website_news:2018190902

យីហោសុទ្ធតែហាងម៉ាស្សា តែមានអីលេងបង្កប់សេវាផ្លូវភេទ

https://kohsantepheapdaily.com.kh/ ថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០១៨ ម៉ោង ១១:២៥ ច័ន្ទ រស្មី

ខេត្តសៀមរាប ៖ តុលាការសម្រេចឃុំខ្លួនដែលជាថៅកែម៉ាស្សាប្រុសស្រី៣នាក់ ដាក់ពន្ធនាគារខេត្តបន្ទាប់ពីកម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនបានឆ្មក់ ចូលបង្ក្រាបទីតាំងម៉ាស្សា២ផ្សេងគ្នា ក្នុងថ្ងៃតែមួយ ដែលបង្កប់សេវាផ្លូវភេទ និងរំដោះ បាននារីបម្រើការ នៅក្នុងហាងចំនួន៥នាក់ផងដែរ ព្រមទាំងធ្វើការបិតទីតាំងនោះជាបណ្តោះអាសន្ន ។

ចំណែកនារីរងគ្រោះដែលសុទ្ធសឹងជាអនីតិជន (ក្រោមអាយុ១៥ឆ្នាំ) ត្រូវបានធ្វើការប្រគល់ឱ្យទៅមន្ទីរសង្គមកិច្ចការងារខេត្ត ដើម្បីអប់រំកែប្រែ និងផ្តល់ជំនាញផ្សេងៗដល់ពួកគាត់ដែលពួកគាត់អាចទទួលយកបាន ។ ហេតុការណ៍នេះបានធ្វើឡើងកាល ពីយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវក្រវ៉ាត់ក្រុង ក្នុងភូមិត្រៀក សង្កាត់សៀមរាប ក្រុង-ខេត្តសៀមរាប ។

តាមប្រសាសន៍របស់លោកវរសេនីយ៍ឯកជា ហេង នាយការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្តបានប្រាប់ភ្នាក់ងារកោះសន្តិភាពឱ្យដឹងនៅវេលាម៉ោង៧និង៥៨នាទីព្រឹក ថ្ងៃទី១៩ ខែកញ្ញា នេះថា មុនពេលកើតហេតុកម្លាំងជំនាញបានចុះស្រាវជ្រាវរហូតឈាន់ដល់ធ្វើការឃាត់ខ្លួនបានថៅកែហាងម៉ាស្សាប្រុសស្រីចំនួន៣នាក់នៅទីតាំង២ផ្សេងគ្នា រួចនាំយកមកសួរនៅការិយាល័យជំនាញ ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្ត ។ លោកបានបញ្ជាក់ថា ទីតាំងទី១- ឃាត់ខ្លួនបាន (ថៅកែម៉ាស្សា២នាក់ ប្តីប្រពន្ធទី១- ឈ្មោះ ថៃ នី ភេទស្រី អាយុ៣០ឆ្នាំ មានស្រុកកំណើតភូមិផ្កាដូង ឃុំក្រូចឆ្មា ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម (ប្រពន្ធ) និងប្តីឈ្មោះ គឹម គន្ធា អាយុ៣៥ឆ្នាំ បច្ចុប្បន្នស្នាក់នៅផ្ទះជួល បើកហាងម៉ាស្សា យីហោ ៧៧៧៧ តាមបណ្តោយផ្លូវក្រវ៉ាត់ក្រុង ក្នុងភូមិត្រៀក សង្កាត់សៀមរាប ក្រុង-ខេត្តសៀមរាប ។ និងទីតាំងទី២-ឈ្មោះ ទុយ ស្រីមុំ ភេទស្រី អាយុ៣៧ឆ្នាំ ស្រុកកំណើតភូមិចុងឃ្នៀង សង្កាត់ចុងឃ្នៀស ក្រុង-ខេត្តសៀមរាប ដែលមានយីហោ ៩៩៩ បច្ចុប្បន្នស្នាក់នៅភូមិត្រៀក សង្កាត់សៀមរាប ក្រុង-ខេត្តសៀមរាប ។ លោកបានបញ្ជាក់បន្ថែមថា ក្រោយឃាត់ខ្លួនថៅកែម៉ាស្សាចំនួន២ទីតាំងនៅកន្លែងផ្សេងគ្នា ក្នុងថ្ងៃតែមួយរួចមក កម្លាំងជំនាញយើងបានធ្វើការឆែកឆេររកឃើញជនរងគ្រោះជានារីចំនួន ៥នាក់ ដែលសុទ្ធសឹងជាអនីតិជន (ក្រោមអាយុ១៥ឆ្នាំ) ។ លោកបានបញ្ជាក់បន្ថែមទៀតថា ចំពោះនៅក្នុងក្រុងសៀមរាបមានហាងម៉ាស្សាសរុបទាំងអស់មានចំនួន៨២កន្លែង ហើយភាគច្រើន គឺពុំមានច្បាប់អនុញ្ញាតទេឱ្យតែគាត់មានលុយ គឺពួកគាត់តែងលើកស្លាកយីហោដោយខ្លួនឯង ។ ក្នុងនោះមានថៅកែម៉ាស្សាជាជនជាតិវៀតណាមចំនួន៦កន្លែង គឺគ្មានច្បាប់ទាំងអស់ ។ លោកបន្ថែមទៀតថា ចំពោះហាងម៉ាស្សាដែលមិនមានច្បាប់ គឺលោកកំពុងរង់ចាំចំណាត់ការពីថ្នាក់លើថាត្រូវមានវិធានការយ៉ាងណា? ។

តាមប្រភពពីមន្ត្រីមន្ទីរសង្គមកិច្ចបានបញ្ជាក់ប្រាប់ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញានេះថា រាល់បទល្មើសដែលសមត្ថកិច្ចប្រគល់ជនសង្ស័យមកឱ្យនោះ បើពួកគាត់ប្រើមនុស្សក្រោមអាយុ១៥ឆ្នាំ អនីតិជនហៅ (ជនរងគ្រោះ) គឺអាចឱ្យពួកគាត់ចូលរៀនវិញបានប្រសិនបើគាត់ចង់បន្តការសិក្សាតទៅទៀត ឬពួកគាត់ចង់រកជំនាញផ្សេងៗក៏បាន ។ ប្រភពបានបញ្ជាក់ថា ស្ត្រីដែលបានទទួលការអប់រំពីមន្ទីរសង្គមកិច្ចភាគច្រើនពេលត្រឡប់ទៅផ្ទះវិញ គាត់តែងតែប្តូរមុខរបរ ជារៀងរហូត គឺមិនចូលទៅធ្វើការជាអ្នកម៉ាស្សាបន្តទៀតទេ ។

គួរបញ្ជាក់ថា ពេលខ្លះពួកគាត់មិនបានឆ្លងកាត់ការអប់រំព្រមទាំងមានអ្នកទៅស្រុកកុហកនាំ មករកការងារធ្វើ បែរជានាំទៅធ្វើស្រីម៉ាស្សា ព្រោះពួកគាត់គ្មានជម្រើសដោយសារខ្លះឪពុកម្តាយបានយកលុយពីគេមុនក៏ថាបាន ? អ្នកខ្លះទៀតធ្វើអ្វីដែលខ្លួនចង់ អ្នកខ្លះមិនគួរធ្វើ ៕

website_news/2018190902.txt · Last modified: 2018/09/19 14:48 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki