website_news:2018171205

រដ្ឋាភិបាលអារ៉ាប់រួម ស្នើឲ្យមានពលករខ្មែរ ទៅធ្វើការនៅទីនោះ

http://wmc.org.kh/ ថ្ងៃចន្ទ ទី១៧ ខែធ្នូ ឆ្នាំ២០១៨ លៀ ស៊ីណា

ភ្នំពេញ ៖ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធាន អចិន្ដ្រៃយ៍ នៃគណៈកម្មការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លោកស្រី ជូ ប៊ុនអេង បញ្ជាក់ថា ប្រទេសអារ៉ាប់រួម (The United Arab Emirates ) មានបំណងចង់ឲ្យមានពលករខ្មែរ ទៅធ្វើការងារនៅប្រទេសរបស់ពួកគេ។ លោកស្រីបញ្ជាក់ថា ប្រទេសប្រទេសអារ៉ាប់រួម បានស្នើសុំជួបក្រសួងការងារដើម្បីពិភាក្សាលើកិច្ចការនេះ នៅក្នុងពេលឆាប់ៗ។ ការបញ្ជាក់របស់លោកស្រី ជូ ប៊ុនអេង ធ្វើឡើងកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ ក្នុងសន្និសីទសារព័ត៌មានមួយនៅរាជធានីភ្នំពេញ ក្រោយពីលោកស្រី បានចូលរួមកិច្ចប្រជុំ នៃការទប់ស្កាត់ការជួញដូរមនុស្សនៅប្រទេសម៉ារ៉ុក។ ប្រធានបទក្នុងកិច្ចប្រជុំដែលលោកស្រីរដ្ឋលេខាធិការក្រសួងមហាផ្ទៃទៅចូលរួមនោះគឺ ស្ដីពី “ដំណើរវេទិកាពិភពលោកស្ដីពី ទេសន្ដរប្រទេវេស និងការអភិវឌ្ឍន៍”។ លោកស្រីបានប្រាប់ឲ្យដឹងថា គណៈប្រតិភូនៃប្រទេសអារ៉ាប់រួម (The United Arab Emirates ) បានជួបលោកស្រីនៅប្រទេសម៉ារ៉ុក ដោយបញ្ជាក់ថា រដ្ឋាភិបាលអារ៉ាប់រួម មានបំណងស្នើសុំឲ្យមានពលករខ្មែរទៅធ្វើការនៅប្រទេសអារ៉ាប៊ីសារអូឌីត ៖«ចាស នៅក្នុងពេលដែលយើងបានទៅចូលរួមជាសមាជិកនៅក្នុងកិច្ចប្រជុំពិភពលោកនេះ។ យើងបានជួបជាមួយគណៈប្រតិភូនៃប្រទេសអារ៉ាប់រួម ដែលយើងហៅថា សហភាពអារ៉ាប់សារអូឌីត ដែលបានជួបសន្ទនា ដោយសារយើងគ្មានតំណាងខាងក្រសួងការងារទៅជាមួយ គឺគាត់បានជួបសន្ទនាដោយប្រាប់ថា អារ៉ាប៊មានគោលបំណងស្នើសុំជាពលករទៅធ្វើការនៅប្រទេសគាត់»។

អំឡុងនៃការជួបពិភាក្សាជាមួយ គណៈប្រតិភូប្រទេសអារ៉ាប់រួមនោះ លោកស្រី ប៊ុនអេង បានប្រាប់ឲ្យភាគីអារ៉ាប់រួម រៀបចំប្រាប់មកកម្ពុជា ឲ្យបានជាក់លាក់ពីវិស័យដែលប្រទេសអារ៉ាប់រួម មានបំណងទទួលយកពលករខ្មែរទៅធ្វើការ។ ជាការឆ្លើយតប មន្ដ្រីរបស់ភាគីអារ៉ាប់រួម បានបញ្ជាក់ថា រដ្ឋាភិបាលអារ៉ាប់រួម មានបំណងទទួលយកពលករពីកម្ពុជា នៅលើច្រើនវិស័យ ហើយទទួលយកទាំងពលករគ្មានជំនាញ និងមានជំនាញ ៖«គាត់បានប្រាប់ថា វិស័យដែលទៅធ្វើការនៅប្រទេសអារ៉ាប់គឺមិនមែនយកតែអ្នកដែលគ្មានជំនាញទេ ចាស គឺអាចមានជាវិស្វករ ជំនួយការវិជ្ជសាស្ដ្រ និងផ្នែកផ្សេងៗទៀតដែលលោកស្នើសុំថាកម្ពុជា គួរតែត្រៀមខ្លួនឲ្យបានល្អនៅក្នុងការបណ្ដុះបណ្ដាលធនធានរបស់ខ្លួននៅក្នុងទៅធ្វើការងារនៅក្រោប្រទេស»។

ជុំវិញរឿងនេះ យោងតាមគេហទំព័រ Arabian Business បានផ្សាយកាលពីថ្ងៃទី១២ ខែធ្នូ បញ្ជាក់ថា រដ្ឋាភិបាលអារ៉ាប់រួម បានស្នើសុំឲ្យមានពលករបរទេសចូលប្រទេសរបស់ពួកគេ មិនមែនមានតែកម្ពុជាមួយទេ ពោលគឺមានប្រទេសមួយចំនួនទៀត ដែលមានដូចជា Rwanda, Nepal និងប្រទេសកម្ពុជា។

លោក Nasser bin Thani Al Hamli រដ្ឋមន្ដ្រីធនធានមនុស្ស និង Emiratization របស់ប្រទេសអារ៉ាប់រួម បានប្រាប់សារព័ត៌មានថា ការស្នើឲ្យមានពលករបរទេសពីកម្ពុជា រ៉ាវ័នដា និងប្រទេសនេប៉ាល់ នាពលេនេះ គឺដោយសារតែរដ្ឋាភិបាលនៃប្រទេសអារ៉ាប់រួម (The United Arab Emirates ) មានបំណងក្នុងការបង្កើនចំណងទាក់ទងក្នុងភាពជាដៃគូទ្វេភាគីឲ្យកាន់តែមានភាពល្អប្រសើរឡើង។

តែយ៉ាងណា លោកស្រី ជូ ប៊ុនអេង បានសង្កត់ធ្ងន់ថា មុនឈានដល់ការចុះអនុស្សរណៈទាក់ទិនការបញ្ជូនពលករនេះ កម្ពុជា និងរដ្ឋាភិបាល នៃប្រទេសអារ៉ាប់រួម ក៏នឹងមានកិច្ចព្រមព្រៀងផ្សេងៗ ដើម្បីធានា ការពារពលករពេលខ្មែរ ដែលទៅធ្វើការនៅទីនោះ។ លោកស្រីអះអាងថា ពេលនេះលោកស្រីបានជម្រាប់រឿងនេះ ទៅដល់ក្រសួងការងារហើយ ដើម្បីរៀបចំជួបពិភាក្សាជាមួយភាគីអារ៉ាប់រួម នៅក្នុងពេលខាងមុខ៕

website_news/2018171205.txt · Last modified: 2018/12/17 14:11 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki