website_news:2018190102

ជនរងគ្រោះខ្មែរចាញ់ក្តីក្រុមហ៊ុនគ្រឿងសមុទ្រថៃ និងអាមេរិកាំង

https://khmer.voanews.com/ 18 មករា 2018 ម៉ែន គឹមសេង

វ៉ាស៊ីនតោន៖ តុលាការសហរដ្ឋអាមេរិកបានកាត់ក្តីឱ្យក្រុមហ៊ុនគ្រឿងសមុទ្រអាមេរិកាំងនិងថៃឈ្នះលើបណ្តឹងស្តីពីការកេងប្រវ័ញ្ចកម្លាំងពលកម្មជនរងគ្រោះកម្ពុជា។ ប៉ុន្តែជនរងគ្រោះ បានប្តឹងបន្តទៅសាលាឧទ្ធរណ៍ប្រឆាំងនឹងការសម្រេចនេះ។ តុលាការសហព័ន្ធប្រចាំតំបន់ភាគកណ្តាលរដ្ឋកាលីហ្វញ៉ាបានសម្រេចឱ្យក្រុមហ៊ុនគ្រឿងសមុទ្រផាត់ថាណានិងក្រុមហ៊ុនអាហារបង្កក S.S Frozen Food របស់ថៃ និងក្រុមហ៊ុន Rubicon Resources និងក្រុមហ៊ុន Wales & Co. Universe Ltd. របស់អាមេរិកាំងឈ្នះក្តី ដោយផ្អែកលើហេតុផលថា ដើមបណ្តឹងមិនមានភស្តុតាងគ្រប់គ្រាន់ដើម្បីបង្ហាញថា ក្រុមហ៊ុនបានចូលរួមកេងប្រវ័ញ្ចកម្លាំងពលកម្ម ឬ បានដឹង និងទទួលផលពីការជួញដូរមនុស្សទេ។

លោក កែវ រដ្ឋា អតីតពលកររងគ្រោះ និងជាដើមបណ្តឹងម្នាក់ក្នុងចំណោម៧នាក់បានបញ្ជាក់ប្រាប់ VOA កាលពីថ្ងៃពុធថា លោកមាន «ការសោកស្តាយយ៉ាងខ្លាំង‍»ចំពោះការសម្រេចចិត្តនេះ ហើយថា«ជនរងគ្រោះបានខិតខំពុះពារខ្លាំងណាស់ទម្រាំអាចរៀបចំជាបណ្តឹងប្តឹងក្រុមហ៊ុនទាំងនេះបាន‍»។ លោកបានបន្ថែមថា៖ «ខ្ញុំដូចជាខកចិត្តដែរព្រោះគិតថាតុលាការសហរដ្ឋអាមេរិក នឹងអាចរកយុត្តិធម៌ឱ្យពួកខ្ញុំ ប៉ុន្តែដល់ពេលច្រានចោលពាក្យបណ្តឹងមានការខកចិត្ត ហើយក៏សោកស្តាយខ្លាំងដែរ ហើយក៏មិនដឹងថាត្រូវធ្វើប្រតិកម្មយ៉ាងម៉េចចំពោះតុលាការដែរពីព្រោះវាជានីតិវិធីច្បាប់របស់ខាងហ្នុងខ្ញុំមិនសូវយល់ពីច្បាប់ខាងហ្នុង‍»។

នៅក្នុងសាលក្រមចុះថ្ងៃទី៤ខែមករាដែល VOA ទទួលបាននៅសប្តាហ៍នេះ លោកចៅក្រម John F. Walter បានសម្រេចថាដើមបណ្តឹង «មិនទទួលបានអ្វីទាំងអស់តាមបណ្តឹងរបស់ពួកគេទេ‍»។ សាលក្រមបានបន្ថែមថា ការសម្រេចចុងក្រោយផ្តល់ផលប្រយោជន៍ដល់ចុងចម្លើយដែលជាក្រុមហ៊ុនទាំងបួននោះ។ សាលក្រមបានបន្ថែមថា៖ «ដើមបណ្តឹងមិនបានបង្ហាញថាក្រុមហ៊ុនRubicon និង Wales បានដឹងឬគួរតែដឹងថាមានការជួញដូរមនុស្សបានកើតមានឡើងនៅក្នុងរោងចក្ររបស់ក្រុមហ៊ុនផាត់ថាណាដែលស្ថិតនៅក្នុងខេត្តសុងក្លា‍ទេ»។ តុលាការក៏សន្និដ្ឋានថាខ្លួនមិនមានដែនយុត្ថាធិការកាត់ក្តីតាមការទាមទាររបស់ជនរងគ្រោះលើក្រុមហ៊ុនថៃផាត់ថាណាផងដែរ។

ជនរងគ្រោះកម្ពុជាចំនួន៧នាក់គឺលោក កែវ រដ្ឋា លោក សែម កុសល និងប្រពន្ធឈ្មោះ ប៊ុន សុភា លោកយ៉ែម បាន និងប្រពន្ធឈ្មោះណុល ណាគ្រី លោកសុក សង និងលោកផាន់ សុភាបានដាក់ពាក្យបណ្តឹងកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ ប្រឆាំងនឹងក្រុមហ៊ុនផលិត និងទិញលក់គ្រឿងសមុទ្រទាំងបួនពីបទជួញដូរមនុស្ស ការបង្ខំឱ្យធ្វើពលកម្ម ទាសភាព បំបិទសិទ្ធិដើរហើរនិងសិទ្ធិការងារនិងធ្វើឱ្យជំពាក់បំណុល។ បណ្តឹងនេះអាចធ្វើឡើងបានដោយសារតែក្រុមហ៊ុន Rubicon Resources និងក្រុមហ៊ុនWales គឺជាក្រុមហ៊ុនអាមេរិកាំងដែលច្បាប់តម្រូវឱ្យជនរងគ្រោះអាចប្តឹងបានបើសិនជាក្រុមហ៊ុននេះមានជាប់ពាក់ព័ន្ធនឹងសកម្មភាពកេងប្រវ័ញ្ចកម្លាំងពលកម្មមនុស្សបើទោះបីជានៅក្រៅសហរដ្ឋអាមេរិកក៏ដោយ។

ក្រុមហ៊ុនផាត់ថាណា និងក្រុមហ៊ុន S.S. Frozen Food គឺជាក្រុមហ៊ុនគ្រឿងសមុទ្រថៃ ហើយមានរោងចក្របង្គារនៅខេត្តសុងក្លាដែលស្ថិតនៅភាគខាងត្បូងរបស់ប្រទេសថៃ។ ក្រុមហ៊ុនផាត់ថាណាលក់ផលិតផលបង្គារឱ្យក្រុមហ៊ុន Rubicon Resources ដើម្បីលក់បន្តទៅឱ្យអតិថិជននៅក្នុងសហរដ្ឋអាមេរិកក្នុងនោះមានហាងលក់ទំនិញរាយ Walmart ផងដែរ។ ក្រុមហ៊ុនWales ជាអ្នកពិនិត្យគុណភាពទំនិញពេលក្រុមហ៊ុន Rubicon Resources បញ្ជាទិញ។ ជនរងគ្រោះទាំង៧នាក់ត្រូវបានមេខ្យល់បញ្ចុះបញ្ចូលឱ្យទៅធ្វើការនៅក្រុមហ៊ុនគ្រឿងសមុទ្រផាត់ថាណា និង S.S. Frozen Food ចន្លោះពីឆ្នាំ២០១០ ដល់២០១២។ ពួកគេបានធ្វើការនៅខេត្តសុងក្លាក្នុងអំឡុងពេលនៃការចោទប្រកាន់ថាមានការកេងប្រវ័ញ្ចនេះ។ ជនរងគ្រោះបានខ្ចីបំណុលគេដើម្បីធ្វើដំណើរ ហើយនៅបន្តជំពាក់គេរហូតដល់សព្វថ្ងៃ និងមានបញ្ហាសុខភាពដោយសារតែស្ថានភាពការងារលំបាកនិងការរស់នៅលំបាកលំបិន។

ដើមបណ្តឹងមិនអាចទទួលបានទិដ្ឋាការដើម្បីមកឆ្លើយបំភ្លឺនៅតុលាការបានដោយផ្ទាល់ទេ។ ប៉ុន្តែការសម្រេចធ្វើឡើងផ្អែកលើការផ្តល់អំណះអំណាងតាមលិខិតជាជាងការធ្វើសវនាការដេញដោលដោយផ្ទាល់មាត់។ ក្រុមមេធាវីការពារជនរងគ្រោះក៏បានសម្តែងការខកចិត្តចំពោះការសម្រេចរបស់តុលាការ។ នៅក្នុងសារជាអ៊ីម៉េលផ្ញើមក VOA លោកស្រី Agnieszka Fryszman បានបញ្ជាក់បន្ថែមថា៖ «ចុងចម្លើយបានបដិសេធមិនស្នើសុំឱ្យមានសេចក្តីវិនិច្ឆ័យសង្ខេបលើការចោទពីការជួញដូរមនុស្សតាមការអះអាងរបស់ដើមបណ្តឹងជាច្រើននាក់ដែលនេះជាភស្តុតាងគ្រប់គ្រាន់ស្តីពីទាសករបំណុល ពលកម្មដោយបង្ខំ និងការជួញដូរមនុស្សដែលអាចយកមកបើកសវនាការបាន។ យើងជឿថាសេចក្តីសម្រេចរបស់តុលាការដែលថាការអះអាងនេះមិនអាចយកមកកាត់ក្តីបាននៅសហរដ្ឋអាមេរិកគឺជាការខុសឆ្គងពីផ្លូវច្បាប់ហើយយើងមានផែនការនឹងប្តឹងឧទ្ធរណ៍‍»។

ក្រុមមេធាវីជនរងគ្រោះបានជូនដំណឹងទៅសាលាឧទ្ធរណ៍កាលពីថ្ងៃទី១០ ខែមករាបង្ហាញពីចេតនាក្នុងការប្តឹងទៅឧទ្ធរណ៍ប្រឆាំងនឹងការសម្រេចនេះ។ លោកស្រី Agnieszka បានបន្ថែមថា ដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សនៅទូទាំងពិភពលោក សហរដ្ឋអាមេរិកបានអនុញ្ញាតឱ្យប្រើប្រាស់ និងពង្រីកវិសាលភាពនៃ«ច្បាប់ការពារជនរងគ្រោះពីការជួញដូរ‍»ដើម្បីនាំយកជនល្មើសមកកាត់ទោសក្នុងតុលាការសហរដ្ឋអាមេរិកនិងដើម្បីធានាឱ្យមានការទទួលខុសត្រូវនៅគ្រប់ផ្នែកនៃក្រុមជួញដូរ។ លោកស្រីបញ្ជាក់ថា៖ «យើងជឿជាក់ថាសំណុំរឿងនេះមានតម្លៃដូចគ្នាស្របតាមច្បាប់ស្តីពីការការពារជនរងគ្រោះ‍»។

VOA បានព្យាយាមទាក់ទងក្រុមហ៊ុនមេធាវីSheppard, Mullin, Richer & Hampton ដែលការពារក្តីឱ្យក្រុមហ៊ុនគ្រឿងសមុទ្រទាំងបួនប៉ុន្តែពួកគេមិនបានឆ្លើយតបមកវិញទេ។

នៅក្នុងឯកសារការពារកូនក្តីក្រុមមេធាវីអះអាងថាក្រុមហ៊ុនដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកទាំងពីរគឺ Rubicon និងWales មិនដែលបានទទួលផលអ្វីពីកម្លាំងពលកម្មក្នុងពេលដែលដើមបណ្តឹងធ្វើការនៅក្នុងរោងចក្រផលិតបង្គាររបស់ក្រុមហ៊ុនផាត់ថាណានៅខេត្តសុងក្លាទេ។ មេធាវីបន្ថែមថាក្រុមហ៊ុន Wales ធ្លាប់បានពិនិត្យមើលគុណភាពទំនិញរបស់ក្រុមហ៊ុនផាត់ថាណា ប៉ុន្តែសកម្មភាពនោះកើតមានឡើងមិនមែនក្នុងអំឡុងពេលដែលដើមបណ្តឹងធ្វើការនៅ រោងចក្រនោះទេ។ ក្រុមមេធាវីបានបន្ថែមថា៖ «មិនមានភស្តុតាងដែលថាមានដើមបណ្តឹងណាម្នាក់ដែលបានប៉ះផលិតផលដែលក្រុមហ៊ុន Wales ត្រួតពិនិត្យទេ។ ដូច្នេះហើយការពាក់ព័ន្ធណាមួយដូចការចោទប្រកាន់របស់ដើមបណ្តឹងស្តីពីពលកម្មដោយបង្ខំគឺមិនមានស្ថានទំងន់គ្រប់គ្រាន់ទេ‍»។ មេធាវីក៏បានការពារថាក្រុមហ៊ុនថៃផាត់ថាណាមិនមានពាក់ព័ន្ធនៅក្នុងការជួញដូរមនុស្សទេ ដោយសារតែក្រុមហ៊ុននេះមិនបានជ្រើសរើសពលករទាំងនោះដោយផ្ទាល់ទេហើយគ្រាន់តែមានភារកិច្ចអនុវត្តតាមច្បាប់ថៃដោយជួយរៀបចំបំពេញឯកសារសុំលិខិតអនុញ្ញាតធ្វើការងារ។

ការណ៍ដែលជនរងគ្រោះសម្រេចចិត្តចូលមកប្រទេសថៃដោយខុសច្បាប់មិនមានលិខិតឆ្លងដែននោះទេដែលមិនអាចឱ្យពួកគេធ្វើដំណើរដោយសេរីក្នុងប្រទេសថៃ ហើយមិនអាចប្តូរការងារបានដោយសារខ្លាចអាជ្ញាធរមានសមត្ថកិច្ចចាប់ខ្លួន។ មេធាវីបានបន្ថែមថា៖ «ផលវិបាកទាំងនេះមិនអាចស្តីបន្ទោសមកលើក្រុមហ៊ុនផាត់ថាណាបានទេ‍»។ មេធាវីចុងចម្លើយបានការពារបន្ថែមថា រយៈពេលដែលដើមបណ្តឹងកែវរដ្ឋាដែលជាជនរងគ្រោះតែម្នាក់គត់ធ្លាប់ធ្វើការនៅរោងចក្របង្កក S.S. Frozen Food ពីខែវិច្ឆិកាឆ្នាំ២០១១ដល់ខែមករាឆ្នាំ២០១២គឺក្រុមហ៊ុនមិនទទួលបានការបញ្ជាទិញណាមួយពីសហរដ្ឋអាមេរិកទេ។ ហើយក្រុមហ៊ុននេះក៏មិនដែលធ្វើការដោះដូរទំនិញជាមួយនឹងក្រុមហ៊ុនអាមេរិកាំងទាំងពីរផងដែរ។

ការចាញ់ក្តីនៅតុលាការជាន់ទាបនេះនាំឱ្យលោក កែវ រដ្ឋា នៅមានក្តីសង្ឃឹមតិចតួចប៉ុណ្ណោះលើសាលាឧទ្ធរណ៍របស់សហរដ្ឋអាមេរិក។ លោកកែវ រដ្ឋាបានបញ្ជាក់បន្ថែមថា៖ «បាទដូចជាពិបាកសង្ឃឹមដែរពីព្រោះអីមិនដឹងថា រាល់ពាក្យបណ្តឹងយើងហ្នឹងសាលាឧទ្ធរណ៍យកទៅពិនិត្យពិច័យច្បាស់លាស់យ៉ាងម៉េចឬក៏ថា ខាងហ្នុងបដិសេធទៀតឬក៏ឱ្យពួកខ្ញុំចាញ់ក្តីទៀតគឺអស់សង្ឃឹមមែនទែនហើយពីព្រោះថាមិនដឹងរកវិធីអី ដើម្បីតតាំងជាមួយគេទេពីព្រោះអីពួកខ្ញុំជាជនរងគ្រោះ គឺកាន់តែរងគ្រោះមួយសារទៀតហើយព្រោះខំចំណាយពេលវេលា និងធ្វើការជាមួយមេធាវីហើយទៅជាអាសារបង់ក៏ពិបាកដែរ‍»។ ដើមបណ្តឹងត្រូវប្រគល់ឯកសារទៅតុលាការ និងចុងចម្លើយនៅថ្ងៃទី១២ ខែ មិនា។ បន្ទាប់ពីនោះចុងចម្លើយដែលជាក្រុមហ៊ុនមានពេលចំនួនមួយខែដើម្បីផ្តល់ចម្លើយការពារខ្លួន។ នេះបើតាមដីកាជូនដំណឹងរបស់សាលាឧទ្ធរណ៍ដែល VOA ទទួលបាន៕

website_news/2018190102.txt · Last modified: 2018/01/19 14:19 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki