website_news:2018190202

ការទាមទាររកយុត្តិធម៌បន្ទាប់ពីការបញ្ជូនសាកសពអ្នកបម្រើស្រីហ្វីលីពីនមកពីកូវ៉ែត

http://km.rfi.fr/ ដោយ លីម ស៊ីវជួង17/02/2018

នៅហ្វីលីពីន សាច់ញាត្តិនិងអ្នកគាំទ្រជាង១០០នាក់បានទាមទាររកយុត្តិធម៌ជូនសាកសពស្រ្តីបម្រើការក្នុងផ្ទះជនជាតិហ្វីលីពីនម្នាក់ត្រូវបានរកឃើញនៅក្នុងទូកកមួយនៅក្នុងប្រទេសកូវ៉ែត ស្របពេលដែលសាកសពនោះត្រូវបានបញ្ជូនទៅកាន់ប្រទេសកំណើតវិញនាថ្ងៃសៅរ៍នេះ។ ហេតុការណ៍នេះ ក៏បានជះឥទ្ធិពលដល់ទំនាក់ទំនងការទូតរវាងហ្វីលីពីននិងកូវ៉ែតផងដែរ។

ស្ត្រីជនជាតិហ្វីលីពីនដែលសាកសពរបស់គាត់ត្រូវបានគេរកឃើញនោះ មានឈ្មោះថា Joanna Demafelis ដែលបានចាកចេញទៅធ្វើជាស្ត្រីបម្រើនៅប្រទេសកូវ៉ែតអស់រយៈពេល៤ឆ្នាំមកហើយ ក្នុងគោលបំណងស្វែងរកប្រាក់ចំណូលដើម្បីជួយសម្រាលដល់ជីវភាពក្រុមគ្រួសារនិងផ្គត់ផ្គង់ការសិក្សារបស់ប្អូនស្រី។ ការសម្លាប់និងដាក់សាកសពរបស់ Joanna នៅក្នុងទូកកត្រូវបានគេសន្និដ្ឋានថាជាទង្វើរបស់ថៅកែរបស់គាត់ ហើយការរកឃើញសាកសពនេះ បានធ្វើអោយមានការខឹងសម្បារយ៉ាងខ្លាំងពីសំណាក់សាច់ញាតិ បណ្តាជនហ្វីលីពីន ព្រមទាំងរដ្ឋាភិបាលផងដែរ។

នាថ្ងៃសៅរ៍ទី១៧នេះ នៅពេលដែលសាកសពត្រូវបានបញ្ជូនត្រលប់ទៅហ្វីលីពីនវិញនោះ មាប្រជាជនរួមទាំងមន្រ្តីក្នុងតំបន់សរុបជាង១០០នាក់ បាននាំគ្នាលើកបដាទាមទារយុត្តិធម៌។ ឧបត្តិហេតុនេះក៏បានជះឥទ្ធិពលដល់ចំណងមិត្តភាពរវាងហ្វីលីពីននិងកូវ៉ែតផងដែរ ដោយប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានចោទថា ថៅកែអារ៉ាប់តែងតែបំពានផ្លូវភេទទៅលើពលករហ្វីលីពីន បង្ខំពួកគេអោយធ្វើការ២១ម៉ោងក្នុងមួយថ្ងៃ និងពុំបានផ្តល់អាហារអោយពួកគេអោយបានសមស្របនោះទេ។ ជាងនេះទៅទៀត លោកក៏បានដាក់ចេញការហាមឃាត់ការបញ្ជូនពលករថ្មីទៅកាន់ប្រទេសកូវ៉ែតទៀត និងដាក់បញ្ជាអោយក្រុមហ៊ុនអាកាសចរណ៍នានាជួយសម្រួលដល់ការធ្វើដំណើរដល់ពលករហ្វីលីពីនជាង២៥ម៉ឺននាក់ផ្សេងទៀតនៅមជ្ឈិមបូពា៍ប្រសិនបើពួកគេមានបំណងចង់ត្រលប់ទៅប្រទេសកំណើតវិញ។

យ៉ាងតិច៦០ភាគរយនៃចំនួនពលករទាំងនោះធ្វើការជាអ្នកបម្រើក្នុងផ្ទះ ហើយពួកគេពុំត្រូវបានការពារដោយច្បាប់ពលកម្មនោះទេ។ មន្រ្តីការងារក្រសួងពលកម្មបានអោយដឹងកាលពីថ្ងៃសុក្រថា ក្រុមការងាររបស់ប្រទេសទាំងពីរកំពុងធ្វើការពិភាក្សាក្នុងការបង្កើតអនុស្សរណៈការពារសិទ្ធពលករហ្វីលីពីននៅកូវ៉ែត។

website_news/2018190202.txt · Last modified: 2018/02/19 13:47 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki