website_news:2018180502

ខ្មែរ៤នាក់ និងជាតិសាសន៍ផ្សេងទៀត ត្រូវអាជ្ញាធរថៃឃាត់ខ្លួន នៅថ្ងៃ១៧ឧសភា

http://kleykley.sabay.com.kh/ ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០១៨ ម៉ោង 15:02

សមត្ថកិច្ចថៃ បានធ្វើការចុះឃាត់ខ្លួនជនបរទេសចំនួន ៣៦នាក់ រួមទាំងជនជាតិខ្មែរ ៤នាក់ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែឧសភានេះ នៅទីតាំងចំនួន ១០៤កន្លែង ក្នុងប្រទេសថៃ ដែលពួកគេបានឆ្លងដែនចូលទៅកាន់ប្រទេសថៃដោយខុសច្បាប់ ស្នាក់នៅលើសពីសុពលភាពទិដ្ឋាការជាដើម។ ការឃាត់ខ្លួននេះ បានធ្វើឡើងនៅទីតាំងមួយចំនួននៅក្រុងបាងកក ព្រមទាំងតំបន់ទេសចរណ៍នៅខេត្ត ពូកេត ឈុនបូរី សុងក្លា និងឈៀងម៉ៃ។ ចំណែកអ្នកដែលត្រូវឃាត់ខ្លួន មានមួយចំនួនជានិស្សិតបរទេស។ ក្រៅពីជនជាតិខ្មែរ ៤នាក់ នៅមានជនជាតិ អាល់ហ្សេរីម្នាក់ ឥណ្ឌា៦នាក់ មីយ៉ាន់ម៉ា ៧នាក់ និងឡាវ ៩នាក់ ដែលពាក់ព័ន្ធនឹងការឆ្លងដែនខុសច្បាប់។ រីឯជនសង្ស័យ៦នាក់ ដែលមកពី ស្វីស រុស្ស៊ី សេណេហ្គាល់ ឥណ្ឌា វៀតណាម និងកូឌីវ័រ ត្រូវចោទពីបទស្នាក់នៅលើសពីសុពលភាពទិដ្ឋាការ។ ចំណែក ៤នាក់ទៀត មាន មីយ៉ាន់ម៉ា ២នាក់ ឥណ្ឌាម្នាក់ និងថៃម្នាក់ ត្រូវចោទពីករណីផ្សេងៗទៀត។

លោកមេបញ្ជាការ Surachate បានឲ្យដឹងថា ការចុះឃាត់ខ្លួននេះ ជាប្រតិបត្តិការដំណាក់កាលទី១១ នៃការបង្ក្រាបជនបរទេសខុសច្បាប់ (X-Ray Outlaw Foreigner) ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើឧក្រិដ្ឋកម្ម ដែលបង្កឡើងដោយជនបរទេសឆ្លងដែនចូលទៅក្នុងប្រទេសថៃ។ សូមជម្រាបថា មកទល់ពេលនេះ ប្រតិបត្តិការខាងលើបានឃាត់ខ្លួនជនសង្ស័យបាន ១១៦១នាក់ ពីទីតាំង ៣៤៧៤កន្លែង នៅជុំវិញប្រទេសថៃ។ កាលពីដើមខែឧសភានេះ ជនជាតិខ្មែរ ១០នាក់ ត្រូវឃាត់ខ្លួនដោយសមត្ថកិច្ចថៃ ពីបទឆ្លងដែនខុសច្បាប់ផងដែរ៕ ប្រភព៖ Bangkokpost ប្រែសម្រួល៖ លាភ.

website_news/2018180502.txt · Last modified: 2018/05/18 15:00 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki