website_news:2018190307

ទូកក្រុមចំណាកស្រុកលិចក្បែរ ឆ្នេរសមុទ្រ ក្រិក ស្លាប់ជនចំណាកស្រុក ១៦ នាក់

http://www.postkhmer.com/ AFP Publication date 19 March 2018 | 12:53 ICT

ក្រុងអាថែន: មនុស្សយ៉ាងតិច ១៦ នាក់រួមទាំងក្មេង ៦ នាក់ផងបានលង់ទឹកស្លាប់ កាលពីថ្ងៃសៅរ៍ បន្ទាប់ពីទូកក្រុមចំណាកស្រុកមួយគ្រឿងបានក្រឡាប់លិចនៅក្នុងដែនសមុទ្រអេហ្គីន (Aegean Sea) ជាឧបទ្ទវហេតុដ៏គ្រោះថ្នាក់បំផុត ដែលបានកើតឡើងនៅក្នុងតំបន់នេះចាប់តាំងពីមានកិច្ចព្រមព្រៀង ដ៏ចម្រូងចម្រាសមួយ កាលពីពីរឆ្នាំកន្លងទៅ រវាងក្រុមរដ្ឋសមាជិក EU និង តួកគី ដើម្បីជួយទប់ស្កាត់លំហូរនៃក្រុមចំណាកស្រុកទៅកាន់ទ្វីបអឺរ៉ុប។ ក្រុមប៉ូលិសបានឲ្យដឹងថា មនុស្ស ៣ នាក់ដទៃទៀតកំពុងបាត់ខ្លួន បន្ទាប់ពីទូកនោះបានលិចទាំងពាក់កណ្តាលយប់នៅក្នុងដែនដីទឹកក្បែរកោះ Agathonissi ខណៈទូកនេះកំពុងដឹកជញ្ជូនក្រុមជនចំណាកស្រុកពីតួកគី ទៅកាន់ប្រទេស ក្រិក។ ស្ត្រីពីរនាក់និងបុរសម្នាក់ដែលបានព្យាយាមហែលទៅកាន់ទីកន្លែងមានសុវត្ថិភាព នៅលើកោះមួយបានផ្តល់សញ្ញាគ្រោះថ្នាក់ ហើយដែលទូកជាច្រើនគ្រឿងនិងឧទ្ធម្ភាគចក្រមួយគ្រឿង បានចូលរួមស្រាវជ្រាវរកសាកសពក្រុមជនរងគ្រោះនិងអ្នកបាត់ខ្លួន។

លោក DimitrisVitsas រដ្ឋមន្ត្រីទទួលបន្ទុកផ្នែកចំណាកស្រុកបានឲ្យដឹងថា៖ «យើងមិនអាចនិងមិនត្រូវអនុញ្ញាតឲ្យមានមនុស្ស ឬ ក្មេងៗស្លាប់នៅក្នុងដែនសមុទ្រ អេហ្គីន ទៀតឡើយ»។ លោកបានថ្លែងថា ដំណោះស្រាយគឺត្រូវធ្វើយ៉ាងណាធានាឲ្យបាននូវ «ច្រកផ្លូវសុវត្ថិភាពនិងវិធានការនានាសម្រាប់ក្រុមជនភៀសខ្លួននិងក្រុមជនចំណាកស្រុកអាចប្រយុទ្ធប្រឆាំងការជួញដូរមនុស្សខុសច្បាប់»។

ក្រុមអាជ្ញាធរបានឲ្យដឹងថា ជនចំណាកស្រុក ២ នាក់ដទៃទៀតបានស្លាប់ កាលពីថ្ងៃសៅរ៍ នៅក្បែរដែនដីមួយជាប់ព្រំដែនតួកគីខណៈដែលរថយន្តដឹកទំនិញមួយគ្រឿង ដែលកំពុងដឹកពួកគេបានក្រឡាប់ខណៈព្យាយាមរត់គេចពីប៉ុស្តិ៍ត្រួតពិនិត្យរបស់ប៉ូលិស។ ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ UNHCR បានឲ្យដឹងថា មនុស្ស ៥០០ នាក់បានស្លាប់ ឬ បាត់ខ្លួននៅក្នុងដែនសមុទ្រអេហ្គីនអំឡុងរយៈពេល២ឆ្នាំកន្លងទៅ ដោយបានបណ្តាលឲ្យចំនួនជនរងគ្រោះកើនដល់ ១ ០០០ នាក់ដែលបានលង់ទឹកស្លាប់នៅក្នុងច្រកផ្លូវដ៏ចង្អៀតរវាងក្រិកនិងតួកគីនៅក្នុងឆ្នាំ ២០១៥ និងឆ្នាំ ២០១៦ ស្ថិតនៅក្នុងកំរិតខ្ពស់បំផុតនៃវិបត្តិចំណាកស្រុក៕ AFP/ SN

website_news/2018190307.txt · Last modified: 2018/03/19 14:38 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki