website_news:2018170804

អាមេរិកមានគម្រោងនឹងបញ្ជូនពលរដ្ឋខ្មែរ៣០ទៀតទៅកាន់កម្ពុជានៅចុងខែសីហានេះ

https://www.rfa.org/khmer/news/ ថន ថារ៉ូ 2018-08-16

អាជ្ញាធរសហរដ្ឋអាមេរិកនឹងបញ្ជូនពលរដ្ឋខ្មែរដែលបានប្រព្រឹត្តបទល្មើសនៅអាមេរិក ៣០នាក់បន្ថែមទៀតទៅកាន់ប្រទេសកម្ពុជា នៅថ្ងៃទី២២ ខែសីហា ខាងមុខនេះ។ ទាំងអង្គការសង្គមស៊ីវិល និងសមត្ថកិច្ចកម្ពុជា អោយដឹងថាពលរដ្ឋខ្មែរដែលត្រឡប់មកកម្ពុជាទាំងចាប់បង្ខំនោះ ជួបការលំបាកក្នុងការរស់នៅដោយសារពួកគេបែកបាក់ពីក្រុមគ្រួសារ និងមួយចំនួនពិបាកសម្របខ្លួនទៅក្នុងសង្គម និងវប្បធម៌ថ្មី ។ ទោះជាយ៉ាងណា ការនិរទេសពលរដ្ឋខ្មែរដែលរំលោភច្បាប់អាមេរិកទៅកម្ពុជាវិញនេះ គឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរដែលបានចុះហត្ថលេខានៅឆ្នាំ២០០២។

នាយកប្រតិបត្តិអង្គការគាំពារពលរដ្ឋខ្មែរគ្មានទីពឹង លោក តាន់ សូនិក (Sonec Tan) បានអោយអាស៊ីសេរីដឹងថា អាជ្ញាធរអាមេរិកនឹងបញ្ជូនពលរដ្ឋខ្មែរចំនួន៣០នាក់ ពីសហរដ្ឋអាមេរិកវិញ នៅចុងខែសីហានេះ។ ទោះជាយ៉ាងណា លោកថា អង្គការរបស់លោកនៅមិនទាន់បានទទួលបញ្ជីឈ្មោះ ពីអាជ្ញាធរអាមេរិកនៅឡើយទេរហូតមកដល់ពេលផ្សាយនេះ។ លោក តាន់ សូនិក បញ្ជាក់ថា រហូតមកដល់ពេលនេះ មានពលរដ្ឋខ្មែរចំនួន ៦៣៩នាក់ហើយ ត្រូវបានអាជ្ញាធរអាមេរិកបញ្ជូនមកដល់កម្ពុជាវិញ ក្នុងនោះមានបុរស៦២៣នាក់ និងស្ត្រី ១៦នាក់។ លោកបន្ថែមថា ការប្រឈមខ្លាំងនោះ គឺពលរដ្ឋខ្មែរមួយចំនួនដែលត្រលប់មកកម្ពុជាវិញហើយនោះ ខ្វះការជួយជ្រោមជ្រែងពីគ្រួសារនៅអាមេរិក និងនៅស្រុកខ្មែរ នៅពេលអ្នកត្រូវបញ្ជូនត្រលប់មកវិញមានចំនួនកាន់តែច្រើនឡើង។ ពលរដ្ឋខ្មែរទាំងនេះខ្វះចំណេះដឹងផ្នែកវប្បធម៌ និងភាសាខ្មែរ ដែលធ្វើអោយពួកគេមានការលំបាកក្នុងការធ្វើសមាហរណកម្ម សម្របខ្លួនចូលទៅក្នុងសង្គមខ្មែរ។ លោក តាន់ សូនិក ក៏បានអោយដឹងដែរថា ពលរដ្ឋខ្មែរប្រមាណ២០ភាគរយដែលត្រូវបានបញ្ជូនត្រលប់មកវិញនោះ មានការលំបាកក្នុងការសម្របខ្លួនទៅក្នុងសង្គមដែលគេគិតថា មិនមែនជាប្រទេសរបស់ពួកគេ។ រហូតមកដល់ពេលនេះ ពលខ្មែរដែលត្រូវបានបញ្ជូនត្រលប់មកកម្ពុជាវិញនោះ មានចំនួន២៩នាក់បានស្លាប់ ដែលក្នុងនោះ ២នាក់ បានធ្វើអត្តឃាត។

យោងតាមកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលអាមេរិក និងរដ្ឋាភិបាលខ្មែរកាលពីឆ្នាំ២០០២ សហរដ្ឋអាមេរិកនឹងបញ្ជូនពលរដ្ឋខ្មែរ ដែលបានប្រព្រឹត្តបទឧក្រិដ្ឋនៅសហរដ្ឋអាមេរិកទៅកាន់ប្រទេសកំណើតវិញ ក្រោយពីពួកគេបានជាប់ពន្ធនាគារនៅអាមេរិកតាមការកំណត់របស់តុលាការរួចហើយ។ អ្នកដែលត្រូវបាននិរទេសចេញពីអាមេរិកទាំងនោះ គឺត្រូវតែជាអ្នកមិនទាន់មានសញ្ជាតិអាមេរិក ទោះបីជាពួកគេបានមករស់នៅក្នុងទឹកដីសហរដ្ឋអាមេរិកអស់រយៈពេលជាច្រើនឆ្នាំយ៉ាងណាក្តី។ ពួកគេភាគច្រើនមករស់នៅសហរដ្ឋអាមេរិកតាំងពីវ័យកុមារ មកជាមួយឪពុកម្ដាយក្នុងឋានៈជាជនភៀសខ្លួនក្រោយរបបខ្មែរក្រហមបានដួលរលំ។ ក្នុងករណីពលរដ្ឋខ្មែរដែលមានសញ្ជាតិអាមេរិកហើយ ក្រោយពេលជាប់ទោស ពួកគេនឹងមិនអាចត្រូវបានបញ្ជូនចេញពីប្រទេសអាមេរិកឡើយ នេះបើផ្អែកតាមច្បាប់អាមេរិក។

លោក អេរិន ឆ្វាតជេស (Arend Zwartjes) អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំក្រុងភ្នំពេញ បានប្រាប់អាស៊ីសេរីតាមសារអេឡិកត្រូនិចកាលពីពេលថ្មីៗនេះថា សហរដ្ឋអាមេរិកនឹងបន្តធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីទទួលយកពលរដ្ឋកម្ពុជាដែលពុំមានសិទ្ធិរស់នៅក្នុងសហរដ្ឋអាមេរិក។ លោកបន្ថែមទៀតថា ស្ថានទូតសហរដ្ឋអាមេរិក បានផ្តល់ជំនួយឧបត្ថម្ភដល់អង្គការក្រៅរដ្ឋាភិបាលមួយឈ្មោះថា អង្គការគាំពារពលរដ្ឋខ្មែរគ្មានទីពឹង ឬហៅកាត់ថាខ្វាវ (KVAO) ដើម្បីជួយដល់ពលរដ្ឋខ្មែរដែលត្រូវបានបញ្ជូនមកវិញទាំងនេះ ធ្វើការសម្របខ្លួនក្នុងការរស់នៅក្នុងសង្គមកម្ពុជា។ ថ្មីៗនេះមន្ត្រីអាជ្ញាធរអាមេរិក ដែលពាក់ព័ន្ធការបញ្ជូនជនជាតិខ្មែរទៅកាន់ប្រទេសកម្ពុជាវិញ បានប្រាប់សារព័ត៌មានបរទេសថា រហូតមកដល់ខែធ្នូ ឆ្នាំ២០១៧ មានពលរដ្ឋខ្មែរជិត ២.០០០នាក់ មានឈ្មោះក្នុងបញ្ជីដែលត្រូវអាជ្ញាធរអាមេរិកនឹងបញ្ជូនត្រលប់ទៅកាន់ប្រទេសកម្ពុជាវិញ។ ភាគច្រើននៃពួកគេទាំងនេះ បានទទួលទោសពីបទឧក្រិដ្ឋនៅក្នុងប្រទេសអាមេរិក។

ពលរដ្ឋខ្មែរម្នាក់ដែលបានមករស់នៅក្នុងសហរដ្ឋអាមេរិកតាំងពីវ័យកុមារ ហើយត្រូវបានអាជ្ញាធរអាមេរិកបញ្ជូនទៅកាន់ប្រទេសកម្ពុជាវិញក្នុងឆ្នាំ២០០៤ និយាយថា លោកបានមករស់នៅក្នុងរដ្ឋកាលីហ្វរញ៉ា (California)ទឹកដីអាមេរិកក្នុងឆ្នាំ១៩៨៤ ដែលកាលនោះលោកទើបមានអាយុ ៣ ឬ៤ឆ្នាំប៉ុណ្ណោះ។ លោក ហេង ខាលវិន (Calvin Heng) បន្តថា នៅពេលលោកមានអាយុ១៩ឆ្នាំ មានពេលមួយនោះ លោកមានទំនាស់ទាស់ទែងវាយគ្នាជាមួយអ្នកផ្សេង ក៏ត្រូវបានអាជ្ញាធរអាមេរិកចាប់កាត់ទោសដាក់ពន្ធនាគារអស់ចំនួន ៤ឆ្នាំ រហូតដល់លោកអាយុ ២៣ឆ្នាំ។ សព្វថ្ងៃនេះលោកមានអាយុ ៣៧ឆ្នាំកំពុងរស់នៅក្នុងប្រទេសកម្ពុជា។ ក្រោយមកដល់ប្រទេសកម្ពុជា លោកក៏មានភរិយាជាជនជាតិអាមេរិកហើយមានកូនស្រីពីរនាក់ ម្នាក់អាយុ១០ឆ្នាំ និងម្នាក់ទៀតអាយុ១១ឆ្នាំ។ លោកថា បើទោះបីលោកមិនអាចវិលត្រលប់ទៅកាន់សហរដ្ឋអាមេរិកវិញក្តី តែភរិយានិងកូនស្រីរបស់លោកបានទៅរស់នៅអាមេរិកដើម្បីអោយកូនៗបានសិក្សា និងរៀនសូត្រនៅទីនោះ តែពួកគេបានមកលេងលោកជារៀងរាល់ឆ្នាំពេលទំនេរពីការសិក្សា។ លោក ហេង ខាលវិន បន្ថែមទៀតថា ពេលលោកមកដល់ស្រុកខ្មែរដំបូង លោកជួបការលំបាកច្រើនដោយសារតែលោកបានទៅរស់នៅអាមេរិកតាំងពីវ័យនៅក្មេង។ លោកថា ពេលមកដល់ស្រុកខ្មែរភ្លាមលោកបាននាំមិត្តភ័ក្ដិដែលមកជាមួយគ្នា បង្កើតជាអង្គការស្ម័គ្រចិត្តជួយដល់ពលរដ្ឋកម្ពុជា អោយដឹងពីគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន នឹងការឆ្លងជំងឺអេដស៍ ជាដើម។ លោក ហេង ខាលវិន ដែលបច្ចុប្បន្នកំពុងបំរើការនៅក្នុងក្រុមហ៊ុនមួយនាក្រុងភ្នំពេញ បន្ទាប់ពីលោកបានធ្វើការនៅក្នុងកាសែតភ្នំពេញប៉ុស្តិ៍ អស់រយៈ៦ឆ្នាំក្នុងនាមជានាយកទីផ្សារ។ លោកបានអំពាវនាវអោយរដ្ឋាភិបាលអាមេរិកកែសម្រួលផ្លូវច្បាប់ហើយបញ្ឈប់ការបញ្ជូនពលរដ្ឋខ្មែរដែលបានទៅរស់នៅអាមេរិកតាំងពីក្មេងៗ មកកាន់ប្រទេសកម្ពុជាវិញ ព្រោះការបញ្ជូនពួកគេមកប្រទេសកម្ពុជាវិញជារឿងអយុត្តិធម៌ ដោយពួកគេត្រូវរស់នៅបែកក្រុមគ្រួសារប្រពន្ធកូន។ លោកថា ពលរដ្ឋខ្មែរដែលត្រូវបានបញ្ជូនមកដល់ប្រទេសកម្ពុជាវិញ គួរត្រូវបានផ្ដល់ឱកាសជាលើកទីពីរក្នុងការបានរស់នៅលើទឹកដីអាមេរិក។ លោកឧត្ដមសេនីយ៍ ម៉ៅ ចាន់តារា អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ថ្មីៗនេះ ត្រូវបានកាសែតភ្នំពេញប៉ុស្តិ៍ ស្រង់សំដីចុះផ្សាយថា សមត្ថកិច្ចកម្ពុជាមានការខ្វះខាតសម្ភារៈនិងអាគារសម្រាប់ទទួលជនជាតិខ្មែរដែលអាជ្ញាធរអាមេរិកបញ្ជូនមកវិញ ដួចនេះធ្វើអោយមានការលំបាកខ្លាំង ក្នុងការធ្វើសមាហរណកម្មពួកគេទៅក្នុងសង្គមកម្ពុជា។ លោកថា ភាគីកម្ពុជាបានស្នើទៅខាងភាគីអាមេរិកអោយជួយផ្ដល់នូវអ្វីដែលកម្ពុជាត្រូវការ តែរហូតមកដល់ពេលនេះ កម្ពុជានៅតែមិនទាន់បានទទួលការឆ្លើយតបណាមួយពីភាគីសហរដ្ឋអាមេរិកនោះនៅឡើយទេ។ អាស៊ីសេរី បានព្យាយាមទាក់ទងមន្ត្រីអាជ្ញាធរកម្ពុជា ដើម្បីបញ្ជាក់បន្ថែមពីរឿងនេះ ប៉ុន្តែ ទូរស័ព្ទចូល ពុំមានអ្នកទទួល។

ទោះជាយ៉ាងណា អង្គការគាំពារពលរដ្ឋខ្មែរគ្មានទីពឹង ធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរកម្ពុជាក្នុងការជួបដោយផ្ទាល់ជាមួយពលរដ្ឋខ្មែរ គ្រប់រូប នៅពេលដែលពួកគេត្រូវបានបញ្ជូនមកដល់កម្ពុជា ហើយជួយសម្រួលដល់ការទទួលបានឯកសារផ្សេងៗនៅក្នុងប្រទេសកម្ពុជា ដូចជាសំបុត្រកំណើត សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណជាដើម ហើយថាការសហការរបស់អាជ្ញាធរកម្ពុជាមានសារសំខាន់។

លោក តាន់ សូនិក ដែលជានាយកប្រតិបត្តិអង្គការគាំពារពលរដ្ឋខ្មែរគ្មានទីពឹង អោយដឹងថា អង្គការរបស់លោកទទួលជំនួយឧបត្ថម្ភដើម្បីធ្វើការងារនេះ ពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ ហៅកាត់ថា យូសេដ (USAID) និងអង្គការនៃគណៈកម្មាធិការកណ្ដាល Mennomite។

កាលពីខែកញ្ញា ឆ្នាំ២០១៧ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានផ្អាកផ្ដល់ទិដ្ឋាការដល់មន្ត្រីរដ្ឋាភិបាលនៃប្រទេសចំនួនបួន ដែលមិនព្រមសហការទទួលយកពលរដ្ឋរបស់ខ្លួនត្រលប់ទៅប្រទេសកំណើតវិញ ក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។ ប្រទេសបីទៀតមកពីទ្វីបអាហ្វ្រិក មានប្រទេសអេរិចទ្រា (Eritrea) ហ្គីនៀ (Guinea) និងប្រទេសសារ៉ាឡេអូន (Sierra Leone) ។ ភ្លាមៗក្រោយអាមេរិកប្រកាសផ្អាកទិដ្ឋាការដល់មន្ត្រីរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន ក៏បានប្រកាសសងសឹកដល់អាមេរិកវិញដោយប្រកាសអោយផ្អាកនូវកិច្ចសហប្រតិបត្តិការជាមួយអាមេរិក ក្នុងការស្រាវជ្រាវរុករកអដ្ឋិធាតុទាហានអាមេរិកាំង ដែលបានស្លាប់កាលពីសម័យសង្គ្រាមនៅឥណ្ឌូចិន ដែលកាលនោះមានទាហានអាមេរិកជិត ១០០នាក់ បានបាត់ខ្លួននិងស្លាប់ ហើយដែលជិតពាក់កណ្ដាលនៃចំនួននេះ ត្រូវបានគេកំណត់អត្តសញ្ញាណនិងរកឃើញអដ្ឋិធាតុរួចមកហើយ។ នៅក្នុងខែកុម្ភៈកន្លងទៅនេះរាជរដ្ឋាភិបាលកម្ពុជា បានយល់ព្រមសហការជាមួយភាគីអាមេរិកវិញបន្ទាប់ពីបានជួបជាមួយមន្ត្រីក្រសួងការបទេសអាមេរិក ដោយព្រមទទួលយកនូវពលរដ្ឋរបស់ខ្លួនពីអាមេរិកមកប្រទេសកម្ពុជាវិញ៕

website_news/2018170804.txt · Last modified: 2018/08/17 13:40 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki