website_news:2018170102

ស្ត្រីម្នាក់ត្រូវចាប់ខ្លួនរឿងជួញដូរស្ត្រី៥នាក់

http://www.postkhmer.com/ Tue, 16 January 2018 គង់ មេត្ដា

បាត់ដំបងៈ ស្រ្តីអាយុ ៤៥ ឆ្នាំម្នាក់ ត្រូវបានចាប់ខ្លួនក្នុងខេត្តបាត់ដំបង កាលពីថ្ងៃចន្ទ ពាក់ព័ន្ធនឹងករណីជួញដូរស្រ្តី៥នាក់ទៅប្រទេសម៉ាឡេស៊ី បន្ទាប់ពីឪពុករបស់ជនរងគ្រោះម្នាក់ បានដាក់ពាក្យបណ្តឹងទៅនគរបាលខេត្ត។លោក ប៊ុន វណ្ណារ៉ា ប្រធាននគរបាលប្រឆាំងការជួញដូរមនុស្សប្រចាំខេត្តបានថ្លែងថា អាជ្ញាធរបានចាប់ខ្លួនជនសង្ស័យឈ្មោះ យឿន ភាព អាយុ៤៥ឆ្នាំ ក្នុងឃុំអំពិលប្រាំដើម ស្រុកបវែល។ លោកបានថ្លែងថា អ្នកស្រី ភាព បានទទួលប្រាក់ចំនួន ៤០០ ដុល្លារ ពីមេខ្យល់ សម្រាប់ការជួយជួញដូរស្រ្តី៥នាក់ រួមទាំងកូនស្រីរបស់ខ្លួន ហើយថា មានជនសង្ស័យពីរនាក់ទៀត នៅមិនទាន់ចាប់ខ្លួននៅឡើយ។

នៅក្នុងបទសម្ភាសមួយ កាលពីម្សិលមិញ ជនរងគ្រោះ ម៉ៅ មុំ អាយុ២២ឆ្នាំ បានថ្លែងថា នាងបានចាកចេញពីកម្ពុជាកាលពីខែវិច្ឆិកា ឆ្នាំ ២០១៦ ហើយអាចត្រឡប់មកវិញនៅថ្ងៃទី៤ ខែមករា ឆ្នាំនេះ។ អ្នកនាង មុំ ត្រូវបានផ្ទេរឲ្យទៅធ្វើការនៅកន្លែងផ្សេងៗគ្នាចំនួនបី និងមិនដែលទទួលបានប្រាក់ឈ្នួល ហើយទទួលរងការរំលោភបំពាននៅកន្លែងការងារនីមួយៗ។ អ្នកនាងបានថ្លែងបន្តថា និយោជកទីពីររបស់អ្នកនាង ធ្លាប់យកទឹកកកវៃអ្នកនាង«ត្រង់ថ្ងាស់ ដោយសារអ្នកនាងដាក់ថ្នាំពេទ្យនៅក្នុងទូទឹកកក»។ នាងបានថ្លែងបន្តថា បន្ទាប់ពីត្រូវបានលក់ទៅឲ្យអ្នកលក់ផ្លែឈើ អ្នកនាង មុំ បានទទួលរងការរំលោភបំពានធ្ងន់ធ្ងរបំផុត។ អ្នកនាងត្រូវបានវាយប្រហែលម្តងក្នុងមួយសប្តាហ៍ដោយសារមិនអាចលើកផ្លែឈើចំនួនពី៨០ទៅ៩០គីឡូក្រាម។ នាងបន្តថា នៅទីបំផុត នាងត្រូវបានចាក់សោនៅក្នុងទូទឹកកក។ នាងបានថ្លែងបន្តថា៖ «ខ្ញុំមិនអាចដើរបាន មិនអាចហូបអ្វីបាន។ ខ្ញុំស្ទើរតែស្លាប់»។ «ឥឡូវនេះខ្ញុំនៅមានការពិបាកដកដង្ហើម និងមានអារម្មណ៍ឈឺនៅក្នុងឆ្អឹង»។

និយោជករបស់អ្នកនាងនៅទីបំផុត បានបញ្ជូនអ្នកនាងទៅឲ្យគ្រូពេទ្យពិនិត្យ ហើយបន្ទាប់មកបានបញ្ជូនទៅទីភ្នាក់ងារមួយនៅខែធ្នូ ឆ្នាំ ២០១៧។ អ្នកនាងបានថ្លែងបន្តថា៖ «ក្នុងរយៈពេលទាំងនេះ ខ្ញុំមិនដែលទទួលបានប្រាក់ខែណាទេ»។ អ្នកនាងបានបន្ថែមថា ខ្ញុំមិនចង់ឲ្យជនសង្ស័យជាប់ពន្ធនាគារទេ «គ្រាន់តែសងលុយខ្ញុំចំពោះការងារដែលខ្ញុំបានធ្វើទៅបានហើយ»៕ PS

website_news/2018170102.txt · Last modified: 2018/01/18 11:21 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki