ដែលមានបង្កប់សេវាបម្រើផ្លូវភេទ និងមួយចំនួនទៀតបង្ក្រាបនៅតាមសួនច្បារសាធារណៈដែលរង់ចាំបម្រើសេវាដូចគ្នា ។ ប៉ុន្តែក្រុមក្មេងទំនើងមួយចំនួនក៏ត្រូវបង្ក្រាបបានជាមួយនឹងក្រុមស្ត្រីបម្រើ សេវាផ្លូវភេទនៅតាមសួនច្បារ និងនៅកន្លែងម៉ាស្សាកោសជប់នេះដែរ ។ គេនៅមិនទាន់មានរបាយការណ៍ជាក់លាក់អំពីទីតាំងម៉ាស្សា និងកោសជប់នេះនៅឡើយទេ ។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា ទីតាំងទាំងនេះសុទ្ធតែដាក់ស្លាកយីហោកោសជប់ និងម៉ាស្សា តែធាតុពិតសុទ្ធតែបង្កប់សេវាបំរើផ្លូវភេទ ។ បច្ចុប្បន្នសេវាបម្រើផ្លូវភេទជ្រកក្រោមស្លាកកោសជប់ ឬម៉ាស្សាទាំងនេះកំពុងរីកដូចផ្សិត នៅក្នុងក្រុងបាត់ដំបង ។

បើតាមលោកកុយ ហ៊ាង ស្នងការរងខេត្តបានបញ្ជាក់ថា មានតែមេការ និងថៅកែស្រីចំនួន៤នាក់ប៉ុណ្ណោះ ដែលនឹងត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការ ក្រៅពីនេះមនុស្សទាំង៣ភេទចំនួន៥៤នាក់ ត្រូវលោកស្នងការខេត្ត និងលោកព្រះរាជអាជ្ញាបញ្ជាឲ្យធ្វើកិច្ចសន្យាបញ្ឍប់សកម្មភាពទុច្ចរិតនេះ ហើយធ្វើការអប់រំឲ្យត្រូវទៅផ្ទះវិញ ៕

website_news/2018160503.txt · Last modified: 2018/05/16 14:10 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki