website_news:2018180902

ថៃកំពុងត្រូវការពលករបន្ថែមសម្រាប់បម្រើការក្នុងវិស័យនេសាទ

ថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ ២០១៨ ម៉ោង ១១:១៩ ណៃ ដាលីន

ទីក្រុងបាងកក ៖ ក្នុងពេលថ្មីៗនៃក្រសួងការងារថៃបានសម្រេចជួលពលករអន្តោប្រវេសន៍បន្ថែមតាមរយៈអនុស្សរណៈនៃការយោគយល់គ្នា (MoU) ។ វាជាកត្តាជំរុញមួយដល់វិស័យនេសាទរបស់ប្រទេសថៃដែលបានជួបប្រទះបញ្ហាកង្វះពលកម្ម ។ តាំងពីរដ្ឋាភិបាលចេញវិធានការលើពលករអន្តោប្រវេសន៍ខុសច្បាប់មក ចំនួនពលករអន្តោប្រវេសន៍ក្នុងវិស័យនេសាទបានធ្លាក់ចុះពី១១ម៉ឺននាក់មកស្មើ៥ម៉ឺននាក់ប៉ុណ្ណោះ ។ ការជួលពលករក្រោមប្រព័ន្ធ MoUគឺជាវិធានការមួយក្នុងចំណោមវិធានការទាំង៣ដែលក្រសួងបានបង្កើតឡើងដើម្បីដោះស្រាយបញ្ហាកង្វះពលកម្ម ។ វិធានការពីរទៀតរួមមាន ការពន្យារពេលសុពលភាពនៃប័ណ្ណអនុញ្ញាតការងារប្រមាណ២ឆ្នាំ សម្រាប់ពលករអន្តោប្រវេសន៍១,១ម៉ឺននាក់ ដែលមានប័ណ្ណការងារពួកគេនឹងផុតសុពលភាពនៅចុងខែនេះ ខណៈដែលវិធានការមួយទៀតគឺអនុញ្ញាតឲ្យពលករអន្តោប្រវេសន៍ដែលមានលិខិតឆ្លងដែន អត្តសញ្ញាណប័ណ្ណ ឬឯកសារធ្វើដំណើរផ្សេងៗឲ្យចុះឈ្មោះធ្វើការក្នុងវិស័យនេសាទក្នុងរយៈពេល១ឆ្នាំ ។

បញ្ហាកង្វះពលកម្មនេះជាលទ្ធផលនៃការរឹតបន្តឹងរបស់រដ្ឋាភិបាល លើការគ្រប់គ្រងពលករអន្តោប្រវេសន៍ និងការជួញដូរមនុស្ស ដែលជាផ្នែកមួយក្នុងការដោះស្រាយបញ្ហានេសាទដែលខុសច្បាប់ មិនរាយការណ៍ និងមិនស្ថិតក្រោមការគ្រប់គ្រង។ ក្រសួងការងារថៃចង់ឲ្យពលករអន្តោប្រវេសន៍ចូលមកកាន់ប្រទេសខ្លួនតាមប្រព័ន្ធMoU ព្រោះវិធានការនេះធានាថាពលករបរទេសត្រូវបានត្រួតពិនិត្យដោយភ្នាក់ងាររដ្ឋប៉ុន្តែប្រព័ន្ធនេះមិនដែលជោគជ័យទេ ព្រោះតែការដាក់សម្ពាធពីអាជីវករ ។ អាជីវករក្នុងវិស័យនេះចង់ឲ្យរដ្ឋាភិបាលអនុញ្ញាតឲ្យពលករអន្តោប្រវេសន៍ចុះឈ្មោះចូលមកធ្វើការបានគ្រប់ពេល ព្រោះពួកគេអះអាងថា ពលករនេសាទភាគច្រើនបោះបង់ការងារចោលភ្លាមៗធ្វើឲ្យពួកគេត្រូវស្វែងរកពលករថ្មី។ ដោយហេតុដូចនេះ អាជីវករខាងលើតែងតែងាកទៅរកជនអន្តោប្រវេសន៍ខុសច្បាប់ទៅវិញ ។

យោងតាមអ្នកនាំពាក្យរបស់រដ្ឋាភិបាលលោក Sansern Kawekamnerd បាននិយាយកាលពីថ្ងៃទី៩ កញ្ញា ថា លោកនាយករដ្ឋមន្ត្រី Prayut Chan-o-cha បានផ្តល់គោលការណ៍ណែនាំដល់សមត្ថកិច្ចដើម្បីដោះស្រាយបញ្ហាកង្វះពលករក្នុងវិស័យនេសាទ ។ លោក Sensern បាននិយាយថា យោងតាមលោកនាយករដ្ឋមន្ត្រី បញ្ហានេះត្រូវតែដោះស្រាយភ្លាមៗ ព្រោះប្រទេសថៃស្ថិតក្នុងចំណោមប្រទេសនាំមុខក្នុងវិស័យនេសាទលើពិភពលោក ដែលទទួលបានប្រាក់ចំណូលជាច្រើនពីវិស័យនេះ ។ លោកបានបន្តថា ព្រោះតែក្នុងពេលបច្ចុប្បន្ននេះប្រទេសថៃត្រូវការពលករប្រមាណ៥,៣ម៉ឺននាក់ក្នុងវិស័យនេសាទ ប្រទេសនេះត្រូវតែពឹងផ្អែកលើពលករដែលមកពីប្រទេសជិតខាង ព្រោះប្រជាជនថៃមិនចាប់អារម្មណ៍នឹងការងារដូច្នេះឡើយ ។ អ្នកនាំពាក្យរូបនេះបានបន្ថែមថា លោកនាយករដ្ឋមន្ត្រីបានផ្តល់ជម្រើស៣ក្នុងគោលការណ៍ណែនាំរបស់លោក។ ជម្រើសទី១ គឺឲ្យប្រទេសថៃបន្លាយពេលសុពលភាពនៃសាលិខិតអនុញ្ញាតការងាររបស់ពលករអន្តោប្រវេសន៍ដែលកំពុងតែធ្វើការក្នុងវិស័យនេះ។

ជម្រើសទី២ គឺឲ្យប្រទេសថៃទទួលយកពលករបន្ថែមពីប្រទេសមីយ៉ាន់ម៉ា កម្ពុជា និងឡាវ ខណៈជម្រើសទី៣គឺប្រទេសថៃអនុញ្ញាតឲ្យពលករអន្តោប្រវេសន៍ដែលធ្វើការក្នុងវិស័យដទៃដែលនៅក្នុងប្រទេសថៃដាក់ពាក្យធ្វើការក្នុងវិស័យនេសាទវិញ ។ ប្រទេសថៃ មានពលករអន្តោប្រវេសន៍ប្រមាណ១,១ម៉ឺននាក់ទៅហើយក្នុងវិស័យនេសាទ ដែលមានសាលិខិតអនុញ្ញាតការងារផុតសុពលភាពនៅថ្ងៃទី៣០ ខែកញ្ញា ខាងមុខនេះ ហើយសាលិខិតនេះអាចត្រូវបានពន្យារពេលបាន២ឆ្នាំទៀតរហូតដល់ឆ្នាំ ២០២០ ។ ជាមួយគ្នានេះផងដែរ ប្រទេសមីយ៉ាន់ម៉ាបានព្រមព្រៀងថានឹងផ្គត់ផ្គង់ពលករប្រមាណ ៤ម៉ឺននាក់ទៅកាន់ប្រទេសថៃផងដែរនៅចុងខែវិច្ឆិកាឆ្នាំនេះ ។ លើសពីនេះទៀត ពលករដែលធ្វើការក្នុង វិស័យដទៃដែលមានលិខិតឆ្លងដែនផ្លូវការ លិខិតឆ្លងដែនបណ្តោះអាសន្ន លិខិតបញ្ជាក់ និងលិខិតធ្វើដំណើរផ្សេងៗទៀតដែលនៅមានសុពុលភាព អាចដាក់ពាក្យសុំធ្វើការក្នុងវិស័យនេសាទបានមួយឆ្នាំ ៕

website_news/2018180902.txt · Last modified: 2018/09/18 15:26 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki