website_news:2018180702

ទូតកម្ពុជា ប្រចាំប្រទេសថៃ អន្តរាគមន៍ ជួយពលករខ្មែរ២៤នាក់ ដែលចាញ់បោកមេខ្យល់

https://www.dap-news.com/kh/ ថ្ងៃពុធ, ១៨ កក្កដា ២០១៨ 10:44 ដោយ: ដើមអម្ពិល ID:112

ភ្នំពេញ៖ ស្ថានទូត ព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសថៃ បានធ្វើអន្តរាគមន៍ ជួយពលករ ខ្មែរចំនួន ២៤នាក់ ដែលចាញ់បោកមេខ្យល់ ចូលមកធ្វើការ និងស្នាក់នៅក្នុងប្រទេសថៃ ដោយមិនមាន ឯកសារស្របច្បាប់។ យោងតាមបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក របស់ស្ថានទូត ព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសថៃ បានឲ្យដឹងថាកាលពីថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០១៨ ក្រុមទីប្រឹក្សាទទួល បន្ទុកពលករបាន ចុះទៅជួបផ្ទាល់ជាមួយពលករខ្មែរ ចំនួន ២៤ នាក់ កន្លែងស្នាក់នៅ របស់ពលករ ស្ថិតក្នុង ខេត្តសាមុត្រប្រាកាន ប្រទេសថៃ ហើយបានទទួលព័ត៌មានថា ពលករខ្មែរទាំងនោះ បានចំណាយប្រាក់ទៅឱ្យមេខ្យល់នៅក្នុងប្រទេសថៃ ចំនួន ១៨,០០០បាត ក្នុងម្នាក់ សម្រាប់ដំណើរការធ្វើលិខិតឆ្លងដែន ស្នើសុំទិដ្ឋាការស្នាក់នៅ និងទិដ្ឋាការការងារ ដោយស្របច្បាប់ ក៏ប៉ុន្តែរហូតដល់ថ្ងៃនេះ ពលករទំាងអស់ពុំបានទទួលលិខិតឆ្លងដែន ពីមេខ្យល់នៅឡើយ។

កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ ស្ថានទូតបានចេញលិខិតធ្វើដំណើរបណ្តោះអាសន្ន (Laissez-Passer) ជូនពលករទំាង២៤នាក់ និងក្រុមទីប្រឹក្សាទទួលបន្ទុកពលករ តំណាងឯក អគ្គរាជទូត សហការជាមួយស្ថានអគ្គកុងស៊ុលប្រចាំខេត្តសាកែវ បានជូនពលករទាំង២៤នាក់ ត្រឡប់ទៅប្រទេសកម្ពុជាវិញប្រកដោយសុវត្ថិភាពតាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត និងបានណែនាំពួកគាត់ឱ្យទៅរៀបចំឯកសារស្របច្បាប់ និងចូលមកធ្វើការក្នុងប្រទេសថៃវិញ តាមរយៈប្រព័ន្ធ MOU ហើយកុំឱ្យចាញ់បោកមេខ្យល់ទៀត។

សូមរំលឹកថាលោក សួន បវរ អភិបាល ខេត្តបន្ទាយមានជ័យបានឲ្យដឹងថាក្រោយ បញ្ចប់ការ បញ្ជាក់អត្តសញ្ញាញ ជូនពលករអាជ្ញាធរថៃ បានចាប់ពលករខ្មែរខុសច្បាប់ បញ្ជូនមក១ថ្ងៃប្រមាណ៥០ទៅ១០០នាក់ ខណៈរាជរដ្ឋាភិបាលថៃផ្ដើម រឹតបន្តឹងច្បាប់ការងារ ។

យោងតាមរបាយការណ៍ ប្រចាំខែមិថុនា ឆ្នាំ២០១៨ ការងារប្រឆាំងការជួញដូរ មនុស្ស និងអាជីវកម្មផ្លូវភេទ គ្រប់គ្រងទេសន្ត ប្រវេសន៍ពលករខ្មែរ ដែលត្រូវភាគីថៃចាប់បញ្ជូនមកតាមច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត មានចំនួន១.៨៩៣នាក់ ស្រី៦១៧នាក់ និងកុមារ១៧៣នាក់ ៕

website_news/2018180702.txt · Last modified: 2018/07/18 15:03 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki