website_news:2018180101

ទូតកម្ពុជាប្រចាំប្រទេសនានា ជួយពលរដ្ឋខ្មែររងគ្រោះជិត១ពាន់នាក់ នៅឆ្នាំ២០១៧

https://www.dap-news.com/kh ថ្ងៃពុធ, ១៧ មករា ២០១៨ 15:30 ដោយ: ខា ដា ID:014

ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបង្ហាញថា រយៈពេល ១ឆ្នាំ នៃឆ្នាំ២០១៧ ស្ថានទូត និងស្ថានអគ្គកុងស៊ុលកម្ពុជា នៅក្រៅប្រទេសបានជួយអន្តរាគមន៍ និងធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋខ្មែរ ជិត១ពាន់នាក់ ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា ស្ថានទូត និងស្ថានអគ្គកុងស៊ុលកម្ពុជានៅក្រៅប្រទេស បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការការពារផលប្រយោជន៍ពលរដ្ឋខ្មែរ នៅក្រៅប្រទេស ដូចជា ជួយសម្របសម្រួល ក្នុងការបញ្ជូនពលករ-ពលការិនី ទៅធ្វើការស្របច្បាប់នៅក្រៅប្រទេស និងចរចាសម្របសម្រួល ជាមួយអាជ្ញាធរមានសមត្ថកិច្ច នៃប្រទេសតាំងនៅ ក្នុងការផ្តល់ប័ណ្ណការងារ និងទិដ្ឋាការ/ប័ណ្ ណស្នាក់នៅ ជូនពលករ-ពលការិនីខ្មែរ ។ សេចក្ដីប្រកាសបន្តថា ជាក់ស្តែងក្រសួងការបរទេស បានណែនាំគ្រប់ស្ថានតំណាង ក្រៅប្រទេស យកចិត្តទុកដាក់ខ្ពស់ ចំពោះការដោះស្រាយនូវរាល់ បញ្ហាដែលកើតមានឡើង ចំពោះពលរដ្ឋ-ពលការិនី/ស្រ្តីខ្មែរនៅក្រៅប្រទេស និងផ្តល់ការណែនាំក្នុងករណី ជាក់លាក់នីមួយៗផងដែរ ។

សេចក្ដីប្រកាសបញ្ជាក់ថា “ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ ក្រសួងការបរទេស ហើយនិងស្ថានទូត និងស្ថានអគ្គកុងស៊ុលកម្ពុជា នៅក្រៅប្រទេស បានជួយដោះស្រាយ បញ្ហាជូនពលរដ្ឋ ពលករ-ពលការិនី និងស្ត្រីខ្មែរ នៅប្រទេសចំនួន ១០ ក្នុងនោះមានពលរដ្ឋចំនួន ២១៩៩នាក់” ។ សេចក្ដីប្រកាសបន្ថែមថា ប្រទេសទាំង១០ ដែលក្រសួងការបរទេស ហើយនិងស្ថានទូត និងស្ថានអគ្គកុងស៊ុលកម្ពុជា បានជួយនោះរួមមាន៖ ថៃ អន្តរាគមន៍ផ្ទាល់ និងរៀបចំមាតុភូមិនិវត្តន៍ របស់ពលរដ្ឋខ្មែរចំនួន ២៨៨នាក់ (ប្រុស ១៦៥នាក់ និងស្រី១២៣នាក់) ។ ជាមួយគ្នានោះ សម្របសម្រួលជាមួយអាជ្ញាធរថៃ ក្នុងការរៀបចំមាតុភូមិនិវត្តន៍ របស់ពលរដ្ឋ-ពលករខ្មែរ ដែលត្រូវបានអាជ្ញាធរថៃ ចាប់ឃាត់ខ្លួនពីបទរស់នៅ និងធ្វើការដោយខុសច្បាប់ ក្នុងប្រទេសថៃ តាមច្រកព្រំដែនអន្តរជាតិ ប៉ោយប៉ែតចំនួន ជាមធ្យមប្រមាណពី ១០០០ ទៅ១២០០នាក់ក្នុងមួយសប្តាហ៍ ។

វៀតណាម ជួយសង្គ្រោះ និងសម្រួលការធ្វើមាតុភូមិនិវត្តន៍ ជូនពលរដ្ឋកម្ពុជា ចំនួន១៧១នាក់ (ប្រុស៥២នាក់ និងស្រី១១៩នាក់) ។ ឡាវ ធ្វើមាតុភូមិនិវត្តន៍ ជូនពលរដ្ឋខ្មែរ ចំនួន៤៩នាក់ (ប្រុស៤៥នាក់ និងស្រី៤នាក់ ។ មីយ៉ាន់ម៉ា បានសម្រួលមាតុភូមិនិវត្តន៍ របស់ពលករខ្មែរចំនួន ៣នាក់ ដែលជួបការ លំបាកក្នុងការងារ ។

ម៉ាឡេស៊ី បានជួយសង្គ្រោះ និងសម្រួលការធ្វើមាតុភូមិនិវត្តន៍ ជូនដល់ពលរដ្ឋនិងពលករ-ពលការិនីខ្មែរ ដែលឆ្លងដែនខុសច្បាប់ ជួបការលំបាកក្នុងការងារ ចាញ់បោកមេខ្យល់នាំទៅធ្វើការ និងរងគ្រោះ ដោយការកេងប្រវ័ញ្ច កម្លាំងពលកម្មពីនិយោជក ចំនួន៣៨២នាក់ (ប្រុស១៣៧នាក់ និងស្រី២៤៥នាក់)។

ឥណ្ឌូណេស៊ី បានជួយសង្គ្រោះ និងសម្រួលការធ្វើមាតុភូមិនិវត្តន៍ ជូនពលរដ្ឋខ្មែរចំនួន ២៣នាក់ (ប្រុស២១នាក់ និងស្រី២នាក់) ក្នុងនោះ ២១នាក់ ជាពលកររងគ្រោះ ដោយការជួញដូរកម្លាំង ពលកម្មលើទូកនេសាទបរទេស។

សិង្ហបុរី៖ បានជួយសម្រួល ការធ្វើមាតុភូមិនិវត្តន៍ របស់ពលរដ្ឋខ្មែរចំនួន ៥នាក់ ក្នុងនោះ៤នាក់ ជាពលការិនីជួបការលំបាកក្នុងការងារ និង១នាក់ ជាពលករលើទូកនេសាទ។

ចិន សម្រួលការធ្វើមាតុភូមិនិវត្តន៍ ជូនពលរដ្ឋខ្មែរជាស្រ្តីចំនួន ៥៣នាក់ និងជប៉ុន បានអន្តរាគមន៍ ជួយទាមទារប្រាក់សំណងពីនិយោជក និងសម្រួលការធ្វើមាតុភូមិនិវត្តន៍ ជូនដល់កម្មសិក្សាការីខ្មែរ ចំនួន១២ នាក់ ៕

website_news/2018180101.txt · Last modified: 2018/01/19 10:11 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki