website_news:2018170705

អាជ្ញាធរថៃចាប់ពលករខ្មែរបញ្ជូនមកវិញប្រមាណ៥០ទៅ១០០នាក់ក្នុង១ថ្ងៃ

http://ppd-news.net/ July 17, 2018

ខេត្តបន្ទាយមានជ័យ ៖ ពលករខ្មែរខុសច្បាប់ប្រមាណ៥០ទៅ១០០នាក់ក្នុង១ថ្ងៃត្រូវបានអាជ្ញាធរថៃចាប់បញ្ជូនមកត្រឡប់មកកម្ពុជាវិញ ខណៈដែលរាជរដ្ឋាភិបាលថៃរឹតបន្តឹងច្បាប់ការងារ។ នេះជាការលើកឡើងលោក សួន បវរ អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខេត្ត កាលពីម្សិលមិញនៅសាលាប្រជុំសាលាខេត្តបន្ទាយមានជ័យ។

លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ដោយមានលិខិតពីក្រសួងមហាផ្ទៃជូនដំណឹងរដ្ឋបាលសាលាខេត្តបន្ទាយមានជ័យ គឺរដ្ឋាភិបាលថៃបានរឹតបន្តឹងច្បាប់ការងារនៅប្រទេសថៃ និងចាប់ពលករដែលធ្វើការគ្មានច្បាប់ និងចាប់បញ្ជូន ជាក់ស្តែង រយៈពេល២ទៅ៣ថ្ងៃនេះ ភាគីថៃបានចាប់បញ្ជូនពលករខ្មែរខុសច្បាប់១ថ្ងៃមានប្រមាណ៥០ទៅ១០០នាក់ដូចធម្មតា។ លោកបញ្ជាក់ថា មូលហេតុដែលភាគីថៃចាប់បញ្ជូនពលករខ្មែរខុសច្បាប់ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យដូចធម្មតា គឺមន្ត្រីច្រកចេញចូលតែមួយ រដ្ឋបាលសាលាខេត្តបន្ទាយមានជ័យ បានទទួលធ្វើប័ណ្ណព្រំដែនជូនប្រជាពលរដ្ឋបានចំនួន១៧.៥០០នាក់ និងផ្តល់ជូនបានចំនួន១៥.០០០ប័ណ្ណ ។

យោងតាមរបាយការណ៍ប្រចាំខែមិថុនា ឆ្នាំ២០១៨ ការងារប្រឆាំងការជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ គ្រប់គ្រងទេសន្តប្រវេសន៍ពលករខ្មែរ ដែលត្រូវភាគីថៃចាប់បញ្ជូនមកតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត មានចំនួន១.៨៩៣នាក់ ស្រី៦១៧នាក់ និងកុមារ១៧៣នាក់ ៕ ប្រភព ៖ អគ្គស្នងការនគរបាលជាតិ

website_news/2018170705.txt · Last modified: 2018/07/17 15:20 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki