website_news:2018170802

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បញ្ជាឲ្យបិទទីតាំងម៉ាស្សា “ភ្នំពេញទីមួយ” និងចាប់ខ្លួនក្រុមចែកខិត្តប័ណ្ណ

https://chsknews.com/ 2018/08/17

ភ្នំពេញ៖ នៅថ្ងៃទី១៧ខែសីហាឆ្នាំ២០១៨នេះ លោកបានបញ្ជាឲ្យអាជ្ញាធរមានសមត្ថកិច្ចចុះបិទទីតាំងម៉ាស្សា “ភ្នំពេញទីមួយ” និងតាមស្វែងរកចាប់ខ្លួនក្រុមដែលចែកខិត្តប័ណ្ណមានរូបស្រើបស្រា ដើម្បីធ្វើការសាកសួរ។ ការដាក់បទបញ្ជានេះ គឺធ្វើឡើងក្រោយពីមានការរិះគន់តាមបណ្ដាញសង្គមហ្វេសប៊ុក ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅថ្មីៗនេះ។ ខិត្តប័ណ្ណរូបស្រីចិនស្លៀកស៊ិចស៊ីបង្ហាញភាពស្រើបស្រាល និងរូបបុរសចិនស្រាតននលគោកជាច្រើនសន្លឹក ត្រូវបានដើរចេញនៅតាមតំបន់សំខាន់មួយចំនួន នៅក្នុងរាជធានីភ្នំពេញ និងតាមទីសាធារណៈផ្សេងៗមួយចំនួនទៀត ដែលធ្វើឲ្យប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ខិត្តប័ណ្ណបែបនេះ គឺនាពេលកន្លងមកត្រូវបានដើរចែកយ៉ាងអនាធិបតេយ្យនៅក្នុងខេត្តព្រះសីហនុ ដែលជាខេត្តទេចរណ៍មួយសំបូរទៅដោយភ្ញៀវទេសចរចម្រុះជាតិសាសន៍ ជាពិសេសជនជាតិចិនច្រើនជាងគេ។ ប៉ុន្តែករណីនេះ ត្រូវបានសមត្ថកិច្ចខេត្តព្រះសីហនុ ឃាត់ខ្លួនក្រុមអ្នកដើរចែក និងឈានទៅដល់ការបង្ក្រាបថែមទៀតផង។ ខិត្តប័ណ្ណដែលទទួលបាន គឺនៅក្នុងខិត្តប័ណ្ណនោះមានផ្ទៃពណ៌ផ្កាឈូក មានសរសេរអក្សរខ្មែរ “ភ្នំពេញទីមួយ” និងមានសរសេរអក្សរចិន និងអង់គ្លេស (Health massage) អមជាមួយ និងថែមទាំងមានដាក់លេខទូរស័ព្ទទំនាក់ទំនងថែមទៀតផង។ ហើយជាពិសេសគឺបានដាក់រូបស្រីចិនស្លៀកពាក់ស៊ិចស៊ីលេចលើលេចក្រោម ដែលបង្ហាញពីភាពស្រើបស្រាល។ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឹនៅក្នុងខិត្តប័ណ្ណនោះ ក៏មានដាក់រូបបុរសចិនស្រាតននលគោក បម្រើសេវាម៉ាស្សាផងដែរ ៕

website_news/2018170802.txt · Last modified: 2018/08/17 13:33 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki