website_news:2018171203

គ្រូពេទ្យជនជាតិអង់គ្លេសម្នាក់ជាប់ចោទពីបទរួមភេទជាមួយក្មេងស្រីមិនទាន់គ្រប់អាយុ

https://www.rfa.org/khmer/ ដោយ ថន ថារ៉ូ 2018-12-16

សាលាដំបូងរាជធានីភ្នំពេញ បានផ្ដន្ទាទោសបុរសវ័យចំណាស់ និងជាវេជ្ជបណ្ឌិតជនជាតិអង់គេ្លសម្នាក់ ឲ្យជាប់ពន្ធនាគារ៥ឆ្នាំ ករណីរួមភេទនឹងកុមារីចាប់ពីអាយុ ៩ និង ១៣ឆ្នាំ។ លោក ខ្លីវ ក្រេស៊ី (Clive Cressy) អាយុ៧០ឆ្នាំ ធ្លាប់បង្រៀនភាសាអង់គ្លេសនៅកម្ពុជា ត្រូវបានអាជ្ញាធរកម្ពុជាចាប់ខ្លួននៅក្នុងផ្ទះជួលរបស់លោក ជាមួយប្រពន្ធជនជាតិវៀតណាម ដែលបានទាក់ទងក្មេងស្រីវៀតណាម មិនទាន់គ្រប់អាយុមកអោយរួមភេទជាមួយប្ដីរបស់ខ្លួន ។ តុលាការរកឃើញថា លោក ខ្លីវ ក្រេស៊ី បានចំណាយប្រាក់រហូតដល់ ៣ពាន់ដុល្លារ ដល់ជនរងគ្រោះក្នុងការរួមភេទនៅពេលលោកមានចំណង់។ ជនរងគ្រោះជាកុមារទាំងនោះ ត្រូវបានបុរសរូបនេះនិងភរិយាយកមករស់នៅផ្ទះជាមួយ មុនពេលពួកគេត្រូវបានរំលោភផ្លូវភេទ។ លោក ខ្លីវ ក្រេស៊ី នឹងត្រូវបណ្ដេញពីកម្ពុជាក្រោយពេលចេញពីពន្ធនាគារ។

តាមកាសែតបរទេស The Argus ស្រង់សម្ដីមន្ត្រីតុលាការថា បុរសគ្រូពេទ្យជនជាតិអង់គ្លេសរូបនេះ បានចូលមករស់នៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០១៥។ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ មន្ត្រីនគរបាលកម្ពុជា បានចូលទៅរំដោះក្មេងស្រីទាំងនោះក្នុងផ្ទះជួលរបស់ជនល្មើស ហើយចាប់បុរសរូបនេះ។ ចំណែកឯប្រពន្ធល្មើសនៅពេលនោះ បានរត់គេចខ្លួន តែត្រូវបានអាជ្ញាធរចាប់បានវិញ កាលពីខែមិថុនា ឆ្នាំ២០១៨នេះ៕

website_news/2018171203.txt · Last modified: 2018/12/17 14:04 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki