website_news:2018180405

ប្រទេសអូស្ត្រាលីប្ដេជ្ញាប្រយុទ្ធប្រឆាំងទេសចរណ៍រូបភាពមណ្ឌលកុមារកំព្រា

https://www.rfa.org/khmer/ ដោយ មួង ណារ៉េត 2018-04-18

អ៊ីម៉ែលប្រទេសអូស្ត្រាលី ប្ដេជ្ញាប្រយុទ្ធប្រឆាំង ការជួញដូរតាមរបៀបទេសចរណ៍មណ្ឌលកុមារកំព្រា ដើម្បីទប់ស្កាត់ការជួយដូរកុមារ នៅប្រទេសអាស៊ីអាគ្នេយ៍។ តាមប្រភពសារព័ត៌មានអង់គ្លេស រ៉យទ័រ (Reuters) ដកស្រង់អង្គការសប្បុរសធម៌ឈ្មោះ លូម៉ូស៍ (Lumos) ដែលរកឃើញថា កុមារនៅប្រទេសជាច្រើន ដូចជាប្រទេសកម្ពុជា ត្រូវគេយកចេញពីផ្ទះ ដើម្បីឲ្យមកនៅមណ្ឌលកុមារកំព្រា គ្រាន់តែដើម្បីទាក់ទាញការបរិច្ចាគ និងឧបត្ថម្ភពីអ្នកស្ម័គ្រចិត្ត ពីប្រទេសអូស្ត្រាលី។ តាមប្រភពដដែល ការយកក្មេង មកដាក់មណ្ឌលកុមារកំព្រា ដើម្បីលុយបរិច្ចាគនេះ ត្រូវបានអង្គការសហប្រជាជាតិ និងក្រុមអង្គការក្រៅរដ្ឋាភិបាល និងអង្គការសង្គ្រោះកុមារផង (Save the Children) ផងព្រមានថា ជារូបភាពនៃទេសចរណ៍មណ្ឌលកុមារកំព្រា ដែលសកម្មជនសិទ្ធិកុមារ ចាត់ទុកថា ជាទម្រង់នៃទាសភាពសម័យទំនើប។

រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី អ្នកស្រី ជូលី ប៊ីហ្សប (Julie Bishop) លើកឡើងថា អ្នកស្ម័គ្រចិត្តជាជនជាតិអូស្ត្រាលី ដែលភាគច្រើនជាយុវជន និងសិស្សសាលា បានផុងខ្លួនក្នុងការចូលរួម ក្នុងអំពើជួញដូរមនុស្ស ដោយមិនដឹងខ្លួន ព្រោះពួកគាត់ត្រូវចំណាយប្រាក់រហូតដល់ ២.០០០ ដុល្លារ ដើម្បីចូលរួមក្នុងការបរិច្ចាគ និងឧបត្ថម្ភមណ្ឌលកុមារកំព្រាទាំងនេះ។ អ្នកស្រី ជូលី ប៊ីហ្សប បញ្ជាក់បន្ថែមថា ប្រទេសអូស្ត្រាលី ត្រូវតែចាត់ការលុបបំបាត់បញ្ហានេះ។ អង្គការសហប្រជាជាតិ បានរកឃើញថា មណ្ឌលកុមារកំព្រានៅកម្ពុជា កើនចំនួនយ៉ាងច្រើន និង ក្លាយជាកន្លែងទាក់ទាញបំផុត សម្រាប់ទេសចរណ៍មណ្ឌលកុមារកំព្រា។ ប៉ុន្តែ កុមារដែលយកដាក់នៅមណ្ឌលទាំងនោះ ស្ទើរតែទាំងអស់ ជាក្មេងដែលនៅមានម្ដាយ ឬឪពុកនៅរស់នៅឡើយ។

ប្រទេសអូស្ត្រាលី ជាប្រទេសដែលមានអ្នកផ្ដល់ប្រាក់បរិច្ចាគ និងឧបត្ថម្ភច្រើនជាងគេ ទៅដល់មណ្ឌលកុមារកំព្រា ដែលគេយកមកធ្វើជាកន្លែងទេសចរណ៍បែបនេះ៕

website_news/2018180405.txt · Last modified: 2018/04/18 15:27 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki