website_news:2018190404

ពលរដ្ឋខ្មែររាប់រយនាក់ សម្រុកធ្វើប័ណ្ណព្រំដែន ដើម្បីចេញទៅធ្វើការនៅប្រទេសថៃ

http://www.ann.com.kh/ ថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០១៨

ខេត្តបាត់ដំបង៖ ក្រោយពីថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ បានបញ្ចប់ហើយនោះ នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨នេះ មានពលរដ្ឋរាប់រយនាក់ បាននាំគ្នាសម្រុកមកធ្វើប័ណ្ណព្រំដែនកម្ពុជា-ថៃ នៅក្នុងបរិវេណសាលាខេត្តបាត់ដំបង ដើម្បីត្រលប់ទៅធ្វើការនៅប្រទេសថៃវិញ។

អ្នកនាង លី ហ្សា អាយុ៣៤ឆ្នាំ ដែលជាពលករខ្មែរម្នាក់ រស់នៅស្រុកឯកភ្នំ ខេត្តបាត់ដំបង បានប្រាប់ថា អ្នកនាងជាពលករខ្មែរម្នាក់ ដែលចេញចូលធ្វើការងារនៅប្រទេសថៃយូរឆ្នាំហើយ អ្នកនាងមកសាលាខេត្តថ្ងៃនេះ គឺដើម្បីទទួលយកប័ណ្ណព្រំដែនកម្ពុជា-ថៃ ដើម្បីចូលទៅធ្វើការងារបន្តនៅប្រទេសថៃវិញ ដោយស្របច្បាប់។ អ្នកនាងបន្តថា ការធ្វើប័ណ្ណព្រំដែនកម្ពុជា-ថៃ នេះ ខាងសាលាខេត្តតម្រូវអោយយក អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សំបុត្រកំណើត និងរូបថត៤x៦ ចំនួន២សន្លឹក និងបង់ប្រាក់តែ២ម៉ឺនរៀលប៉ុណ្ណោះ ដែលមានសុពលភាពរយះពេល២ឆ្នាំ និងអាចចេញចូលបានបីខេត្តជាប់ព្រំដែន រួមមាន៖ ខេត្តច័ន្ទបុរី ខេត្តត្រាត និងខេត្តស្រះកែង។

លោក សឿម ប៊ុនរិទ្ធី អភិបាលរងខេត្តបាត់ដំបង បានបញ្ជាក់ថា ចាប់ពីដើមខែមករា ថ្ងៃធ្វើដំបូងរហូតមកដល់ត្រឹមថ្ងៃទី១៩ ខែមេសា នេះ មានប្រជាពលរដ្ឋជាង៦ពាន់នាក់ហើយ ដែលបាននាំគ្នាមកធ្វើប័ណ្ណព្រំដែនកម្ពុជា-ថៃ នៅសាលាខេត្តបាត់ដំបង។ លោកបន្តថា ការធ្វើប័ណ្ណព្រំដែនកម្ពុជា-ថៃ នេះ ខាងសាលាខេត្តទទួលធ្វើចំពោះតែពលរដ្ឋរស់នៅក្នុងខេត្តបាត់ដំបងតែប៉ុណ្ណោះ ដោយឡែកចំពោះពលរដ្ឋរស់នៅក្នុងខេត្តផ្សេងៗ ដែលអាចមកធ្វើបានលុះត្រាតែមានទីសំណាក់បញ្ជាក់ដោយអាជ្ញាធរមូលដ្ឋានជាមុនសិន៕ ដោយ៖ រៀម សាលី

website_news/2018190404.txt · Last modified: 2018/04/19 14:28 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki