website_news:2018190204

ចាញ់បោកមេខ្យល់ថាយកឯកសារទៅបំពេញបែបបទឲ្យ

https://kohsantepheapdaily.com.kh/ ថ្ងៃទី ១៩ ខែ កុម្ភៈ ឆ្នាំ ២០១៨ម៉ោង ១៣:៣០ម៉ុត សារុន

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីជាពលករខ្មែរម្នាក់ឈរយំនៅចំណុចច្រកទ្វារអន្តរជាតិខ្លងលឹក ស្រុកអារញ្ញ ខេត្តស្រះកែវ ឈមនឹងទឹកដីកម្ពុជាច្រកទ្វារអន្តរជាតិប៉ោយប៉ែត បន្ទាប់ពីតាមរកមេខ្យល់បោកប្រាក់មិនឃើញ ។ ហេតុការណ៍ខាងលើបានកើតឡើងកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨ នៅច្រកទ្វារអន្តរជាតិខ្មែរ-ថៃ ប៉ោយប៉ែតខ្លងលឹក ។

ស្ត្រីជាពលករម្នាក់នេះ មិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ ប៉ុន្តែប្រាប់គេឯងថា នាងទើបវិលត្រលប់ពីធ្វើការនៅរោងចក្រមួយក្នុងខេត្តឈុនបុរី ប្រទេសថៃ និងមានទីលំនៅខេត្តសៀមរាប ។ ស្ត្រីរងគ្រោះនិយាយថា នាងឆ្លងពីថៃមកកម្ពុជាតាមរយៈមេខ្យល់ម្នាក់ ដោយពេលទៅដល់ចំណុចរង្វង់មូលច្រកទ្វារអន្តរជាតិប៉ោយប៉ែត គេទារប្រាក់៧ម៉ឺនរៀលថា យកទៅវាយបិទឯកសារបែបបទចូលប្រទេស ។ នាងបន្តថា ក្រោយពីបុរសសង្ស័យទទួលប្រាក់ទៅបាត់មួយសន្ទុះ គេបានយកលិខិតឆ្លងដែនមកឲ្យវិញ ។ នាងបន្តថា ដោយសង្ស័យក៏បើកមើលលិខិតឆ្លងដែន ស្រាប់តែមិនទាន់មានកាប្រថាប់ត្រាប់បិទឲ្យពីនគរបាលជំនាញច្រកទ្វារផង ។

ស្ត្រីខាងលើបានតាមរកមេខ្យល់ដល់ខាងដីថៃ ប៉ុន្តែមិនឃើញឡើយ បានត្រឹមតែរៀបរាប់ប្រាប់គេឯងទាំងទឹកភ្នែកថា មានប្រាក់បន្តិចបន្តួចទុកជាសោហ៊ុយជិះរថយន្តទៅស្រុក បែរត្រូវគេបោកអស់ទៀត ។ ដោយខ្លាចនាងគ្មានប្រាក់ទៅវាយបិទឯកសារនៅចំណុចបែបបទចូលប្រទេស បុរសខ្មែរម្នាក់បានជូននាងរងគ្រោះ១០០បាតប្រាក់ថៃ ហើយណែនាំនាងឲ្យវិលត្រលប់ទៅដីខ្មែរវិញ ។

ជុំវិញករណីខាងលើ លោក សេម មករា ប្រធានសេនាធិការ នគរបាលអន្តោប្រវេស្តន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ប្រាប់តាមទូរស័ព្ទនៅព្រឹកថ្ងៃ១៩ ខែកុម្ភៈ នេះថា មិនទាន់ទទួលបានព័ត៌មានខាងលើឡើយ ប៉ុន្តែលោកថា ក្រុមឆបោកពលករនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតខ្លងលឹកកន្លងមក ខាងលោកចាប់បានជាបន្តបន្ទាប់បញ្ជូនឲ្យខាងជំនាញចាត់ការតាមច្បាប់ ។ លោកបញ្ជាក់ថា ការបំពេញឯកសារបិទបើកឆ្លងព្រំដែនទៅមកដីថៃ មិនត្រូវបានយកប្រាក់សូម្បីតែ១០០រៀន ។ ដើម្បីបញ្ចៀសនៅការរិះគន់នានា ក៏ដូចជាដើម្បីរក្សាបាបនូវសុវត្ថិភាពសន្តិសុខ និងសណ្តាប់ធ្នាប់ជូនភ្ញៀវជាតិ និងអន្តរជាតិឆ្លងកាត់ច្រកទ្វារអន្តរជាតិមួយនេះ សង្ឃឹមថាអាជ្ញាធរមានសមត្ថកិច្ច និងចាត់វិធានការលើក្រុមឆបោក ឬមេខ្យល់មិនឲ្យកើតមានទៀតឡើយ ៕

website_news/2018190204.txt · Last modified: 2018/02/19 15:14 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki