website_news:2018181002

ស្ត្រីស៊ីឈ្នួលពពោះ នៅតែត្រូវបន្តជាប់ឃុំមុនកាត់ទោស

https://www.postkhmer.com/ គង់ មេត្ដា | Publication date 17 October 2018 14:27 ICT

ភ្នំពេញៈ ណារីកំពុងដេកនៅលើគ្រែជិតទារិកាទើបនឹងកើតដែលនាងបានស៊ីឈ្មួលពពោះ។ នាងស្លៀកសារុង ពាក់អាវធំដៃវែង និងពាក់មួកគឺជាសម្លៀកបំពាក់ដែលស្ត្រីកម្ពុជាទើបឆ្លងទន្លេរួចតែងតែស្លៀកពាក់។ នាងដេកនៅក្នុងបន្ទប់មួយជាមួយនឹងស្ត្រីជាច្រើនដែលទើបឆ្លងទន្លេរួចនៅមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារកកាលពីដើមខែតុលា ឆ្នាំ ២០១៨ នេះ។ ប៉ុន្តែមានតែ ណារី ម្នាក់ប៉ុណ្ណោះដែលត្រូវបានឆ្មាំពន្ធនាគារអង្គុយយាមនៅមុខបន្ទប់របស់នាង។ ណារី ដែលមានកូន ៣ នាក់រួចទៅហើយនោះមិនបានឆ្លងទន្លេតាមធម្មតាទេ។ ណារី គឺជាស្ត្រីម្នាក់ក្នុងចំណោមស្ត្រីចំនួន ៣២ នាក់ដែលកាលពីដំបូងត្រូវបានសមត្ថកិច្ចចាប់បញ្ជូនទៅអង្គការក្រៅរដ្ឋាភិបាលក្នុងនាមជាជនរងគ្រោះ ប៉ុន្តែនៅទីបំផុតនាងត្រូវបានចោទប្រកាន់ និងឃុំខ្លួនមុនការជំនុំជម្រះដោយចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីខែកក្កដា ក្រោមការចោទប្រកាន់ពីបទប៉ុនប៉ងលក់ ទិញ ឬដោះដូរមនុស្សសម្រាប់ការផ្ទេរឆ្លងព្រំដែន និង ប្រព្រឹត្តជាអន្តរការីរវាងឪពុក ម្តាយស្មុំកូន និងស្ត្រីដែលមានផ្ទៃពោះតាមមាត្រា ១៦ នៃច្បាប់ស្តីពីការបង្ក្រាបការជួញដូរមនុស្ស និងកេងប្រវ័ញ្ចផ្លូវភេទ និងមាត្រា ៣៣២ នៃក្រមព្រហ្មទណ្ឌដែលអន្តរការីរវាងឪពុកម្តាយស្មុំកូន និងស្ត្រីមានផ្ទៃពោះអាចប្រឈមមុខនឹងការជាប់ពន្ធនាគារ ពី ១ ទៅ ៦ ខែ។

ប៉ុន្តែឥឡូវនេះស្ត្រីទាំង ៣២ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ១៦ ឧសភា ជាមន្ទីរពេទ្យនគរបាលដែលអាចប្រឈមនឹងទោសជាប់ពន្ធនាគារ ២០ ឆ្នាំ។ ណារី ជាកម្មការិនីកាត់ដេរនៅជាយរាជធានីភ្នំពេញ នាងបានដឹងអំពីការស៊ីឈ្នួលពពោះជំនួសតាមរយៈកម្មការិនីកាត់ដេរដូចគ្នាដែលធ្វើការនៅក្នុងរោងចក្រជាមួយនាងធ្លាប់បានស៊ីឈ្នួលពពោះជំនួស ហើយពួកគេរកប្រាក់បានគ្រប់គ្រាន់ ដើម្បីទិញដី និងផ្ទះ។ ណារី បាននិយាយថាកាលនៅធ្វើជាកម្មកររោងចក្រ នាងអាចរកប្រាក់បានប្រមាណតែ ១២០ ដុល្លារប៉ុណ្ណោះក្នុង ១ ខែ ខណៈដែលប្តីរបស់នាងជាអ្នករត់ម៉ូតូឌុប។ នាងត្រូវបានគេសន្យាថានឹងឲ្យប្រាក់ចំនួន ៩០០០ ដុល្លារអាមេរិក សម្រាប់ការស៊ីឈ្នួលពពោះបង្កើតកូនឲ្យគេបានម្នាក់។ នាងនិយាយថា៖ «ត្រឹមពេលឥឡូវនេះខ្ញុំទទួលបានប្រាក់ប្រមាណ ២ ០០០ ដុល្លារហើយក្នុង ១ ខែៗពួកគេឲ្យប្រាក់ខ្ញុំ ៣០០ ដុល្លារ។ ដោយសារខ្ញុំក្រ ខ្ញុំបានជំពាក់ប្រាក់បងប្អូនទើបខ្ញុំស៊ីឈ្នួលពពោះ។ យើងអត់មានដីរស់នៅ ខ្ញុំចង់មានដីផ្ទាល់ខ្លួនសង់ផ្ទះ»។

លោក ជុំ ប្រសិទ្ធ ប្តីរបស់ ណារី ដែលជាអ្នករត់ម៉ូតូឌុប ឥឡូវនេះត្រូវមើលថែកូនផង និងត្រូវរត់ម៉ូតូឌុបរកប្រាក់ផ្គត់ផ្គង់គ្រួសារតែម្នាក់ឯងចាប់តាំងពី ណារី ត្រូវបានសមត្ថកិច្ចចាប់ឃុំខ្លួន។ លោក ប្រសិទ្ធ ឲ្យដឹងថា ណារី បាននិយាយជាមួយលោកនៅមុនពេលសម្រេចចិត្តស៊ីឈ្នួលពពោះ។ «នាងបានប្រាប់ខ្ញុំអំពីអ្នកស៊ីឈ្នួលពពោះ ខ្ញុំបានប្រាប់នាងឲ្យប្រុងប្រយ័ត្ន ប៉ុន្តែដោយសារយើងក្រីក្រខ្លាំង យើងចង់បានលុយទិញដី …។ យើងឃើញគេធ្វើវាបានលុយច្រើនទិញដី និងធ្វើផ្ទះថ្មី។ ជាអ្នករត់ម៉ូតូឌុប ខ្ញុំមិនអាចរកលុយបានច្រើនទេ បច្ចុប្បន្នគេមិនសូវចូលចិត្តជិះម៉ូតូឌុប។ ខ្ញុំជំពាក់បងស្រី ២៥០០ ដុល្លារអាមេរិក»។

ស្ត្រីម្នាក់ទៀតឈ្មោះ លីន ដែលក៏មានសាច់រឿងស្រដៀងគ្នានឹងអ្នកស្រី ណារី ផងដែរដោយប្រឈមមុខនឹងបញ្ហាជីវភាពគ្រួសារយ៉ាងលំបាក នាងបានធ្វើដំណើរពីខេត្តមករាជធានីភ្នំពេញ ដើម្បីស៊ីឈ្នួលពពោះ បន្ទាប់ពីអ្នកនៅក្នុងភូមិរបស់នាងបានផ្តល់យោបល់ដល់នាង។ ប៉ុន្តែរហូតមកដល់ពេលនេះនាងទើបតែទទួលបានប្រាក់ ៥០០ ដុល្លារប៉ុណ្ណោះ។ លីន និយាយថា៖ «អ្នកជិតខាងបានប្រាប់ខ្ញុំឲ្យស៊ីឈ្នួលពពោះ ដើម្បីឲ្យខ្ញុំអាចទទួលបានប្រាក់ ៩០០០ ដុល្លារ។ ខ្ញុំបានប្រាប់ប្តីរបស់ខ្ញុំ គាត់មិនចង់ឲ្យខ្ញុំពពោះទេ ប៉ុន្តែខ្ញុំត្រូវការប្រាក់ដើម្បីសង់ផ្ទះមួយនៅដាច់ដោយឡែក ពីម្តាយរបស់ខ្ញុំ ហើយយើងមិនបានគិតល្អិតល្អន់អំពីបញ្ហានេះ»។ លីន បន្តថា៖ «ឥឡូវនេះខ្ញុំចង់ត្រឡប់ទៅផ្ទះវិញ។ ខ្ញុំនឹកប្តីរបស់ខ្ញុំ និងកូនស្រីរបស់ខ្ញុំ។ គាត់បានដឹងថាខ្ញុំត្រូវបានចាប់ខ្លួន ហើយគាត់បានមកសួរសុខទុក្ខខ្ញុំម្តង»។

លោកស្រី ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្សដែលត្រូវបានសម្ពាស កាលពីខែកញ្ញាថ្លែងថា ករណីនេះនៅតែបន្តកើតឡើង។ «ពួកគេសំណាងដែលកូននៅក្នុងផ្ទៃរបស់ពួកគេនៅឡើយ បើសូម្បីពួកគេជាឧក្រិដ្ឋជន ពួកគេមិនត្រូវបានដាក់នៅក្នុងកន្លែងលំបាក ដោយសារយើងចង់ថែទាំទារកដែលជាជនរងគ្រោះនៅក្នុងផ្ទៃរបស់ពួកគេ»។

ស្ត្រីស៊ីឈ្នួលពពោះមួយចំនួន និងប្តីរបស់ពួកគេដែលភ្នំពេញប៉ុស្តិ៍សម្ភាស បាននិយាយថា ពួកគេចង់ចិញ្ចឹមកូនដែលពួកគេបានពពោះនោះ ដោយសារពួកគេបារម្ភថា ពួកគេនឹងត្រូវផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ២០ឆ្នាំ ប្រសិនបើពួកគេមានបំណងនាំយកកូនទាំងនោះទៅឲ្យឪពុកម្តាយដែលចង់បានកូននោះដែលភាគច្រើនជាជនជាតិចិន។ណារី បានថ្លែងថា៖ «ខ្ញុំគិតថាវានឹងពិបាក ប៉ុន្តែខ្ញុំត្រូវតែមើលថែកូននេះ បើមិនដូច្នោះទេច្បាប់នឹងចោទប្រកាន់យើង។ នៅពេលកូនស្រីរបស់ខ្ញុំធំឡើង យើងមិនអាចលាក់នាងបានទេ ដោយសារនៅក្នុងភូមិរបស់ខ្ញុំដែលខ្ញុំរស់នៅ គេគ្រប់គ្នាដឹងថា ខ្ញុំស៊ីឈ្នួលពពោះ»។ លីន ក៏និយាយដែរថា៖ «ខ្ញុំនឹងមិនឲ្យកូននេះទៅនរណានោះទេ ខ្ញុំនឹងចិញ្ចឹមកូននេះដោយខ្លួនឯង មិនថាពួកគេឲ្យលុយខ្ញុំប៉ុន្មាននោះទេ។ ខ្ញុំមិនមែនមានន័យថា ខ្ញុំមានលុយគ្រប់គ្រាន់ដើម្បីចិញ្ចឹមកូននោះទេ ប៉ុន្តែប្រសិនបើយើងឲ្យកូននេះទៅអ្នកដទៃ ខ្ញុំអាចត្រូវបានគេចោទប្រកាន់ទៅតាមច្បាប់ និងជាប់ពន្ធនាគារ ២០ ឆ្នាំ»។

ប្តីរបស់ ណារី បានថ្លែងថា៖ «យើងមិនប្រាប់កូនស្រីរបស់យើង យើងស្រឡាញ់នាងដូចកូនយើង។ ខ្ញុំនិយាយមិនចេញទេ។ វាប្រាកដជាលំបាកសម្រាប់យើងហើយ ដូច្នេះយើងត្រូវខំធ្វើការទ្វេដង។ មិនថាលំបាកយ៉ាងណាទេ យើងត្រូវតែតស៊ូ។ ខ្ញុំភ័យខ្លាចថា នៅពេលយើងចិញ្ចឹមនាងធំឡើងពួកគេមកយកនាងវិញ»។

ប្តីអាយុ ៣៦ ឆ្នាំម្នាក់ទៀតឈ្មោះ ជុំជួន ដែលក៏ជាអ្នករត់ម៉ូតូឌុបហើយប្រពន្ធរបស់គាត់ដែលជាកម្មកររោងចក្របានស៊ីឈ្នួលពពោះបាន ៤ ខែបាននិយាយថាលោកនឹងចិញ្ចឹមកូននេះ។ លោកថ្លែងថា៖ «ខ្ញុំនឹងមិនប្រាប់កូននេះអំពីប្រវត្តិរបស់នាងទេ ហើយប្រសិនបើយើងមិនប្រាប់គេ គ្មាននរណាម្នាក់ដឹងទេ មិនមែនរាល់កូនទាំងអស់សុទ្ធតែមានមុខមាត់ដូចឪពុកម្តាយរបស់ពួកគេនោះទេ។ ខ្ញុំមិនចង់ឲ្យកូនដឹងទេ ដោយសារខ្ញុំមិនចង់ឲ្យកូនឈឺចាប់ វាមិនមែនជារឿងល្អសម្រាប់ក្មេងនោះទេ»។

លោកស្រី ប៊ុនអេង បានថ្លែងថា រដ្ឋាភិបាលព្យាយាមធ្វើឲ្យស្ត្រីទាំងអស់នោះអាចមានសិទ្ធិចិញ្ចឹមកូនដោយខ្លួនឯង។ «យើងត្រូវបង្រៀនសង្គមឲ្យទទួលយកថា ស្ត្រីជាម្តាយនៃកូននោះមិនត្រូវរំឭកអំពីបញ្ហាដទៃ។ ប៉ះពាល់ ឬមិនប៉ះពាល់ វាអាស្រ័យទៅលើអ្នកខ្លួនឯង កូនប្រាកដជាប៉ះពាល់អារម្មណ៍។ ប៉ុន្តែអ្វីដែលសំខាន់ ពួកគេរស់នៅជាមួយម្តាយរបស់ពួកគេ ហេតុអ្វីអ្នកលំបាកខ្លាំង?»។

លោក Rodrigo Montero ទីប្រឹក្សាផ្នែកយេនឌ័រនៅអង្គការ UNDP បានឆ្លើយតាមអ៊ីមែលថា រដ្ឋាភិបាលកំពុងអនុវត្តទៅតាមច្បាប់ជាតិ និងអន្តរជាតិ។ លោកថ្លែងថា៖ «រដ្ឋាភិបាលគួរអនុវត្តដោយគិតអំពីអត្ថប្រយោជន៍របស់កូនជាធំ។ នោះមានន័យថាស្ត្រីទាំងនេះមិនអាចត្រូវបានបង្ខំឲ្យមានកូន ប្រសិនបើវាមិនមែនជាអត្ថប្រយោជន៍កូនជាធំ។ ក្មេងទាំងអស់មានសិទ្ធិទទួលបានការស្រឡាញ់ និងទទួលបានការថែទាំសមស្រប និងការផ្គត់ផ្គង់សម្រាប់ការអភិវឌ្ឍរបស់ពួកគេ»។

លោកស្រី ប៊ុនអេង បានថ្លែងកាលពីថ្ងៃទី ១ ខែតុលាថា កូនស្ត្រីស៊ីឈ្នួលពពោះចំនួន ៩ នាក់បានកើតរួចហើយ ហើយសំបុត្រកំណើតត្រូវបានធ្វើដោយគ្រួសាររបស់ស្ត្រីស៊ីឈ្នួលពពោះ។ លោកស្រីបញ្ជាក់ថា ស្ត្រីទាំងនោះគឺជាម្តាយរបស់កូនទាំងនោះនៅក្នុងសំបុត្រកំណើត។

ទោះយ៉ាងណាសាច់ញាតិម្នាក់ក្នុងចំណោមសាច់ញាតិរបស់ស្ត្រីស៊ីឈ្នួលពពោះបានអះអាងថា ពួកគេមិនទាន់បានធ្វើសំបុត្រកំណើតសម្រាប់កូននោះនៅឡើយទេ។

អ្នកនាំពាក្យក្រសួងកិច្ចការនារីលោក ប៉ុន ពុទ្ធបូរី បានថ្លែងតាមទូរស័ព្ទថា ក្រសួងមិនអាចផ្តល់ជំនួយណាមួយដល់ស្ត្រីទាំងនោះទេ។ លោកបន្តថា៖ «ជាមួយករណីចាប់ខ្លួននេះ យើងពិតជាអាណិត ប៉ុន្តែយើងមិនបានផ្តល់ជំនួយណាមួយទេ ប៉ុន្តែយើងមានដៃគូរបស់យើងដែលឧបត្ថម្ភពួកគេ។ និយាយឲ្យត្រង់ទៅ វាពិតជាសំណួរលំបាកឆ្លើយ.ហើយយើងអត់មានច្បាប់អំពីវា។ យើងបានជួបប្រជុំអន្តរក្រសួងនៅពេលករណីនេះកើតឡើងដើម្បីការពារអត្ថប្រយោជន៍កូន។ យើងចង់ពិនិត្យឲ្យច្បាស់ថា ស្ត្រីទាំងនោះពិតជាជនរងគ្រោះនៃការចាញ់បោកគេ ឬដើម្បីលុយ»។ស្ត្រីស៊ីឈ្នួលពពោះ និងប្តីរបស់ពួកគេនិយាយថា ពួកគេចង់ជួបជុំគ្រួសារវិញ។

លោក ជុំ ជួន បានថ្លែងថា៖ «ខ្ញុំពិបាកចិត្តណាស់ដែលឃើញប្រពន្ធរបស់ខ្ញុំរស់នៅទីនោះ (កន្លែងឃុំខ្លួន) ដោយមិនមានសេរីភាព។ ខ្ញុំចង់ឃើញនាងមានសេរីភាពនាពេលឆាប់ៗ។ នាងប្រាប់ខ្ញុំថា នាងដេកមិនលក់ ដោយសារនាងគិតច្រើន។ នាងថាវាចង្អៀត និងមានមនុស្សច្រើននៅទីនោះ ហើយកូនយំ វាថ្លង់ណាស់»៕ PS

website_news/2018181002.txt · Last modified: 2018/10/18 15:08 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki