website_news:2018190205

UN៖ ៥ឆ្នាំចុងក្រោយ វិស័យការងារនៅកម្ពុជា មានវឌ្ឍនភាពខ្លាំង ជួយជំរុញកំណើនសេដ្ឋកិច្ច

https://www.dap-news.com/kh/ ថ្ងៃច័ន្ទ, ១៩ កុម្ភៈ ២០១៨ 13:51 ដោយ: អេង ប៊ូឆេង ID:039

ភ្នំពេញ៖ មន្ត្រីសម្របសម្រួលនៃ អង្គការសហប្រជាតិប្រចាំកម្ពុជា (UN) លោកស្រី Claire Vander Vaeren បានអះអាងថា វឌ្ឍនភាពនៃវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅកម្ពុជា បានជំរុញកំណើនសេដ្ឋកិច្ច ឲ្យមានការរីកចម្រើន យ៉ាងឆាប់រហ័ស ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ ។

ក្នុងជំនួបពិភាក្សាការងារជាមួយ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ លោកស្រី Claire Vander Vaeren បានជម្រុញឲ្យរាជរដ្ឋាភិបាលកម្ពុជា បន្តកិច្ចសហប្រតិបត្តិការជាមួយ មន្ត្រីសម្របសម្រួលថ្មី របស់អង្គការសហប្រជាជាតិ ដែលនឹងមកដល់កម្ពុជា នាពេលខាងមុខ ដើម្បីបន្តវឌ្ឍនភាព ការងារទៅមុខទៀត ។ លោកថា “ក្នុងអាណត្តិការងាររយៈពេល ៥ឆ្នាំរបស់លោកស្រី លោកស្រីបានមើលឃើញថា វិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅកម្ពុជា ពិតជាមានវឌ្ឍនភាពរីកចម្រើន យ៉ាងឆាប់រហ័សគួរឲ្យកត់សម្គាល់ ។ ៥ឆ្នាំចុងក្រោយនេះ វិស័យការងារកម្ពុជាមាន វឌ្ឍនភាពយ៉ាងខ្លាំង” ។

លោកស្រីបានធ្វើការងារច្រើន ជាមួយគ្នាលើវិស័យការងារ ពិសេសវិស័យគាំពារសង្គម ការលើកកម្ពស់ប្រាក់ឈ្នួលអប្បបរមា ការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ការទប់ស្កាត់បញ្ហាដែលកើតមានពីការធ្វើចំណាកស្រុក ការផ្ដល់អំណាចដល់ស្រ្តី ក្នុងវិស័យការងារ ហើយចុងក្រោយនេះ UN នឹងពិភាក្សាលើគម្រោងថ្មីទៀតផងដែរ ស្ដីពីមុខរបរ និងការងារយុវជន ដែលមានការជួយ សម្របសម្រួលពីអង្គការ ILO ដែលជាអង្គការមួយដ៏សកម្ម ក្នុងការងារសហការ ជាមួយរាជរដ្ឋាភិបាល លើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

ចំណែកលោក អ៊ិត សំហេង បានលើកឡើងថា រាជរដ្ឋាភិបាល មានក្ដីសោមនស្សរីករាយដែល ទទួលបានគម្រោងល្អៗជាច្រើន ក្នុងភាពជាដៃគូជាមួយ អង្គការសហប្រជាជាតិ និងគោលនយោបាយការងារ ដែលកម្ពុជាទទួលបាន ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ជាពិសេសគោលនយោបាយជាតិ ស្តីពីការ អប់រំ បណ្ដុះបណ្ដាល បច្ចេកទេស និង វិជ្ជាជីវៈ និងភាពជាដៃគូជាមួយអង្គការ ILO ដែលបានរួមគ្នាដោះស្រាយបញ្ហាផ្សេងៗ ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការ ៕

website_news/2018190205.txt · Last modified: 2018/02/19 15:47 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki