website_news:2018171202

ស្ត្រីខ្មែរនៅតែបន្តរងគ្រោះជួញដូរផ្លូវភេទទៅរៀបការជាមួយបុរសចិន

https://www.rfa.org/khmer/ ដោយ ម៉ៅ សុធានី 2018-12-15

សង្គមស៊ីវិលលើកឡើងថា ស្ត្រីខ្មែរជាច្រើនដែលមានអាយុចន្លោះពី ១៨ឆ្នាំ ដល់ ៣៥ឆ្នាំ បន្តចាញ់បោកមេខ្យល់ថា នឹងមានអនាគតល្អនៅពេលរៀបការជាមួយបុរសជនជាតិចិន នៅប្រទេសចិន។ ក៏ប៉ុន្តែស្ត្រីជាច្រើនបានសម្រេចវិលត្រឡប់មកស្រុកកំណើតវិញ ដោយមិនអាចទ្រាំទ្រនូវការរំលោភបំពានរាល់ទម្រង់រូបភាព រួមមានការវាយធ្វើបាបរូបរាងកាយ ផ្លូវចិត្ត និងការបង្ខំរួមភេទ ជាដើម។ តើមូលហេតុអ្វី បានជាការជួញដូរស្ត្រីខ្មែរ ទៅរៀបការជាមួយបុរសចិន នៅតែបន្តកើតមានឡើង? សង្គមស៊ីវិលជាតិ និងអន្តរជាតិ លើកឡើងដូចៗគ្នាថា ប្រការដែលស្ត្រីខ្មែរនៅតែបន្តរងគ្រោះ ចាញ់ល្បិចមេខ្យល់ជួញដូរផ្លូវភេទ និងសុខចិត្តទៅរៀបការជាមួយបុរសចិន គឺដោយសារភាពក្រីក្រ កម្រិតការសិក្សាទាប និងក្តីស្រម័យថា ខ្លួននឹងមានភ័ព្វវាសនាល្អ មានលុយកាក់ ជួយក្រុមគ្រួសារទីទាល់ក្រ។ ក៏ប៉ុន្តែស្ត្រីរងគ្រោះ ភាគច្រើនត្រឡប់មកកម្ពុជាវិញ គ្មានអ្វីទាំងអស់ ហើយខ្លះរហូតដល់ទុកកូនចោល ជាមួយក្រុមគ្រួសារខាងប្តី ដោយមិនដឹងថា ពេលណា នឹងបានជួបកូនៗរបស់ពួកគេ។ បន្ថែមពីនេះ មានស្ត្រីខ្មែរខ្លះ ត្រូវរងគ្រោះក្នុងការជួញដូរផ្លូវភេទ ដោយសារបុរសចិនបានលក់នាងបន្តពីម្នាក់ទៅម្នាក់ទៀត។

ប្រធានបណ្ដាញកម្មករធ្វើការតាមផ្ទះនៃសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ អ្នកស្រី វុន សម្ភស្ស បានប្រាប់អាស៊ីសេរី កាលពីថ្ងៃទី១១ ខែធ្នូ ថា តាមការជួបផ្ទាល់ជាមួយស្ត្រីរងគ្រោះដែលវិលត្រឡប់ពីប្រទេសចិនវិញ ពួកគេច្រើនមានជំងឺផ្លូវចិត្ត ដោយសាររងគ្រោះធ្ងន់ធ្ងរពីការវាយធ្វើបាប ផ្លូវកាយផ្លូវចិត្ត និងបង្ខំរួមភេទច្រើនដងក្នុងមួយថ្ងៃ។ មិនតែប៉ុណ្ណោះ ស្ត្រីទាំងនោះត្រូវបានបុរសជាប្តី បង្ខាំងទុកឲ្យនៅតែក្នុងផ្ទះ ធ្វើការធ្ងន់ជាច្រើនម៉ោង មិនបានសម្រាក និងមិនអាចទាក់ទងក្រុមគ្រួសារនៅស្រុកកំណើត ឬមិត្តភ័ក្ដិ ដែលស្គាល់ទៅប្រទេសចិនដូចគ្នា ពីព្រោះបុរសជាប្តី ភ័យខ្លាចប្រពន្ធខ្លួនរត់ចោល៖ «គឺគាត់ប្រឈមបញ្ហាច្រើន។ អ្នកខ្លះទៅបម្រើការ ឬទៅរៀបការនៅស្រុកចិន ពេលមកស្រុកខ្មែរវិញ គឺគាត់មានបញ្ហាសតិ ដោយសារគេធ្វើបាប អ្នកខ្លះយកទៅបម្រើអ្នកជាបុរស ជាប្តី និងក្រុមគ្រួសារ គឺថាគ្រាន់តែមានថា ការជាមួយយើង ប៉ុន្តែយកយើងទៅធ្វើបាបដដែល»។

អ្នកស្រី វុន សម្ភស្ស បន្តថា អត្រាជួញដូរស្ត្រីខ្មែរឲ្យទៅរៀបការនៅប្រទេសចិន នៅតែមានការកើនឡើងខ្លាំង ដោយសារភាគច្រើនមេខ្យល់ដែលបោកប្រាស់ ស្ត្រីក្មេងៗទាំងនោះ គឺច្រើនជាក្រុមគ្រួសារ និងជាអ្នកជិតខាងដែលពួកគេស្គាល់ច្បាស់ និងទុកចិត្តជាទីបំផុត៖ «សម្រាប់ខ្ញុំ ការចាញ់បោកទៅស្រុកចិន មិនចុះថយទេ គឺកាន់តែកើនឡើងថែមទៀតបច្ចុប្បន្ន។ ពួកគាត់នៅស្រុកស្រែចម្ការ ចាញ់បោកមេខ្យល់ ដែលត្រូវជាសាច់ញាតិគាត់ ដែលកុហកថា នៅពេលមានគ្រួសារនៅស្រុកចិនហើយ មិនលំបាកទេ។ ខ្លះថា ពេលបានប្តីបរទេសនឹងបានជីវភាពធូរស្រាល។ ប៉ុន្តែធាតុពិតអត់មានអ៊ីចឹងទេ»។

កាសែតបាងកកប៉ុស្តិ៍ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ បានចុះផ្សាយអត្ថបទមួយមានចំណងជើងថា «ការជួញដូរកូនក្រមុំ នៅតំបន់ទន្លេមេគង្គ» ដោយរៀបរាប់ពីស្ត្រីខ្មែររងគ្រោះម្នាក់ឈ្មោះ ណារី ដែលទើបត្រឡប់មកដល់កម្ពុជាវិញពីប្រទេសចិន និងមានកូនប្រុសម្នាក់ទុកចោលនៅជាមួយប្តី ដោយមិនអនុញ្ញាតឲ្យយកមកជាមួយម្ដាយ។ ណារី ចំណាយពេល៦ឆ្នាំ រស់នៅជាមួយស្វាមីជនជាតិចិន ហើយពេលរៀបការ នាងមានអាយុ ១៧ឆ្នាំ។ នាងបាននិយាយថា បងប្រុសបង្កើត បានលួងលោមនិងបញ្ឆោតនាងឲ្យយល់ព្រមរៀបការ។

ប្រភពដដែលឲ្យដឹងផងដែរថា បញ្ហារៀបការជាមួយបុរសជនជាតិចិន ដែលកូនក្រមុំមិនដែលស្គាល់មុខនេះ គឺមានកើតឡើងយ៉ាងច្រើននៅតំបន់ទន្លេមេគង្គ ក្នុងនោះ រួមមានប្រទេសកម្ពុជា វៀតណាម ឡាវ និងប្រទេសភូមា ដែលក្នុងមួយឆ្នាំៗ មានកូនក្រមុំក្មេងៗ រាប់ម៉ឺននាក់ សុខចិត្តទៅរៀបការជាមួយស្វាមីចិន ដោយរំពឹងថា នឹងមានវាសនាល្អ មានលុយមានកាក់ជួយក្រុមគ្រួសារទីទាល់ក្រ និងសងប្រាក់ជំពាក់មីក្រូហិរញ្ញវត្ថុ។ ប្រភពបន្តថា បុរសចិនម្នាក់ៗ ត្រូវចំណាយប្រាក់ពីចន្លោះ ១ម៉ឺន ដល់១ម៉ឺន ៥ពាន់ដុល្លារ ដើម្បីទិញស្ត្រីមកធ្វើជាប្រពន្ធ។ បញ្ហាដែលបុរសចិន នៅប្រទេសចិន មិនអាចរកស្ត្រីចិនដូចគ្នា រៀបការជាមួយបាន ដោយសារតែនយោបាយ «គ្រួសារមួយ កូនមួយ» របស់រដ្ឋាភិបាលចិន រយៈពេល ៣សតវត្សកន្លងមកនេះ បណ្ដាលឲ្យខ្វះស្ត្រី ដោយគ្រួសារនីមួយៗ ចង់បានតែកូនប្រុសស្នងត្រកូល។ ប្រភពដដែលបន្តថា ស្ត្រីខ្លះដែលត្រូវបានមេខ្យល់ឆបោកថា អាចរកការងារធ្វើបានប្រាក់ខែច្រើន បែរជាត្រូវបានចាប់បង្ខំឲ្យរៀបការ និងត្រូវបានជួញដូរ ធ្វើជាស្ត្រីពេស្យាផងដែរ។ បន្ថែមពីនេះ ស្ត្រីរងគ្រោះទាំងនោះ ត្រូវបានអាជ្ញាធរចិន ចាប់ដាក់ពន្ធនាគារ ដោយសារគ្មានលិខិតឆ្លងដែនជាដើម។

អាស៊ីសេរីបានព្យាយាមទាក់ទង អនុប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំង ការជួញដូរមនុស្សនៃក្រសួងមហាផ្ទៃលោកស្រី ជូ ប៊ុនអេង ជាច្រើនដងតាមទូរស័ព្ទតែគ្មានអ្នកទទួល។ ក៏ប៉ុន្តែលោកស្រី ជូ ប៊ុនអេង បានប្រាប់កាសែតបាងកកប៉ុស្តិ៍ថា ពាណិជ្ជកម្មអាពាហ៍ពិពាហ៍នេះ កំពុងរីករាលដាលយ៉ាងខ្លាំង ហើយបញ្ហាធំបំផុត គឺលុយនេះហើយ ដែលជំរុញស្ត្រីខ្មែរសុខចិត្តទៅរៀបការជាមួយបុរសចិន។ លោកស្រីបញ្ជាក់ថា ស្ត្រីវ័យក្មេង និងស្រស់ស្អាត គឺមានតម្លៃខ្ពស់។ លោកស្រី ជូ ប៊ុនអេង បន្តថា តួលេខផ្លូវការរបស់ក្រសួងមហាផ្ទៃ បង្ហាញថា ស្ត្រីខ្មែរចំនួន ១ម៉ឺននាក់ បានចុះឈ្មោះក្នុងបញ្ជីរៀបការជាមួយបុរសចិន នៅបណ្ដាខេត្ត ហ្គួងដុង (Guandong) ហ្គីយូ (Guizhou) និងខេត្តយូណាន (Yunnan) នៃប្រទេសចិន។ ស្ត្រីក្មេងៗនិងស្រស់ស្អាតទាំងនោះរំពឹងថា ខ្លួននឹងមានវាសនាល្អអាចរស់នៅសុខដុមរមនា ជាមួយប្ដីជនជាតិចិន និងអាចសន្សំប្រាក់ យកមកផ្គត់ផ្គង់ក្រុមគ្រួសារទីទាល់ក្រ។

របាយការណ៍របស់អង្គការសហប្រជាជាតិប្រឆាំងការជួញដូរមនុស្ស ឲ្យដឹងថា ក្នុងអំឡុងឆ្នាំ២០១៥ មានស្ត្រីខ្មែរចំនួន ៨៥នាក់ ត្រូវបានជួយអន្តរាគមន៍និងដឹកត្រឡប់មកកម្ពុជាវិញ ក្រោយដែលស្ត្រីទាំងនោះ ត្រូវបានលក់ និងបង្ខំឲ្យរៀបការជាមួយបុរសចិន។ ស្ត្រីទាំងនោះ មានអាយុចន្លោះពី ១៨ឆ្នាំ ទៅ៣៥ឆ្នាំ ដែលភាគច្រើនចាញ់បោកមេខ្យល់ ដែលរស់នៅក្នុងសហគមន៍ជាមួយគេ។ ប៉ុន្តែកម្ពុជាមិនមានស្ថិតិច្បាស់លាស់ពីអត្រាស្ត្រីខ្មែរចេញទៅរៀបការជាមួយបុរសចិនក្នុងមួយឆ្នាំៗ និងត្រូវបានជួយសង្គ្រោះឲ្យវិលត្រឡប់មកកម្ពុជាវិញ ក្រោយទទួលរងការធ្វើបាប និងជួញដូរផ្លូវភេទទេ។

នាយិកាប្រតិបត្តិនៃអង្គការសីលការ លោកស្រី ធីតា ឃឹះ មានប្រសាសន៍ប្រាប់អាស៊ីសេរីថា អាជ្ញាធររបបក្រុងភ្នំពេញ ត្រូវពង្រឹងនិងពង្រីកវិធានការតឹងរ៉ឹងបន្ថែម ដើម្បីទប់ស្កាត់ការជួញដូរនិងការពារដល់ជនរងគ្រោះ។ លោកស្រីបន្តថា អាជ្ញាធរត្រូវតែយកចិត្តទុកដាក់ បំបាត់ឲ្យអស់នូវមេខ្យល់ដែលទៅឃោសនាបោកប្រាសនិងភូតកុហក នៅតាមភូមិ-ឃុំ បន្ថែមទៅនឹងបង្កើតកម្មវិធីផ្ដល់ព័ត៌មាននិង ជួយសង្គ្រោះនៅតាមស្ថានទូត និងកុងស៊ុល នៅក្នុងប្រទេសចិន៖ «ខ្ញុំចង់ផ្ដល់អនុសាសន៍ដល់រដ្ឋាភិបាល ឲ្យលុបបំបាត់មេខ្យល់ដែលជាអ្នកដើរប្រមូលមនុស្ស ឲ្យបានច្រើនបំផុត។ ហើយបង្កើតជាមជ្ឈមណ្ឌលផ្សេងៗ ដើម្បីផ្ដល់ប្រឹក្សាដល់អ្នកដែលចង់ទៅ ឲ្យបានដឹងច្បាស់ពីគ្រោះថ្នាក់ និងការប្រថុយប្រថាននេះ ព្រោះថាឥឡូវនេះ គឺមានទៅឆ្លងដែនតាមស្រុកយួនផង។ ហើយបន្ថែមនេះ ត្រូវមានភារៈធាវី នៅស្ថានទូត សម្រាប់ទទួលបណ្ដឹងពីជនរងគ្រោះ»។ ការឆបោកស្ត្រីខ្មែរទៅរៀបការនឹងជនជាតិចិន ធ្វើឡើងដោយមានបណ្ដាញច្បាស់លាស់។

របាយការណ៍ស្រាវជ្រាវរបស់សមាគមសិទ្ធិមនុស្សអាដហុក (Adhoc) បានរកឃើញថា ក្រុមមេខ្យល់ បានរៀបចំជាពីរដំណាក់កាល។ ដំណាក់កាលទី១ មេខ្យល់បានចងក្រងគ្នាជាបណ្ដាញ ដោយមួយក្រុមនៅក្នុងប្រទេសកម្ពុជា និងមួយក្រុមទៀតនៅប្រទេសចិន។ ក្រុមទាំងពីរនេះមានទំនាក់ទំនងគ្នាយ៉ាងជិតស្និតជាមួយឪពុកម្ដាយ និងជនរងគ្រោះផ្ទាល់។ ក្រុមនៅក្នុងប្រទេស មេខ្យល់មានគ្នាច្រើន ដើរតាមភូមិ ឃុំ និងរោងចក្រកាត់ដេរ ដើម្បីបង្អួតពីកូនចៅ ឬសាច់ញាតិរបស់ខ្លួន ដែលមានប្តីជាជនជាតិចិន មានជីវភាពធូរធារ និងមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ។ ដំណាក់កាលទី២ ក្រុមមេខ្យល់ទាំងនោះ បានរៀបចំល្បិចបញ្ជូនស្ត្រីរងគ្រោះឆ្លងប្រទេសដោយធ្វើលិខិតឆ្លងដែនទិដ្ឋាការនិងឯកសារអត្តសញ្ញាណប័ណ្ណ ដែលភាគច្រើនធ្វើដោយក្លែងបន្លំឈ្មោះ អាយុ និងអាសយដ្ឋានរបស់ជនរងគ្រោះ។ ករណីខ្លះស្ត្រីទាំងនោះ ត្រូវជិះយន្តហោះតាមច្រកអន្តរជាតិភ្នំពេញ និងករណីខ្លះទៀត ត្រូវបានមេខ្យល់ជាជនជាតិខ្មែរ ចិន និងវៀតណាម នាំចេញតាមច្រកព្រំដែនបាវិត ឬច្រកប្រទេសឡាវ៕

website_news/2018171202.txt · Last modified: 2018/12/17 14:01 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki