website_news:2018171201

ពលករខ្មែរជាង៥០នាក់ត្រូវថៅកែបញ្ឈប់ពីការងារនិងមិនប្រគល់លិខិតឆ្លងដែនឲ្យពួកគេវិញ

https://www.rfa.org/khmer/ ដោយ សេក បណ្ឌិត 2018-12-16

ពលករខ្មែរធ្វើការងារនៅប្រទេសថៃឲ្យដឹងថា ថៅកែថៃបានបញ្ឈប់ពលករខ្មែរពីការងារជាង ៥០នាក់ និងមិនបានប្រគល់លិខិតឆ្លងដែនឲ្យពួកគេវិញនោះទេ។ សង្គមស៊ីវិលធ្វើការងារទាក់ទងសិទ្ធិពលករលើកឡើងថា នេះជាការរំលោភសិទ្ធិពលករធ្ងន់ធ្ងរ។ ពលករខ្មែរភាគច្រើនដែលត្រូវថៅកែបញ្ឈប់ពីការងារបានសម្រេចទៅប្រទេសកម្ពុជាវិញទាំងគ្មានលិខិតឆ្លងដែនក្នុងការធ្វើដំណើរ។ ពួកគេមិនហ៊ានបន្តរស់នៅប្រទេសថៃទៀតទេ ដោយខ្លាចសមត្ថកិច្ចថៃចាប់ខ្លួន។ ការបញ្ឈប់ពីការងារនេះ គឺធ្វើឡើងភ្លាមៗ មិនបានជូនដំណឹងទៅពលករឲ្យដឹងមុន ដើម្បីមានពេលរកការងារផ្សេងធ្វើនោះទ។

តំណាងពលករខ្មែរ លោក រស់ ប៊ុនធឿន ប្រាប់អាស៊ីសេរីថា ពលករខ្មែរដែលត្រូវថៅកែបញ្ឈប់ពីការងារនោះភាគច្រើនជាពលករទើបមកធ្វើការងារមានរយៈ ពីរ ទៅបី ខែ និងមិនទាន់ពេញសិទ្ធិ។ លោកបន្តថា មូលហេតុដែលថៅកែដកហូតលិខិតឆ្លងដែនពីពលករខ្មែរនោះ ព្រោះគេលើកឡើងថា ពលករទាំងនោះជំពាក់ថ្លៃធ្វើលិខិតឆ្លងដែនរបស់ថៅកែរោងចក្រ៖ «យើងសុំលិខិតឆ្លងដែនក៏គេមិនឲ្យយើងដែរគេថាយើងមកធ្វើការអត់ទាន់គ្រប់លក្ខណៈការងារណាមួយគេអត់ទាន់កាត់លុយថ្លៃលិខិតឆ្លងដែនហ្នឹងដាច់»។ លោក រស់ ប៊ុនធឿន បន្តឲ្យដឹងទៀតថា រោងចក្រដែលបញ្ឈប់ពលករនោះជារោងចក្រដំឡើងគ្រឿងអេឡិចត្រូនិក ករណីនេះកើតឡើងតាំងពីអំឡុងខែវិច្ឆិកា។ លោកបន្តថា ទោះពលករខ្មែរមិនពេញចិត្តចំពោះការបញ្ឈប់នេះ ប៉ុន្តែពួកគេមិនដឹងថា ត្រូវរកអន្តរាគមន៍ពីស្ថាប័នណានោះទេ។ លោកបន្តថា រហូតមកដល់ពេលនេះ នៅសល់តែពលករជាង ១០នាក់ប៉ុណ្ណោះដែលបន្តរស់នៅខុសច្បាប់នៅប្រទេសដើម្បីស្វែងរកការងារថ្មី៖ «ពលករនៅសល់ជាង ១០នាក់អីដែរ អត់ទាន់ទៅពួកគេ មានប្តីមានប្រពន្ធនៅថៃអ៊ីចឹងហើយអ្នកណាទៅគេជួលឡានគេទៅទាំងយប់អ៊ីចឹង»។

អាស៊ីសេរីមិនទាន់អាចមានមធ្យោបាយ ដើម្បីសុំការបំភ្លឺករណីនេះពីមន្ត្រីស្ថានទូតកម្ពុជាប្រចាំប្រទេសថៃបាននៅឡើយទេ នៅថ្ងៃទី១៦ ខែធ្នូ។ ចំណែកអ្នកនាំពាក្យក្រសួងការងារលោក ហេង សួរ ក៏មិនអាចសុំការបំភ្លឺបានដែរដោយទូរស័ព្ទរបស់លោករោទ៍ជាច្រើនដងតែគ្មានអ្នកទទួល។ តំណាងពលករខ្មែរប្រចាំប្រទេសថៃ លោក លី រតនរស្មី ដែលតែងចេញមុខទាមទារការគោរពសិទ្ធិពលកររិះគន់ថា រាល់ពេលពលករខ្មែរនៅប្រទេសថៃជួបការរំលោភបំពានលើពលករខ្មែរលោកមិនដែលឃើញស្ថានទូតខ្មែរប្រចាំប្រទេសថៃ ជួយអន្តរាគមន៍បានម្តងណាឡើយ។ ទោះបែបនេះក្តីតំណាងពលកររូបនេះ ស្នើទៅក្រុមហ៊ុនដែលនាំពលករមកធ្វើការងារប្រទេសថៃត្រូវអន្តរាគមន៍ជួយដល់ពលករដែលបញ្ហាការងារដូចនេះ ព្រោះពលករខ្មែរបានចំណាយលុយច្រើនណាស់ទៅឲ្យក្រុមហ៊ុននោះ៖ «ជួបបញ្ហានេះរាប់ពាន់លើកទៅហើយប៉ុន្តែរាល់ការស្នើសុំពីពលករមិនដែលមានលទ្ធផល»។

មន្ត្រីកម្មវិធីសិទ្ធិការងារនៃអង្គការសម្ពន្ធភាពការងារនិងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ លោក ឌី ថេហូយ៉ា និយាយថា នេះការរំលោភសិទ្ធិពលករធ្ងន់ធ្ងរលើពលករ ហើយការបញ្ឈប់ការងារនេះទៀតសោតមិនមែនជាកំហុសរបស់ពលករថែមទៀតផង។ លោកបន្តថា អង្គការរបស់លោកនឹងតាមដានករណីដោយចិត្តទុកដាក់ក្រោយទទួលបានព័ត៌មាននេះ៖ «អត់មានការងារធ្វើជាការទទួលខុសត្រូវរបស់ក្រុមហ៊ុនដែលបញ្ជូនពលករនេះ ជាការទទួលខុសត្រូវដោះស្រាយឲ្យគាត់»។ មន្ត្រីសិទ្ធិមនុស្សរូបនេះយល់ថា ករណីនេះពលករខ្មែរ អាចដាក់ពាក្យប្ដឹង ដើម្បីទាមទារប្រាក់សំណង ឬរកដំណោះស្រាយសមរម្យណាមួយ ដើម្បីជួយដល់ពលករដែលរងការរំលោភបំពាននេះ៕

website_news/2018171201.txt · Last modified: 2018/12/17 13:58 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki