website_news:2018180901

អាសូរជីវិតពលករខ្មែរ! ព្រួតគ្នាវាយរហូតដល់ស្លាប់

https://kohsantepheapdaily.com.kh/ ថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ ២០១៨ ម៉ោង ០៩:៥៨ ម៉ុត សារុន

ខេត្តបន្ទាយមានជ័យ ៖ ពលករខ្មែរម្នាក់ត្រូវជនដៃដល់ជាជនជាតិថៃមួយក្រុមជិះម៉ូតូតាមព្រួតវាយរងរបួសធ្ងន់ ពេលជនរងគ្រោះវិលត្រឡប់ពីធ្វើការ បន្ទាប់មកជនរងគ្រោះក៏បានស្លាប់នៅក្នុងមន្ទីរពេទ្យ។ ហេតុការណ៍ខាងលើកើតឡើងនៅខេត្តឈុនបុរី ប្រទេសថៃ កាលពីម៉ោង១០យប់ថ្ងៃទី១៥ កញ្ញា ២០១៨។ ជនរងគ្រោះ ឈ្មោះឡាំ ភក្ត្រា ហៅពេទ្យ ភេទប្រុស អាយុ៣២ឆ្នាំ ជាជាង មានស្រុកកំណើត នៅភូមិឃីឡែក ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

តាមសាច់ញាតិជនរងគ្រោះបានប្រាប់ថា ជនរងគ្រោះត្រូវមនុស្សមួយក្រុមជិះម៉ូតូតាមព្រួតវាយ បណ្តាលឲ្យរបួសធ្ងន់ ពេលជនរងគ្រោះកំពុងជិះម៉ូតូវិលត្រឡប់ពីធ្វើការ ដោយពុំដឹងពីមូលហេតុ កាលពីវេលាម៉ោងប្រហែល១០យប់ថ្ងៃទី១៥ កញ្ញា ។ សាច់ញាតិជនរងគ្រោះបានបន្តថា ក្នុងហេតុការណ៍នោះដែរ ជនរងគ្រោះដែលរងរបួសធ្ងន់ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យក្នុងស្រុកកើតហេតុ បន្ទាប់មកក៏បានស្លាប់នៅម៉ោង៧ព្រឹកថ្ងៃទី១៦ កញ្ញា និងត្រូវភាគីថៃបញ្ជូនសពមកកម្ពុជាតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដើម្បីប្រគល់សពឲ្យសាច់ញាតិនាយប់ថ្ងៃទី១៧ កញ្ញា ២០១៨នេះ។ បើតាមសាច់ញាតិជនរងគ្រោះប្រាប់ថា ក្រុមជនសង្ស័យក្នុងអំពើឃាតកម្មខាងលើ ត្រូវបានសមត្ថកិច្ចថៃធ្វើការឃាត់ខ្លួនហើយគឺជាជនជាតិថៃចំនួន៣នាក់ ប៉ុន្តែគេនៅមិនទាន់ដឹងពីមូលហេតុនៅឡើយទេ។

សពត្រូវបានសាច់ញាតិជួលរថយន្តដឹកបន្តពីលើស្ពានមិត្តភាពកម្ពុជាថៃនៃច្រកទ្វារអន្តរជាតិប៉ោយប៉ែតខ្លងលឹកទៅកាន់លំនៅដ្ឋានដើម្បីធ្វើបុណ្យតាមប្រពៃណី៕

website_news/2018180901.txt · Last modified: 2018/09/18 15:23 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki