website_news:2018190403

ពលករខ្មែរសម្រុកចេញទៅប្រទេសថៃវិញក្រោយពិធីបុណ្យចូលឆ្នាំបញ្ចប់

http://www.ppd-news.net/ 18-April-2018 / ដោយ ៖ ម៉ាសុភាព

ខេត្តបន្ទាយមានជ័យ ៖ ក្រោយពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ២០១៨ ដែលមានរយៈពេល៣ថ្ងៃ ត្រូវបានបញ្ចប់ មានពលករខ្មែររាប់សិបនាក់ បាននិងកំពុងសម្រុកចេញទៅប្រទេសថៃវិញ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ លោក ពៅ ថាវុធ នាយរងការិយាល័យនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានឲ្យដឹងកាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ នេះថា ក្រោយថ្ងៃបុណ្យចូលឆ្នាំខ្មែរ បានបញ្ចប់ មានពលករខ្មែរស្របច្បាប់ជាច្រើននាក់ បានសម្រុកចេញ ទៅធ្វើការងារនៅប្រទេសថៃវិញ តាមរយៈការបែបបទដោយស្របច្បាប់ ហើយការធ្វើបែបបទចេញពីប្រទេសនេះ គឺមិនមានការបង់ប្រាក់កាកអ្វីនោះទេ ពោលគឺបើកឲ្យប្រជាពលរដ្ឋទូរទៅមានឱកាសបំពេញឯកសារ ឫសំណុំបែបបទស្នើសុំផ្សេងៗ ដោយខ្លួនឯង ដែលវាខុសពី ពេលមុន ៗ ដោយមានជនខិលខូចមួយចំនួន បានលួចយកលុយក្រៅសេវា ជាថ្នូរនិងការបំពេញបែបបទ រត់ការឯកសារ ឬប្រថាប់ត្រា ដើម្បីបានលឿននិងរហ័សជាដើម ។ ហើយការលុបបំបាត់ ការយកលុយក្រៅសេវានេះ លោកបានចាប់ផ្តើមរឹតបន្តឹងតាំងមុនថ្ងៃចូលឆ្នាំមកម្លះ យ៉ាងណាមិញ លោកនិងក្រុមមន្ត្រីរបស់លោកនឹងខិតខំបន្តសកម្មភាពនេះជាបន្តទៀត ។

គួរបញ្ចាក់ថា មូលហេតុដែលពលករខ្មែរទាំងនោះសម្រុកចេញទៅ ទាំងគង់ហុគបែបនេះ គឺដោយសារពួកគាត់ត្រូវប្រញាប់ទៅឲ្យទាន់ ពេលវេលាដែលគាត់បានសុំច្បាប់អនុញ្ញាត ពីថៅកែថៃ ហើយប្រសិនបើគាត់ទៅមិនទាន់តាមការកំណត់របស់ថៅកែថៃទេនោះ នោះពួកគាត់នឹងត្រូវកាត់លុយជាក់ជាមិនខាន ។ ដោយឡែក បើយោងតាមសេចក្តីរាយការណ៍ពីបន្ទាត់ព្រំដែន កម្ពុជាថៃ បានឲ្យដឹងថា ក្រៅពីការចេញដោយស្របច្បាប់តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតនេះ ក៏មានពលករខ្មែររាប់សិបនាក់ផ្សេងទៀត បានលួចចេញពីកម្ពុជាទៅថៃ ដោយខុសច្បាប់ តាមច្រករបៀងនានាក្នុងភូមិសាស្ត្រនៃខេត្តបន្ទាយមានជ័យ ដោយមានការបើកដៃ ឃុបឃឹតជាមួយកងកម្លាំងការពារព្រំដែនកម្ពុជាថៃ ៕

website_news/2018190403.txt · Last modified: 2018/04/19 14:21 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki