website_news:2018190402

ករណីស្មុំកូន៖ឪពុកម្តាយស្វែងរកជួបមុខកូនបន្ទាប់ពីបែកគ្នាជិត២០ឆ្នាំ

https://wmc.org.kh/ ថ្ងៃពុធ ទី១៨ ខែមេសា ឆ្នាំ២០១៨ ធូ វីរៈ

ភ្នំពេញ៖ឪពុកម្តាយស្វះស្វែងរកពីអង្គការសង្គមស៊ីវិល ដើម្បីជួយអន្តរាគមន៍សុំជួបមុខកូនៗរបស់ពួកគាត់ក្រោយជនបរទេសស្មុំយកទៅចិញ្ចឹមរយៈពេលជិត២០ឆ្នាំ។ យ៉ាងតិចឪពុកម្តាយប្រាំគ្រួសារបានមកស្វះស្វែងអន្តរាគមន៍ពីអង្គការសម្ព័ន្ធខ្មែរជំរឿននិងការពារសិទ្ធិមនុស្សលីកាដូ ដើម្បីឲ្យអន្តរាគមន៍អោយបានជួបមុខកូនដែលត្រូវបានជនបរទេសស្មុំយកទៅចិញ្ចឹមជាកូនចិញ្ចឹមកាលពី១៨ឆ្នាំមុន។ នេះបើយោងតាមសេចក្តីថ្លែងការណ៍លីកាដូចេញផ្សាយនៅថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០១៨នេះ។ សេចក្តីថ្លែងការណ៍ដដែលបញ្ជាក់ថាឪពុកម្តាយមានជីវភាពក្រីក្រទាំងនោះបានយកកូនរបស់ពួកគាត់មានអាយុចន្លោះពី៣ឆ្នាំ ទៅ ៩ឆ្នាំ ឲ្យរស់នៅក្នុងមណ្ឌលកុមារកំព្រាកាលពីឆ្នាំ២០០០។ ការសម្រេចចិត្តផ្ញើកូននៅមណ្ឌលកុមារកំព្រាដោយសារពួកគាត់ចង់ឲ្យកូនៗទទួលបានការសិក្សាល្អនិងព្យាបាលជំងឺឲ្យបានទៀតទាត់។

អ្នកស្ត្រី នាង យន់ ជាគ្រួសារមួយក្នុងចំណោមគ្រួសារផ្សេងទៀតបានស្នើសុំ ជួបមុខកូនក្រោយពីបែកគ្នាអស់រយៈពេលជាង១០ឆ្នាំមកហើយ។ អ្នកស្រី្ត នាង យន់ ឲ្យដឹងថាកូនច្បងរបស់អ្នកស្រីមានអាយុ១៨ឆ្នាំហើយគិតចាប់ពីឪពុកម្តាយចិញ្ចឹមជាជនបរទេសយកទៅចិញ្ចឹមកាលពីឆ្នាំ ២០០៨។ អ្នកស្ត្រី នាង យន់៖«ចង់បានឲ្យតែជួបមុខកូន ឲ្យបានដំណឹងកូនវិញ ហើយឲ្យបានដឹកសុខទុក្ខកូនយ៉ាងណាហើយ។ ចង់ផ្ញើកូនថាកូនអើយដឹងដំណឹងម្តាយឲ្យសូមឲ្យកូននឹងស្គាល់មុខម្តាយផង មើលមុខម្តាយផង។ម្តាយកំពុងពិបាក នឹកកូនខ្លាំងអញ្ចឹងទៅ។សូមឲ្យកូនតបតជាមួយម្តាយវិញខ្លះ ព្រោះខ្ញុំបៀមទុកយូហើយ។»

របាយការណ៍អង្គការលីកាដូលើកឡើងថាឪពុកម្តាយទាំងនោះមិនបានព្រមព្រៀងក្នុងការដំណើរការស្មុំកូនទេ។ប៉ុន្តែនាយកមណ្ឌលកុមារកំព្រា និងអាជ្ញាធរក្នុងតំបន់ធ្វើឯកសារមិនពិតដោយអះអាងថាកុមារទាំងនោះកំព្រាឬឪពុកម្តាយបោះបង់ចោល។

កាលពីឆ្នាំ ២០០៩ រាជរដ្ឋាភិបាលសម្រេចផ្អាកដំណើរការស្មុំកូនយកទៅចិញ្ចឹមពីប្រទេសកម្ពុជាហើយប្រទេសជាច្រើនក៏សម្រេចផ្អាកការស្មុំកូនពីកម្ពុជា ដោយសារភស្តុតាងជាច្រើនបានបង្ហាញថា កុមារកម្ពុជារស់នៅក្នុងមណ្ឌលកុមារកំព្រាមិនមែនជាកុមារកំព្រាទេ ប៉ុន្តែកុមារទាំងនោះត្រូវបានឪពុកម្តាយយកទៅផ្ញើនៅមណ្ឌលកុមារកំព្រាឲ្យជួយចិញ្ចឹមដោយសារស្ថានភាពគ្រួសារក្រីក្រពេក។

លោក អំ សំអាត អ្នកគ្រប់គ្រងកម្មវិធីឃ្លាំមើលនិងការពារសិទ្ធិមនុស្សអង្គការលីកាដូ ឲ្យដឹងថាយ៉ាងតិចកុមារ១៤នាក់នៃ៥គ្រួសារមកស្នើសុំឲ្យអង្គការលីកាដូជួយអន្តរាគមន៍ជួបកូនៗរបស់ពួកគាត់។ក្នុងចំណោមកុមារទាំងអស់នេះត្រូវបានឪពុកម្តាយចិញ្ចឹមយកទៅចិញ្ចឹមនៅសហរដ្ឋអាមេរិក ប្រទេសអូទ្រីស និងប្រទេសអ៊ីតាលី។ លោក អំ សំអាត បន្ថែមថា អង្គការរបស់លោកនឹងខិតខំប្រឹងប្រែងអន្តរាគមន៍ដើម្បីឲ្យឪពុកម្តាយបង្កើនអាចជួបមុខកូន។លោក អំ សំអាត៖«វាពិបាកក្នុងការទំនាក់ទំនងការរកយន្តការឬវិធីសាស្ត្រឲ្យម្តាយឪពុកនឹងកូនជួបគ្នា។ក៏ប៉ុន្តែអង្គការលីកាដូយើងនៅតែព្យាយាមទាក់ទងទៅប្រទេសទទួលក្មេងនិងហើយនិងអាជ្ញាធរកម្ពុជាធ្វើយ៉ាងណាឲ្យមានការទំនាក់ទំនងរវាងឪពុកម្តាយនិងកូន។»

បើយោងតាមទិន្នន័យរាជរដ្ឋាភិបាលកម្ពុជា កុមារខ្មែរមានចំនួន៣៦៩៦នាក់ ត្រូវបានឪពុកម្តាយចិញ្ចឹមទទួលយកទៅរស់នៅក្រៅប្រទេសមុនពេលផ្អាកការស្មុំកូនចាប់ឆ្នាំ២០០៩។ យោងតាមទិន្នន័យរបស់រាជរដ្ឋាភិបាលកម្ពុជា កុមារចំនួន ៣៦៩៦នាក់ ត្រូវបានបញ្ជូនទៅរស់នៅបរទេស មុនពេលមានការផ្អាកដំណើរការស្មុំកូននេះ នៅឆ្នាំ២០០៩។ ចាប់តាំងពីការផ្អាកការស្មុំកូនរហូតមកដល់ពេលនេះអាជ្ញាធរកម្ពុជាមិនទាន់ចាត់វិធានការចំពោះអ្នកក្លែងឯកសារ ដើម្បីផ្តន្ទាទោសនៅឡើយទេ។ ជនរងគ្រោះក៏ពុំទាន់ទទួលបានសំណងខូតខាតអ្វីដែរ។

អង្គការនេះសំណូមពរដោយទទូចឲ្យអាជ្ញាធរកម្ពុជា និងរដ្ឋាភិបាលបរទេសពាក់ព័ន្ធធ្វើការសុំទោសអ្នករងគ្រោះដោយដំណើរការស្មុំកូនបែបបទក្លែងបន្លំកាលពីអតីតកាល។អង្គការនេះសង្ឃឹមថារាជរដ្ឋាភិបាលនឹងមិនអនុញ្ញាតឲ្យមានការស្មុំកូនអន្តរប្រទេសជាថ្មីម្តង់ទៀតទេ៕

website_news/2018190402.txt · Last modified: 2018/04/19 14:17 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki