website_news:2018181202

ក្រុមគ្រួសារលោករ៉ាត់រ័ត្នមុនីអ្នកជួយថតខ្សែភាពយន្តឯកសារ “ម្តាយខ្ញុំលក់ខ្ញុំ”ដាក់ញ្ញត្តិឱ្យទូតរុស្ស៊ីជួយ

http://www.rasmeinews.com/ December 18, 2018, 11:54 AM

ដោយៈមុនីរ័ត្ន/ភ្នំពេញៈក្រុមគ្រួសារលោក រ៉ាត់ រ័ត្នមុនី ប្រធានសហព័ន្ធសហជីពកម្មករសំណង់ និងជាអ្នកជួយថតខ្សែភាពយន្តឯកសារ “ម្តាយខ្ញុំ លក់ខ្ញុំ” ឱ្យសារព័ត៌មាន Russia Today (RT) នៅព្រឹកថ្ងៃទី១៨ខែធ្នូឆ្នាំ២០១៨នេះបានដាក់ញ្ញត្តិនៅស្ថានទូតរុស្ស៊ី ដើម្បីជួយអន្តរាគមន៍ឱ្យមានការដោះលែងលោក រ៉ាត់ រ័ត្នមុនី ចេញពីពន្ធនាគារ។

សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនលោក រ៉ាត់ រ័ត្នមុនី ប្រធានសហព័ន្ធសហជីពកម្មករសំណង់ និងជាអ្នកថតខ្សែភាពយន្តឯកសារ “ម្តាយខ្ញុំលក់ខ្ញុំ” ឱ្យសារព័ត៌មាន Russia Today (RT) ដាក់ពន្ធនាគារបណ្តោះអាសន្ន និងចោទពីបទញុះញង់ឱ្យមានការរើសអើង តាមបញ្ញត្តិមាត្រា៤៩៦ នៃក្រមព្រហ្មទណ្ឌ។ ការសម្រេចនេះ ធ្វើឡើងកាលពីរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨។យោងតាមមាត្រា៤៩៦ មានខ្លឹមសារថា៖ «បទញុះញង់ឱ្យមានការរើសអើងអំពើញុះញង់ដោយផ្ទាល់តាមមធ្យោបាយណាមួយ ដែលមានចែងក្នុងមាត្រា៤៩៤ នៃក្រមនេះ ធ្វើឱ្យប្រព្រឹត្តការរើសអើង ការគុំគួន ឬហិង្សា ចំពោះបុគ្គលណាម្នាក់ ឬក្រុមណាមួយ។ ដោយមូលហេតុបុគ្គលនេះ ជាសមាជិក ឬមិនមែនជាសមាជិក នៃជាតិពន្ធុ ក្រុមជាតិ ពូជសាសន៍ ឬនៃសាសនាណាមួយ ជាកំណត់នោះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ៦លានរៀល ប្រសិនបើការញុះញង់នេះ គ្មានប្រសិទ្ធភាពទេ»។

លោក រ៉ាត់ រ័ត្នមុនី ត្រូវបានអាជ្ញាធរថៃចាប់ខ្លួននៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ ខណៈដែលលោកកំពុងសុំទិដ្ឋាការទៅប្រទេសហុល្លង់។ បន្ទាប់មក លោកត្រូវបានបញ្ជូនមកដល់កម្ពុជា កាលពីយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨។ បន្ទាប់ពីបញ្ជូនមកដល់កម្ពុជា សមត្ថកិច្ចបានបញ្ជូនខ្លួនលោក រ៉ាត់ រ័ត្នមុនី ទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីឱ្យព្រះរាជអាជ្ញាធ្វើការសាកសួរអំពីដំណើររឿងនៃការថតខ្សែភាពយន្តឯកសារ “ម្តាយខ្ញុំ លក់ខ្ញុំ”។

លោក លី សុផាណា ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា“ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនបណ្តោះអាសន្នពីបទ ញុះញង់អោយមានការរើសអើង តាមបញ្ញត្តិមាត្រា៤៩៦នៃក្រមព្រហ្មទណ្ឌ”។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិបានថ្លែងបញ្ជាក់នៅក្នុងសន្និសីទកាសែតកាលពីថ្ងៃទី១២ ខែធ្នូថា វីដេអូនេះ ត្រូវបានថតក្នុងចេតនាទុច្ចរិត បន្ថោកកិត្តិយសប្រទេសកម្ពុជា។ ហេតុនេះ ប៉ូលិសបានស្នើសុំព្រះរាជអាជ្ញា កោះហៅលោក រ៉ាត់ រ័ត្នមុនី មកបំភ្លឺ តែលោកបានគេចខ្លួនចេញទៅក្រៅប្រទេស។ ក្រោយបំបែកសំណុំរឿងនេះ សមត្ថកិច្ចកម្ពុជា បានសុំកិច្ចសហការជាមួយសមត្ថកិច្ចថៃ ដើម្បីនាំខ្លួនលោក រ៉ាត់ រ័ត្នមុនី។ខ្សែភាពយន្តឯកសារនេះ មានរយៈពេល ២៧នាទី ដោយបានរៀបរាប់លម្អិតអំពីគ្រួសារក្រីក្រនៅកម្ពុជាដែលលក់ព្រហ្មចារីស្រីរបស់ពួកគេក្នុងតម្លៃប្រហែល ៤០០ដុល្លារក្នុងម្នាក់ៗ។ ខ្សែភាពយន្តនេះបានបង្ហាញថានៅក្នុងក្លិបរាត្រី និងខារ៉ាអូខេ ក្មេងស្រីជំទង់បានញ៉ាំភេសជ្ជៈ និងផ្តល់សេវាផ្លូវភេទដល់អតិថិជនបួនឬប្រាំនាក់ក្នុងមួយថ្ងៃ។

នៅក្នុងខ្សែភាពយន្តនេះ ក្មេងស្រីឈ្មោះ គៀង ស្រីម៉ិច បាននិយាយថា ម្តាយរបស់នាង បានបង្ខំឱ្យនាងចូលពេស្យាចារ។ នៅក្នុងក្លឹបខារ៉ាអូខេភ្ញៀវបានហៅឱ្យអង្គុយជាមួយពួកគេ។ ពួកគេបានឱ្យនាងផឹកស្រាបៀរ ជាមួយពួកគេ ដោយឱ្យនាងពី ១០ ទៅ ២០ដុល្លារ ហើយប្រសិនបើទៅគេងជាមួយពួកគេ នោះនឹងទទួលបានច្រើនជាងនេះ៕S/

website_news/2018181202.txt · Last modified: 2018/12/18 14:03 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki