website_news:2018190903

ក្មេងស្រីម្នាក់ត្រូវម្ដាយចុងធ្វើទារុណកម្មស្ទើរស្លាប់ រួចទុកចោលក្នុងព្រៃ

https://kohsantepheapdaily.com.kh/ ថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ ២០១៨ ម៉ោង ២១:២២ ម៉ុត សារុន

ខេត្តបន្ទាយមានជ័យ ៖ នារីជាម្ដាយចុងម្នាក់ត្រូវនគរបាលការិយាល័យប្រឆាំងការជួញដូរ និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ធ្វើការឃាត់ខ្លួនពាក់ព័ន្ធនឹងករណីធ្វើទារុណកម្ម លើកូនដើមអាយុ៥ឆ្នាំ ស្ទើរស្លាប់ក្នុងព្រៃមួយកន្លែងនៅក្បែរផ្សាររុងក្លឿ ស្រុកអារញ្ញា ខេត្តស្រះកែវ ប្រទេសថៃ ខណៈឪពុករវល់ទៅអូសរទេះ។ ជនសង្ស័យខាងលើឈ្មោះ លី ស្រីនីត អាយុ១៦ឆ្នាំ ជាកម្មករអូសរទេះស្នាក់នៅផ្សាររុងក្លឿទឹកដីថៃ និងមានទីលំនៅភូមិព្រៃព្រិច សង្កាត់ប៉ោយប៉ែត។ ជនសង្ស័យបានវាយធ្វើបាបក្មេងស្រីឈ្មោះ ណាត ស្រីម៉ី អាយុ៥ឆ្នាំ ឲ្យជាំមុខជាច្រើនកន្លែង និងស្នាមរបួសនៅត្រង់ក ហើមបបូរមាត់ទៀតផង។

ជួបសម្ភាសន៍ផ្ទាល់ជាមួយម្តាយក្មេងរងគ្រោះឈ្មោះ យូ សុភី អាយុ២៤ឆ្នាំ មានទីលំនៅភូមិ និងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ប្រាប់ថា នាងនិងកូនបានទៅស្នាក់នៅធ្វើការក្នុងខេត្តស្រះកែវ ហើយកាលពីព្រឹកថ្ងៃទី១៦ កញ្ញា ២០១៨ ម្តាយឪពុករបស់នាងដែលធ្វើការនៅខេត្តស្រះកែវដែរនោះបានធ្វើដំណើមកច្រកទ្វារអន្តរជាតិប៉ោយប៉ែតខ្លងលឹក ដើម្បីបន្តប័ណ្ណឆ្លងដែនស្នាក់នៅបន្តលើទឹកដីថៃ។ នាងបន្តថា ឪពុកម្តាយនាងបានយកចៅ (ជនរងគ្រោះ) មកជាមួយលុះដល់ចំណុចផ្សាររុងក្លឿក៏ជួបនឹងអតីតប្តីរបស់នាង ដែលលែងលះគ្នា ហើយឈ្មោះ សុខ ឆាយ ស្រាប់តែគេសុំទុកកូនឲ្យនៅលេងជាមួយមួយរយៈ។ ដឹងអីក្រោយពីបុរសជាឪពុករវល់ទៅអូសរទេះបាត់នាងចុងអប្រិយក៏បាននាំកូននាងទៅក្នុងព្រៃខាងក្រោយផ្សារឥណ្ទូចិន ក្បែរផ្សាររុងក្លឿង វាយធ្វើបាប និងមានស្នាមជាំពេញលើផ្ទៃមុខ និងស្នាមជាំក។ បញ្ហានេះគេសង្ស័យនាងចុងប៉ុនប៉ងសម្លាប់បំបិទមាត់ តែសំណាងហើយក្មេងនៅមានជីវិតក៏រត់ ចេញពីព្រៃត្រូវអាជីវករខ្មែរប្រទះឃើញនាំគ្នាថតបង្ហោះហ្វេសប៊ុកប្រកាសរកញាតិ បន្ទាប់មកដឹងដល់សមត្ថកិច្ចថក៏អន្តរាគមន៍ហៅរថយន្តសង្គ្រោះដឹកទៅព្យាបាលនៅមន្ទីរពេទ្យក្នុងស្រុកអារញ្ញតែម្តង។ ជីដូនជនរងគ្រោះឈ្មោះ ស៊ី សុផា អាយុ៤៨ឆ្នាំប្រាប់ថា នៅរសៀលថ្ងៃទី១៦ កញ្ញា ដោយទទួលទូរស័ព្ទពីអតីតកូនប្រសាឈ្មោះ សុខ ឆាយ ឪពុកក្មេងរងគ្រោះថាបាត់កូន គាត់ និងប្តីក៏បានទាក់ទងប្តឹងទៅសមត្ថកិច្ចថៃឲ្យជួយស្វែងរក។

ទីបំផុតបែជាសន្តិសុខផ្សាររុងក្លឿប្រាប់ពួកគាត់ថា មានក្មេងស្រីម្នាក់ត្រូវជួយដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យពេលគាត់ និងប្តីទៅរកមើលដឹងអីជាចៅស្រីសោះ។ លោកវរសេនីយ៍ត្រី អោក សំណុកនាយរងការិយាល័យប្រឆាំងការជួញដូរ និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តប្រាប់ថាបន្ទាប់ពីឃើញក្មេងរងគ្រោះត្រូវបានគេបង្ហោះស្វែងរកសាច់ញាតិហើយថាត្រូវម្តាយចុងធ្វើទារុណកម្មលោកក៏ទទួលបទបញ្ជាពីលោកឧត្តមសេនីយ៍ទោអាត់ ខែម ស្នងការនគរបាលខេត្ត ក៏ដូចជា នាយការិយាល័យចុះស្រាវជ្រាវសហការជាមួយអង្គការដៃគូរ ហូតបានជួបគ្រួសាររងគ្រោះ និងក្មេងរងគ្រោះសាកសួររកមូលហេតុ។ លោកនាយរងការិយាល័យបន្តថា ជនសង្ស័យក្រោយសួរនាំបានសារភាពថា នាងពិតជាបានធ្វើទារុណកម្មលើក្មេងរងគ្រោះខាងលើ ពិតប្រាកដមែន។

នាងរៀបរាប់ថា ដោយមានជម្លោះក្នុងគ្រួសារផងគាប់ជួនប្តីយកកូនដើមទៅលេង ឆ្លៀតឱកាសប្តីមិននៅនាងខឹងក៏នាំក្មេងស្រីខាងលើទៅក្នុងព្រៃខាងក្រោយផ្សាររុងក្លឿវាយធ្វើបាប និងយកស្មៅញ៉ុកមាត់នាងកុំឲ្យស្រែកឮដល់គេ។ ម្ដាយចុរូបនេះបន្តថា នាងបានយកដៃឆ្វេងច្របាច់ក ជនរងគ្រោះ និងទះមាត់ជាច្រើនដៃរហូតដួលសន្លប់នាងក៏ទុកក្មេងនោះចោលនៅកន្លែងកើតហេតុ។ លុះបុរសជាប្តីវិលត្រឡប់ពីអូសរទេះនាងបានព្យាយាមកុហកថា បាត់កូនហើយ និងធ្វើជានាំប្តីដើររកកូនថែមទៀត។

ទីបំផុតស្រីចិត្តឃោរឃៅរូបនេះអស់លក្ខណ៍ត្រូវបែកការណ៍ ដោយសារបណ្តាញសង្គមគេបង្ហោះព្រោងព្រាតនាងក៏គេចពីផ្សាររុងក្លឿទៅរស់នៅក្នុងភូមិព្រៃព្រិច សង្កាត់ប៉ោយប៉ែត ហើយត្រូវសមត្ថកិច្ចជំនាញហៅសាកសួររហូតឈានដល់ការឃាត់ខ្លួន នៅព្រឹកថ្ងៃទី១៨ កញ្ញានេះ។ លោកវរសេនីយ៍ត្រី អោក សំណុក បញ្ជាក់ថា ជនសង្ស័យត្រូវបានឃាត់ខ្លួនតាមបទបញ្ជារបស់លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យហើយពេលនេះបានបញ្ជូនពីក្រុងប៉ោយប៉ែតទៅស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការបន្តតាមនីតិវិច្បាប់៕

website_news/2018190903.txt · Last modified: 2018/09/19 15:22 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki