website_news:2018161002

ប្រទេសសមាជិកអាស៊ានទាំង១០ គ្រោងចុះកិច្ចព្រមព្រៀងរួមគ្នាលើការធ្វើបច្ចាប័ននិងផ្ទេរទណ្ឌិត

http://km.rfi.fr/cambodia/cambodia ដោយ អេង គីមហុង15/10/2018

ប្រទេសសមាជិកអាស៊ានទាំង១០ បានឯកភាពនឹងបង្កើតកិច្ចព្រមព្រៀងធ្វើបច្ចាប័ននិងផ្ទេរទណ្ឌិត។ សម្រាប់បរិបទប្រទេសកម្ពុជា ក្រសួងយុត្តិធម៌ឲ្យដឹងថា កិច្ចព្រមព្រៀងនេះមានសារៈសំខាន់ចំពោះកម្ពុជា និងសន្តិសុខក្នុងតំបន់ទាំងមូល។ តាមរយៈកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាស៊ាននៅប្រទេសឡាវ កាលពីពេលថ្មីៗនេះ កិច្ចព្រមព្រៀងស្ដីពីការធ្វើបច្ចាប័ន និងផ្ទេរទណ្ឌិតនេះ ក៏គ្រោងនឹងអនុវត្តឆាប់ៗនេះដែរ។

លោក ជិន ម៉ាលីន អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិនៅចន្ទទី១៥តុលានេះថា ការណ៍ដែលប្រទេសសមាជិកអាស៊ានទាំង១០បានឯកភាពនឹងបង្កើតកិច្ចព្រមព្រៀងធ្វើបច្ចាប័ន និងផ្ទេរទណ្ឌិត គឺក្នុងគោលបំណងដើម្បីទប់ស្កាត់បទល្មើសឆ្លងដែនមួយចំនួន។ ហើយដំណើរការរៀបចំកិច្ចព្រមព្រៀងស្ដីពី ការធ្វើបច្ចាប័ន និងផ្ទេរទណ្ឌិតនេះ ធ្វើឡើងដោយយកបទពិសោធន៍កន្លងមកតាមកិច្ចព្រមព្រៀងទ្វេភាគី រវាងប្រទេស និងប្រទេស ក្នុងការធ្វើបច្ចាប័ន និងផ្ទេរទណ្ឌិត។ បើតាមលោក ជិន ម៉ាលីន កិច្ចព្រមព្រៀងនេះ នឹងលេចចេញជារូបរាងក្នុងពេលឆាប់ៗនេះ។ បន្ទាប់ពីទទួលបានភាពស្របច្បាប់ក្នុងការអនុវត្តកិច្ចព្រមព្រៀងរួមគ្នានេះ ហើយបណ្ដាប្រទេសសមាជិកអាស៊ាន អាចសហការគ្នាបានក្នុងការបញ្ជូនជនល្មើស ឬជនដែលសមត្ថកិច្ចតាមចាប់ខ្លួន។

សូមបញ្ជាក់ថា ការមូលមាត់គ្នារវាងប្រទេសសមាជិកអាស៊ានទាំង១០ ក្នុងការរៀបចំកិច្ចព្រមព្រៀងស្ដីពីការធ្វើបច្ចាប័ន និងផ្ទេរទណ្ឌិតនេះ បានធ្វើឡើងនៅក្រោយកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីច្បាប់អាស៊ានលើកទី១០ ដែលប្រទេសឡាវ ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកាលពីថ្ងៃទី១២ ខែតុលា។

លោក អំ សំអាត មន្ត្រីស៊ើបអង្កេតផ្នែកសិទ្ធិមនុស្សនៃអង្គការលីកាដូ មើលឃើញថា ជារឿងមួយល្អ ដែលប្រទេសអាស៊ានបានចងក្រងកិច្ចព្រមព្រៀងស្ដីពីការធ្វើបច្ចាប័ន និងផ្ទេរទណ្ឌិត។ ល្អព្រោះថា សម្រាប់បរិបទប្រទេសកម្ពុជា លោក អំ សំអាត ថា ការផ្ទេរទណ្ឌិតមកឃុំខ្លួននៅក្នុងប្រទេសបង្ហាញថា ពួកគេមិនឯកា។ ប៉ុន្តែ លោក អំ សំអាត នៅតែមានក្ដីព្រួយបារម្ភថា ការធ្វើបច្ចាប័ន អាចបង្កផលវិបាក និងជះឥទ្ធិពលដល់ពលករចំណាកស្រុក ខណៈពលរដ្ឋកម្ពុជាបានចេញចូលជាប់មិនដាច់នៅក្នុងដំណើរស្វែងរកការងារធ្វើនៅក្នុងប្រទេសថៃ ដែលជាប្រទេសសមាជិកអាស៊ានមួយដែរនោះ។ ហើយក្ដីព្រួយបារម្ភម្យ៉ាងទៀត គឺភាពកាន់តែចង្អៀតណែននៅក្នុងពន្ធនាគារនាពេលអនាគត។ នេះបើតាមលោក អំ សំអាត ។

website_news/2018161002.txt · Last modified: 2018/10/16 13:23 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki