website_news:2018170107

សម្តេច ហ៊ុន សែន រំលឹកឡើងវិញនូវសារសំខាន់ៗ ៨ចំណុច ឲ្យក្រសួងពាក់ព័ន្ធអនុវត្ត

http://kleykley.sabay.com.kh/ ថ្ងៃ១៧ ខែមករា ឆ្នាំ២០១៨ ម៉ោង 10:38

ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករជិត ១ម៉ឺន ៧ពាន់នាក់ នៅរោងចក្រតំបន់ព្រៃទា ក្នុងខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃទី១៧ ខែមករានេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ក្រើនរំលឹកនូវសារសំខាន់ៗ ៨ចំនុចដើម្បីឲ្យក្រសួងពាក់ព័ន្ធអនុវត្តឲ្យមានប្រសិទ្ធភាព។ សារសំខាន់ៗទាំង ៨ចំណុចនោះរួមមាន៖

១. ត្រូវអនុវត្តប្រាក់ខែអប្បបរមា ១៧០ដុល្លារ ចាប់ពីថ្ងៃ១ ខែមករា ឆ្នាំ២០១៨ តទៅ។

២. ត្រូវអនុវត្តការចុះពិនិត្យនៅតាមមន្ទីពេទ្យរដ្ឋ ចំពោះការពិនិត្យសុខភាព និងការព្យាបាល កម្មករកម្មការិនីរោងចក្រ រួមទាំងកីឡាករ កីឡាការិនី ក្រុមប្រឹក្សាភូមិ ឃុំ ក៏ត្រូវបានអនុវត្តដូចគ្នា។

៣. ត្រូវអនុវត្តចំពោះស្រ្តីមានផ្ទៃពោះសម្រាលកូន គឺនឹងទទួលបានពេលវេលាឈប់សម្រាក ពីការងាររយៈពេល ៣ខែ ហើយនៅទទួលបានប្រាក់ខែ ១២០% (៥០% ដោយក្រុមហ៊ុន និង ៧០% ដោយបេឡាជាតិ)។

៤. ត្រូវអនុវត្ត ចំពោះកម្មការនីសម្រាលបានកូន(១)គឺទទួលថវិកា ៤០ម៉ឺនរៀល និងពិនិត្យផ្ទៃពោះដោយឥតគិតថ្លៃ។ បើសម្រាលបានកូនភ្លោះ (២) គឺទទួលបានថវិកា៨០ម៉ឺនរៀល។ បើសម្រាលបានកូន(៣) គឺទទួលបានថវិកា ១លាន២សែនរៀល ហើយបូកប្រាក់ឧបត្ថម្ភចំនួន ៥លានរៀលទៀតពីសម្តេច ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត។

៥. ត្រូវអនុវត្ត ចំពោះរបបសន្តិសុខសង្គម ដោយចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ តទៅ កម្មករ-កម្មការនីមិនចាំបាច់បង់ទៀតទេ គឺម្ចាស់ក្រុមហ៊ុនជាអ្នកបង់ជំនួស ១០០%។

៦. អនុវត្តតាមដានមើលបញ្ហា ទឹក ភ្លើង គឺត្រូវខិតខំបន្ត តទឹកតភ្លើងដល់ផ្ទះរបស់កម្មករ ដែលនៅឆ្ងាយ និងមិនទាន់ទៅដល់ ឲ្យបានគ្រប់គ្រាន់ និងតម្លៃផ្ទះជួលដល់កម្មករ-កម្មការនី កុំឲ្យមានការឡើងថ្លៃក្នុងឆ្នាំ២០១៨។

៧. ត្រូវអនុវត្តប្រាក់សោធននិវត្តន៍ ចាប់ពីឆ្នាំ២០១៩ ទៅកម្មករ និងទទួលបានប្រាក់ ចូលនិវត្តន៍។ ដូច្នេះក្នុងរយៈពេល ១ឆ្នាំ (២០១៨) ត្រូវត្រៀមរៀបចំឲ្យហើយដើម្បីដំណើរការបានល្អនៅក្នុងឆ្នាំ២០១៩ នូវរបបសោធននិវត្តន៍នេះ។

៨. ត្រូវអនុវត្តចូលរួមបន្តយកចិត្តទុកដាក់ និងដោះស្រាយបញ្ហាផ្សេងៗដល់ពលករទៅក្រៅប្រទេស ជួយសម្រួលនូវបែបបទលិខិតបទដ្ឋានផ្លូវច្បាប់នានា និងដើម្បីទទួលបាននូវលក្ខខណ្ឌការងារ ល្អប្រសើរ៕

website_news/2018170107.txt · Last modified: 2018/01/17 15:03 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki