website_news:2018170703

ការរំលោភបំពានកម្លាំងពលកម្មលើទូកនេសាទថៃបន្តកើតមានចំពោះកម្មករខ្មែរ និងភូមា"

https://www.rfa.org/khmer/news/human-rights/ វ៉ែន សុមេធ 2018-07-16

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) អះអាងថា ការរំលោភបំពានកម្លាំងពលកម្មនៅតែបន្តកើតមានលើទូកនេសាទថៃ ហើយជនរងគ្រោះនៃការរំលោភបំពាននោះ គឺជាកម្មករខ្មែរ និងភូមា។ អង្គការអន្តរជាតិមួយនេះបន្តថា រដ្ឋាភិបាលថៃបានបន្តលាក់លៀមការរំលោភសិទ្ធិការងារនៅលើទូកនេសាទ ដែលទាមទារឱ្យសហភាពអឺរ៉ុបត្រូវពិនិត្យមើលឡើងវិញលើសម្ពាធដែលគួរដាក់លើប្រទេសថៃ ខណៈមន្ត្រីសិទ្ធិមនុស្សកម្ពុជាស្នើឱ្យរដ្ឋាភិបាលបង្កើនកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីជួយដល់ពលរដ្ឋរបស់ខ្លួនដែលរងគ្រោះដោយសារការរំលោភបំពាន និងកេងប្រវ័ញ្ចកម្លាំងពលកម្មលើទូកនេសាទរបស់ថៃ។ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ បានផ្ញើលិខិតមួយច្បាប់ទៅគណៈកម្មការជំនាញរបស់សហភាពអឺរ៉ុបថ្មីៗនេះ ដើម្បីទាមទារឱ្យមានការដាក់សម្ពាធលើប្រទេសថៃ អោយបញ្ឈប់ការប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំ និងការរំលោភបំពានផ្សេងទៀត ដែលកើតមានលើកម្មករនេសាទ។

នាយកប្រតិបត្តិទទួលបន្ទុកកិច្ចការតំបន់អាស៊ីនៃអង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) ថ្លែងនៅក្នុងលិខិតនោះថា កំណែទម្រង់របស់រដ្ឋាភិបាលថៃលើវិស័យនេសាទ នៅតែមិនទាន់ដោះស្រាយបាននៅឡើយ ចំពោះបញ្ហានៃការរំលោភសិទ្ធិការងារ។ លោកបានជំរុញឱ្យសហភាពអឺរ៉ុបប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនក្នុងនាមជាអ្នកនាំចូលគ្រឿងសមុទ្រដ៏ធំរបស់ថៃ ទាមទារឱ្យមានការកែទម្រង់បន្ថែមទៀត ដើម្បីជួយឱ្យជីវិតកម្មករទូកនេសាទមានភាពប្រសើរឡើង។ យូមែន រ៉ៃត៍ វ៉ច្ឆ អះអាងថា កម្មករទូកនេសាទនៅតែត្រូវជំពាក់បំណុលគេវ័ណ្ឌក មិនត្រូវបានគេអនុញ្ញាតឱ្យប្តូរថៅកែ ទទួលបានប្រាក់ខែមិនទាន់ពេលវេលា ប្រាក់ខែទាបជាងប្រាក់ឈ្នួលអប្បបរមា មិនទទួលបានការការពារពីច្បាប់របស់ប្រទេសថៃ និងគ្មានសិទ្ធិបង្កើតសហជីពការងារជាដើម។ លើសពីនេះ ពួកគេនៅតែត្រូវបានថៅកែ និងមេការទូក បង្ខំឱ្យធ្វើការលើសម៉ោង គំរាមកំហែង និងវាយធ្វើបាប ព្រមទាំងត្រូវបានដកហូតឯកសារទាំងអស់ដែលពួកគេមាននៅជាប់នឹងខ្លួនទៀតផង។ ជនរងគ្រោះទាំងនោះ សុទ្ធសឹងតែជាជនជាតិខ្មែរ និងភូមា ដែលបានធ្វើចំណាកស្រុកទៅធ្វើការងារនៅប្រទេសថៃតាមរយៈមេខ្យល់ ហើយត្រូវបានគេលក់ ឬជួញដូរកម្លាំងពលកម្មលើទូកនេសាទរបស់ថៃ។ អាស៊ីសេរីមិនទាន់អាចទាក់ទងអាជ្ញាធរថៃ ដើម្បីឆ្លើយតបរឿងនេះបានទេនៅថ្ងៃទី១៦ កក្កដា ប៉ុន្តែកាលពីខែមករាកន្លងទៅ អាជ្ញាធរថៃធ្លាប់បានបដិសេធការរកឃើញរបស់អង្គការយូមែន រ៉ៃត៍ វ៉ច្ឆ ដែលថា ឧស្សាហកម្មនេសាទថៃនៅតែជាសំបុកនៃការរំលោភបំពានសិទ្ធិការងារ និងការជួញដូរកម្លាំងពលកម្មដោយខុសច្បាប់នោះ។ អាជ្ញាធរថៃអះអាងថា ខ្លួនបានដាក់ចេញនូវកំណែទម្រង់ និងធ្វើបច្ចុប្បន្នភាពច្បាប់នេសាទ ហើយបានអនុវត្តយន្តការទាំងនេះយ៉ាងតឹងរ៉ឹង ដោយបានដកហូតអាជ្ញាប័ណ្ណទូកនេសាទជាង ៤ពាន់ អាជ្ញាប័ណ្ណ កាត់ទោសជនសង្ស័យជាង ១០០នាក់ និងជួយសង្គ្រោះជនរងគ្រោះ ១៦០នាក់ ចាប់តាំងពីទទួលរងការព្រមានពីសហភាពអឺរ៉ុប កាលពីឆ្នាំ២០១៥ នោះ។

ទោះបីជាយ៉ាងណា លោក ប្រ៊ែដ អាដាម (Brad Adams) អះអាងថា កំណែទម្រង់របស់រដ្ឋាភិបាលយោធាថៃនេះ មានតែនៅលើក្រដាសប៉ុណ្ណោះ ឯការអនុវត្តជាក់ស្ដែងវិញ គ្មានអ្វីវិវឌ្ឍគួរឱ្យកត់សម្គាល់ឡើយ។ លោកអំពាវនាវដល់សហភាពអឺរ៉ុបដាក់សម្ពាធលើរដ្ឋាភិបាលថៃបន្ថែមទៀត ដើម្បីការពារសិទ្ធិ សុខភាព និងសុវត្ថិភាពជូនកម្មករទូកនេសាទ និងស្នើឱ្យអតិថិជនគ្រឿងសមុទ្រនៅអឺរ៉ុបទាំងអស់ត្រូវប្រាកដក្នុងចិត្តថា គ្រឿងសមុទ្ររបស់ពួកគេដែលនាំចូលពីប្រទេសថៃនោះ មិនមានជាប់ពាក់ព័ន្ធនឹងការកេងប្រវ័ញ្ច ឬជួញដូរកម្លាំងពលកម្មជាដាច់ខាត។

ប្រទេសថៃមានចំនួនកម្មករចំណាកស្រុកខ្ពស់ជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍ គឺជិត៤លាននាក់ (៣.៧៦) នៅក្នុងឆ្នាំ ២០១៥ ក្នុងនោះ ៥៣ ភាគរយមកពីប្រទេសភូមា ២៦ ភាគរយមកពីប្រទេសឡាវ និង ២១ ភាគរយមកពីកម្ពុជា។ គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០១៧ កម្មករចំណាកស្រុកកម្ពុជា ឡាវ និងភូមាដែលបានចុះឈ្មោះរួចរាល់ មានចំនួនជិត ២លាននាក់ (១,៧២៦,៤១៥) ក្នុងនោះជិត ៥ម៉ឺននាក់ ចុះឈ្មោះធ្វើការក្នុងឧស្សាហកម្មនេសាទ។ នេះបើយោងតាមទិន្នន័យរបស់ធនាគារពិភពលោក និងទិន្នន័យរបស់អាជ្ញាធរថៃ ដែលត្រូវបានអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ ដកស្រង់បញ្ជាក់ក្នុងរបាយការណ៍ស៊ើបអង្កេតរបស់ខ្លួនដែលមានចំណងជើងថា “ការកេងប្រវ័ញ្ចកម្លាំងពលកម្មដោយអាថ៌កំបាំង” ចេញផ្សាយកាលពីខែមករា កន្លងទៅ។ ដោយសារជនរងគ្រោះនៃការកេងប្រវ័ញ្ចកម្លាំងពលកម្មនេះ គឺជាជនជាតិខ្មែរ មន្ត្រីសិទ្ធិមនុស្សក្នុងស្រុកស្នើឱ្យរដ្ឋាភិបាលកម្ពុជា បង្កើនកិច្ចខិតខំបន្ថែមទៀតដើម្បីជួយដល់ពលរដ្ឋរបស់ខ្លួនដែលធ្លាក់ខ្លួនជាកម្មករទូកនេសាទរបស់ថៃ។

ប្រធានគ្រប់គ្រងការិយាល័យឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត ថ្លែងថា ការធ្លាក់ខ្លួនក្លាយជាកម្មករទូកនេសាទរបស់ថៃនេះ ដោយសារមូលហេតុច្រើនយ៉ាង ដូចជា ការធ្វើចំណាកស្រុកដោយខុសច្បាប់ ការចាញ់បោកមេខ្យល់ កង្វះខាតព័ត៌មានមុននឹងសម្រេចចិត្ត និងភាពក្រីក្រជាដើម។ លោកស្នើឱ្យរដ្ឋាភិបាលកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយភាគីថៃបន្ថែមទៀត ដើម្បីតាមដាន និងឃ្លាំមើលស្ថានភាពរបស់កម្មករខ្មែរដែលធ្វើការលើទូកនេសាទរបស់ថៃ ចៀសវាងការបាត់ដំណឹងពួកគាត់ដោយមិនដឹងមូលហេតុ។ លោកក៏ស្នើឱ្យរដ្ឋាភិបាលផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីរឿងកេងប្រវ័ញ្ចកម្លាំងពលកម្មនេះ ព្រមទាំងចាត់វិធានតាមផ្លូវច្បាប់ទៅលើក្រុមមេខ្យល់ដែលអូសទាញពលរដ្ឋខ្មែរឱ្យទៅធ្វើការដោយខុសច្បាប់នៅប្រទេសថៃនោះ ឱ្យបានតឹងរ៉ឹងបំផុត។ «»

មន្ត្រីសិទ្ធិមនុស្សរូបនេះ ក៏ស្នើដល់ប្រជាពលរដ្ឋឱ្យគិតគូរឱ្យបានម៉ត់ចត់មុននឹងសម្រេចចិត្តធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ ជាពិសេសត្រូវប្រុងប្រយ័ត្នចំពោះការអូសទាញរបស់មេខ្យល់ដែលល្បួងនាំទៅធ្វើការនៅប្រទេសថៃ ដោយប្រាប់ថា ទទួលបានប្រាក់ខែច្រើននោះ។ ក្នុងករណីសម្រេចចិត្តថាត្រូវទៅធ្វើការនៅប្រទេសថៃមែន លោកស្នើឱ្យពលរដ្ឋទៅដោយស្របច្បាប់ និងត្រូវរក្សាអត្តសញ្ញាណរបស់ខ្លួនកុំផ្លាស់ប្ដូរពេលទៅដល់ប្រទេសថៃ។ ជាពិសេសលោកស្នើឱ្យពលរដ្ឋខ្មែរដែលចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ ត្រូវចៀសវាងការងារជាកម្មករទូកនេសាទ ដ្បិតនេះជាការងារប្រឈមនឹងការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងជាការងារគ្រោះថ្នាក់បំផុត បើប្រៀបធៀបនឹងការងារផ្សេងទៀត៕

website_news/2018170703.txt · Last modified: 2018/07/17 15:12 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki