website_news:2018161005

វិបត្តិខ្វះកម្លាំងពលកម្មបង្ខំឲ្យជប៉ុនព្យាយាមទាក់ទាញពលករបរទេសរាប់ម៉ឺននាក់បន្ថែម

https://thmeythmey.com/ 12, Oct 2018 , 5:45 pm ដោយ: អ៊ឹម ម៉េងស៊ាង

រដ្ឋាភិបាលក្រុងតូក្យូនៅថ្ងៃទី១២ ខែតុលា បានបង្ហាញគម្រោងមួយដើម្បីទាក់ទាញពលករបរទេសឲ្យមកធ្វើការក្នុងប្រទេសខ្លួន ខណៈមហាអំណាចសេដ្ឋកិច្ចលំដាប់ទីបីនេះ កំពុងខ្វះខាតកម្លាំងពលកម្ម។ បញ្ហានេះបង្កឡើងដោយកំណើនមនុស្សចាស់ និងការថយចុះនៃកំណើនប្រជាជនក្នុងប្រទេស។ ផែនការថ្មីនេះមានគោលបំណងបំពេញនូវចន្លោះខ្វះខាតកម្លាំងពលកម្មនៅក្នុងវិស័យសំខាន់ៗមួយចំនួនរួមមាន កសិកម្ម, សុខាភិបាល, សំណង់, សណ្ឋាគារ និងការសាងសង់នាវាជាដើម។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AFP ។ ក្នុងសេចក្តីព្រាងច្បាប់ថ្មីដែលមានគោលដៅទាក់ទាញពលករបរទេសនោះ ជប៉ុនតម្រូវឲ្យពលករមានជំនាញស្របតាមវិស័យដែលខ្លួនកំពុងខ្វះខាតខាងលើនេះ ហើយពួកគេនឹងអាចទទួលបានទិដ្ឋាការពិសេសមួយ ដែលអនុញ្ញាតឲ្យពួកគេអាចធ្វើការនៅប្រទេសជប៉ុន រយៈពេល៥ឆ្នាំតែម្តង។ លើសពីនេះពលករក្នុងវិស័យទាំងនោះដែលមានសមត្ថភាពខ្លាំង និងប្រលងជាប់ការសាកល្បងសមត្ថភាពភាសាជប៉ុនថែមទៀតនោះ នឹងត្រូវបានគេអនុញ្ញាតឲ្យនាំយកសមាជិកគ្រួសារ ព្រមទាំងអាចទទួលបានសញ្ជាតិអចិន្ត្រៃយ៍ផងដែរ។

អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន Yoshihide Suga បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃសុក្រទី១២ ខែតុលាថា សេចក្តីព្រាងច្បាប់នេះនឹងត្រូវបញ្ជូនទៅកាន់រដ្ឋសភាក្នុងពេលឆាប់ៗនេះ ហើយអាចនឹងចូលជាធរមាន នាខែមេសាឆ្នាំ២០១៩ខាងមុខ។ ទន្ទឹមនឹងនេះលោក Suga បានបញ្ជាក់ទៀតថា ជប៉ុននឹងមិនពឹងផ្អែកខ្លាំងជ្រុលទៅលើជនអន្តោប្រវេសន៍បរទេសនោះឡើយ។ ហើយលោកបានសង្កត់ធ្ងន់ថា គោលនយោបាយអន្តោប្រវេសន៍របស់ជប៉ុននឹងមិនត្រូវផ្លាស់ប្តូរនោះទេ។ ការបកស្រាយរបស់លោកបែបនេះគឺធ្វើឡើងដើម្បីឆ្លើយតបនឹងសំណួរដែលថា គម្រោងទាក់ទាញពលករបរទេសថ្មីនេះ អាចជាការផ្លាស់ប្តូរយ៉ាងគំហុកក្នុងគោលនយោបាយអន្តោប្រវេសន៍ជប៉ុន និងអាចឆ្ពោះទៅរកការទទួលយកចំនួនពលករបរទេសច្រើនសន្ធឹកសន្ធាប់ផងនោះ។ ទាក់ទិននឹងរឿងនេះរដ្ឋាភិបាលពុំទាន់បានកំណត់តួលេខច្បាស់លាស់ចំពោះចំនួនពលករបរទេសក្នុងសំណើថ្មីនេះនៅឡើយទេ ប៉ុន្តែសារព័ត៌មានក្នុងស្រុកបានបង្ហើបថា រដ្ឋាភិបាលត្រៀមទទួលយក ពលករបរទេសច្រើនជាង៥០ម៉ឺននាក់ឲ្យមកធ្វើការក្នុងប្រទេសជប៉ុន គិតត្រឹមឆ្នាំ២០២៥។

យ៉ាងណាមិញរដ្ឋាភិបាលលោក ស៊ីនហ្សូ អាបេ បានអះអាងថា កំណែទម្រង់ថ្មីនេះពុំបានធ្វើឡើង ក្នុងគោលបំណងរុះរើគោលនយោបាយអន្តោប្រវេសន៍របស់ជប៉ុនដែលមានទាំងស្រុងឡើយ។ ចំណែកការទទួលយកជនអន្តោប្រវេសន៍ទ្រង់ទ្រាយធំក៏នឹងមិនអាចកើតឡើងនោះដែរ។ កន្លងមក ក្រុមអ្នកជំនួញធ្លាប់បានបញ្ចុះបញ្ចូលរដ្ឋាភិបាលជប៉ុនឲ្យមានការបន្ធូរបន្ថយការរឹត្បិតក្នុងច្បាប់អន្តោប្រវេសន៍ធ្វើឲ្យក្រុមហ៊ុនពិបាកស្វែងរកពលករ។ ជប៉ុនជាទីកន្លែងដែលនិកម្មភាព (គ្មានការងារធ្វើ) ទាបត្រឹមតែ២,៥ភាគរយ ខណៈកន្លែងការងារមានច្រើនជាងចំនួនពលករដែលស្វែងរកការងារធ្វើទៀត។ បើពិតទៅជប៉ុនមានទំនៀមទម្លាប់ប្រុងប្រយ័ត្នខ្ពស់ពេលទទួលយកពលករគ្មានជំនាញពីបរទេស ហើយបច្ចុប្បន្ន ប្រទេសកោះអាស៊ីបូព៌ាមួយនេះក៏បានកំណត់ចំនួនសម្រាប់ផ្តល់សញ្ជាតិដល់បុគ្គល ដែលមានជំនាញខ្ពស់ថែមទៀតផង។ ច្បាប់នេះត្រូវបានអនុគ្រោះដល់ជនជាតិអាមេរិកខាងត្បូង ដែលមានដើមកំណើតជប៉ុនតែមួយប៉ុណ្ណោះ។

យោងតាមទិន្នន័យរបស់រដ្ឋាភិបាលជប៉ុន ពលករបរទេសប្រមាណ១,២៨លាននាក់បានធ្វើការក្នុងប្រទេសជប៉ុន ក្នុងឆ្នាំ២០១៧ ដែលចំនួននេះគឺច្រើនជាង២ដង បើធៀបនឹងចំនួនពលករបរទេសកាលពីមួយទសវត្សន៍មុន។ យ៉ាងណាមិញពលករច្រើនជាង៤៥ម៉ឺននាក់ ជាប្តី/ប្រពន្ធរបស់ពលរដ្ឋជប៉ុន, ជនជាតិកូរ៉េដែលតាំងទីជាយូរមកហើយក្នុងប្រទេសជប៉ុន ឬក៏ជនបរទេសដែលមានដើមកំណើតជប៉ុន ជាជាងពលករដែលមកកាន់ប្រទេសជប៉ុនដើម្បីស្វែងរកការងារធ្វើ។ ទិន្នន័យដដែលបានបង្ហាញថា ជនបរទេសប្រមាណ៣០ម៉ឺននាក់ផ្សេងទៀតជាសិស្សឬនិស្សិត ដែលត្រូវបានគេអនុញ្ញាឲ្យធ្វើការងារក្រៅម៉ោងអំឡុងពេលសិស្សារបស់ពួកគេ។ ប៉ុន្តែពួកគេនឹងត្រូវត្រឡប់ទៅកាន់មាតុប្រទេសវិញនាពេលក្រោយទៀត។ គិតត្រឹមចុងឆ្នាំ២០១៧កន្លងទៅ ជប៉ុនមានពលករជំនាញពីបរទេសតិចជាង ២៤ម៉ឺននាក់ និងអ្នកហាត់ការពីបរទេសប្រមាណ២៥ម៉ឺននាក់ប៉ុណ្ណោះក្នុងប្រទេស។ ជាមួយគ្នានេះក្រុងតូក្យូក៏មានកិច្ចព្រមព្រៀងទ្វេរភាគីដែលទទួលយកចំនួនពលករជាផ្នែកគិលានុបដ្ឋាយិកា និងថែទាំក្នុងចំនួនកំណត់ច្បាស់លាស់មួយពីប្រទេសខ្លះនៅទ្វីបអាស៊ីផងដែរ៕

website_news/2018161005.txt · Last modified: 2018/10/16 13:43 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki