website_news:2018170704

សហភាពអឺរ៉ុបផ្តល់ជំនួយជាង២៩លានដុល្លារដើម្បីការពារសិទ្ធិពលករចំណាកស្រុកជាស្ត្រី

https://wmc.org.kh/ ថ្ងៃសៅរ៍ ទី១៤ ខែកក្កដា ឆ្នាំ២០១៨ ធូ វីរៈ

ភ្នំពេញ៖ សហភាពអឺរ៉ុបបានផ្តល់ជំនួយឥតសំណងជាង ២៩ លានដុល្លារ ដើម្បីការពារសិទ្ធិនិងសុវត្ថិភាពរបស់ពលករចំណាកស្រុកជាស្ត្រីនៅក្នុងតំបន់អាស៊ាន។ ចំពោះពលករចំណាកស្រុកជាស្ត្រីខ្មែរនូវមិនទាន់មានសុវត្ថិភាព និងការគោរពសិទ្ធិពេញលេញទេ ព្រោះពួកគេងាយរងគ្រោះពីការជួញដូរ និងអំពើហិង្សាផ្លូវភេទ និងផ្លូវកាយ។

យោងតាមសេចក្តីជូនដំណឹងរបស់សហភាពអឺរ៉ុប(EU)ចេញផ្សាយនៅថ្ងៃទី ១២ ខែ កក្កដានេះ សម្រេចផ្តលជំនួយឥតសំណងជាង ២៥ លានអឺរ៉ូ ឬស្មើនឹងជាង ២៩ លានដុល្លារអាមេរិក ក្នុងកម្មវិធី«សុវត្ថិភាព និងយុត្តិធម៌»សម្រាប់ស្ត្រីចំណាកស្រុកនៅក្នុងតំបន់អាស៊ាន។ ចំពោះស្ថានភាពពលករចំណាកស្រុកខ្មែរជាស្ត្រីនូវពុំទាន់ទទួលបានសុវត្ថិភាពក្នុងការធ្វើចំណាកស្រុកទៅរកការងារធ្វើនៅក្រៅប្រទេស ពិសេសការចំណាកស្រុកដោយខុសច្បាប់។

លោកវរសេនីយ៍ឯក គឹម ចិន្តា នាយកការិយល័យឆ្លងដែននៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សរបស់ក្រសួងមហាផ្ទៃបានបង្ហាញរបាយការណ៍ក្នុងឆ្នាំ ២០១៧ថា រាជរដ្ឋាភិបាលបានជួយសង្គ្រោះស្ត្រីខ្មែររងគ្រោះទៅក្រៅប្រទេសបានចំនួន ២៦២ នាក់។ អង្គការUN Women អង្គការពលកម្មអន្តរជាតិ( ILO) អង្គការសង្គមស៊ីវិល និងសហភាពអឺរ៉ុបធ្វើការជាមួយរាជរដ្ឋាភិបាល និងអាជ្ញាធរថ្នាក់ក្រោមជាតិក្នុងការផ្តល់សេវានានាក្នុងការកែលម្អរច្បាប់ការងារ ការទទួលបានព័ត៌មាន និងសេវាកម្ម ដើម្បីបង្ការទប់ស្កាត់បញ្ចប់អំពើហិង្សា និងការជួញដូរស្ត្រី និងកុមារី។ លោកវរសេនីយ៍ឯក គឹម ចិន្តា បន្ថែមថា ស្ត្រីរហូតដល់ ៥៨ នាក់ ត្រូវបានចាញ់បោកមេខ្យល់លក់ទៅឱ្យជនជាតិចិន ដើម្បីរៀបការជាមួយបុរសជនជាតិចិនពីម្នាក់ទៅម្នាក់ទៀត ហើយស្ត្រីទាំងនោះរងគ្រោះដោសារអំពើហិង្សាផ្លូវភេទ និងផ្លូវកាយធ្ងន់ធ្ងររហូតដល់២៩នាក់។

សហភាពអឺរ៉ុបប៉ាន់ប្រមាណថា ពលករចំណាកស្រុកប្រមាណ ១០ លាននាក់នៃជនន្តោប្រវេសន៍ ២០,២លាននាក់ នៅលើសកលលោកជាស្ត្រីមកពីតំបន់អាស៊ាន។ ស្ត្រីមានចំនួនច្រើនបម្រើការងារតាមផ្ទះនិងការថែទាំ ប៉ុន្តែពួកគេក៏មាននៅក្នុងវិស័យសំណង់ រោងចក្រ កសិកម្ម និងសេវាកម្ម។ ពលករចំណាកស្រុកកម្ពុជាមានប្រមាណ ១ លាន ២ សែន ដែលកំពុងបម្រើការងារនៅប្រទេសថៃ ម៉ាឡេស៊ី កូរ៉េខាងត្បូង ប្រទេសជប៉ុន ហុងកុង និងប្រទេសមួយចំនួនទៀត។ នេះបើរបាយការណ៍របស់ក្រសួងការងារ។ ក្របខ័ណ្ឌការងារ និងចំណាកស្រុកជាទូទៅក្លាយជាបញ្ហាយេនឌ័រនៃអំពើហិង្សារាងកាយ និងផ្លូវភេទមានអត្រាខ្ពស់ចំពោះស្ត្រីនៅក្នុងតំបន់អាស៊ាន។ ពេលចំណាកស្រុកស្ត្រីងាយរងគ្រោះចំពោះអំពើហិង្សា និងការជួញដូរពីតំបន់ទៅតំបន់មួយទៀត។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកាលពីថ្មីនេះ ឲ្យដឹងថា រាជរដ្ឋាភិបាលជួយសង្គ្រោះស្ត្រីខ្មែរចំនួន ១៦ នាក់ ត្រឡប់មកកម្ពុជាវិញ។ ក្នុងនោះស្ត្រីខ្មែរចំនួន ១១ នាក់ ត្រូវបានមេខ្យល់នាំយកទៅរៀបការជាមួយប្តីជនជាតិចិនដោយខុសច្បាប់ ហើយស្ត្រីខ្មែរ ៣នាក់ ជាអនីតិជន មានអាយុពី ១៣ ដល់ ១៦ ឆ្នាំ ត្រូវបានគេជួញដូរទៅប្រទេសថៃដែលត្រូវបានបញ្ជូនមកកម្ពុជាវិញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត។

កម្មវិធី«សុវត្ថិភាព និងយុត្តិធម៌»សម្រាប់ស្ត្រីចំណាកស្រុកនៅក្នុងតំបន់អាស៊ានមានរយៈពេល៥ឆ្នាំដោយចាប់ពីខែ មករា ឆ្នាំ ២០១៨។ កម្មវិធីនេះមានគោលបំណងធ្វើឱ្យប្រសើរឡើងនៅទិន្នន័យ និងចំណេះដឹងអំពីសិទ្ធិ និងការចូលរួមរបស់ពលករចំណាកស្រុក។ តាមរយៈកម្មវិធីនេះ នឹងជួយផ្លាស់ប្តូរឥរិយាបថរបស់អ្នកពាក់ព័ន្ធនានា ដើម្បីធានាសុវត្ថិភាព ការអនុវត្តច្បាប់ប្រកបដោយយុត្តិធម៌ដល់ពលករចំណាកស្រុកនៅក្នុងតំបន់។

បើតាមរបាយការណ៍ក្រសួងការបរទេសអាមេរិកស្តីពី«ការជួញដួរមនុស្សឆ្នាំ ២០១៨» បង្ហាញថា កម្ពុជាស្ថិតនៅក្នុងចំណាត់ថ្នាក់ទី២ក្នុងទប់ស្កាត់ការជួញដូរមនុស្ស៣ឆ្នាំជាប់គ្នាចាប់តាំងពីឆ្នាំ ២០១៦ ដែលមានន័យថាការទប់ស្កាត់អំពើជួញដូរមនុស្សមានស្ថានភាពល្អប្រសើរ។ ក្នុងរបាយការណ៍នេះ បញ្ជាក់ថា ក្រសួងការបរទេសកម្ពុជាធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋខ្មែររងគ្រោះចំនួន ៩៨៦ នាក់ ពីប្រទេសចិន ថៃ វៀតណាម និងម៉ាឡេស៊ី ខណៈឆ្នាំ ២០១៦ ពលរដ្ឋខ្មែររងគ្រោះមានចំនួន ៨១៥ នាក់។ ដោយឡែកក្រសួងសង្គមកិច្ចជួយសង្គ្រោះពលរដ្ឋខ្មែររងគ្រោះចំនួន ២៤៣ នាក់។

លោក Neven Mimica ស្នងការសហភាពអឺរ៉ុបសម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍អន្តរជាតិមានប្រសាសន៍ថា«យើងត្រូវលុបបំបាត់ឬសគុលអំពើហិង្សាគ្រប់រូបភាពនិងគ្រប់ទម្រងនៃអំពើហិង្សាលើរាងកាយរហូតដល់អំពើហិង្សាផ្លូវសេដ្ឋកិច្ច និងអំពើហិង្សាសង្គមប្រឆាំងនឹងស្ត្រីនិងកុមារី»៕

website_news/2018170704.txt · Last modified: 2018/07/17 15:17 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki