website_news:2018191001

ក្រសួងនឹងស៊ើបអង្កេត អំពើទាសភាព នៅតាមសិប្បកម្មឡឥដ្ឋ

https://www.postkhmer.com/ ម៉ិច ដារ៉ា | Publication date 18 October 2018 | 19:44 ICT

ភ្នំពេញៈ ក្រសួងការងារនឹងចុះទៅធ្វើការស៊ើបអង្កេតទៅលើករណីទាសភាពសម័យទំនើបនៅក្នុងសិប្បកម្មឡឥដ្ឋ តាមរយៈការចងដោយបំណុលដែលបានផ្សាយដោយក្រុមអ្នកស្រាវជ្រាវពីសាកលវិទ្យាល័យ Royal Holloway ក្នុងទីក្រុងឡុងដ៍កាលពីថ្ងៃអង្គារ។ នេះជាការបញ្ជាក់របស់លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបន្ទាប់ពីមានរបាយការណ៍មួយ របស់ក្រុមអ្នកស្រាវជ្រាវពីសាកលវិទ្យាល័យ Royal Holloway ក្នុងទីក្រុងឡុងដ៍ ដែលមានចំណងជើងថា «ឥដ្ឋឈាម» ដោយបានបង្ហាញថាភាពរីកចម្រើនខ្លាំងនៃវិស័យសំណង់របស់ប្រទេសកម្ពុជាបានជំរុញឲ្យពលរដ្ឋក្រីក្រជាច្រើនគ្រួសារធ្លាក់ចូលទៅក្នុងទាសភាពសម័យទំនើបក្នុងសិប្បកម្មឡឥដ្ឋតាមរយៈការចងដោយបំណុល។ លោក អ៊ិត សំហេង ប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីសិក្ខាសាលាថ្នាក់ជាតិមួយ ស្តីពីការរៀបចំកម្មវិធីការងារ សមរម្យប្រចាំប្រទេសកម្ពុជា ឆ្នាំ២០១៩-២០២៣ នៅសណ្ឋាគាររ៉ាហ្វលឡឺរ៉ូយ៉ាល់កាលពីថ្ងៃទី១៨ ខែតុលានេះថា ក្រសួងការងារ នឹងស៊ើបអង្កេតទៅលើទីតាំងនិងករណីដែលក្រុមអ្នកស្រាវជ្រាវពីសាកលវិទ្យាល័យ Royal Holloway ក្នុងទីក្រុងឡុងដ៍បានលើកឡើង។ ប៉ុន្តែលោកមិនបានឲ្យដឹងពេលវេលាច្បាស់លាស់ណាមួយដែលក្រសួងការងារនឹងចុះទៅស៊ើបអង្កេតរឿងនេះនោះទេ។ លោកបញ្ជាក់ថា៖«រឿងនេះយើងនឹងធ្វើការស៊ើបអង្កេតហើយថ្មីៗនេះក្រសួងបានចេញសេចក្តីជូនដំណឹងមួយហាមប្រាមដាច់ខាតក្នុងករណីនេះ។ ក្រសួងនឹងធ្វើការស៊ើបអង្កេតនូវព័ត៌មានដែលបានលើកឡើងនោះ។ កន្លងមក យើងក៏មិនបានដឹងថាមានករណីនេះកើតឡើងទេ ហើយតាមរយៈព័ត៌មាននេះ យើងនឹងចុះទៅបញ្ជាក់ដល់គោលដៅហើយបើមានមែនយើងនឹងចាត់ការទៅតាមច្បាប់»។

ការស្រាវជ្រាវនោះ បានលើកឡើងថា ដោយសារតែវិស័យសំណង់របស់កម្ពុជាបានរីកចម្រើនយ៉ាងខ្លាំង រួមមានដូចជាការសាងសង់ផ្សារទំនើបថ្មីៗអចលនទ្រព្យលំនៅឋាន សណ្ឋាគារ អគារការិយាល័យ រោងចក្រ និងខុនដូ ហើយនេះធ្វើឲ្យមានតម្រូវការខ្ពស់ក្នុងការឲ្យមានការផលិតឥដ្ឋច្រើន ហើយធ្វើឲ្យតម្រូវការឥដ្ឋនេះបានរុញមនុស្សពេញវ័យ និងកុមារចូលទៅក្នុងកម្លាំងការងារសំខាន់នៅក្នុងការផលិតឥដ្ឋនិងធ្លាក់ជាប់ផុងក្នុងបំណុលផងដែរ។ កាលពីសប្តាហ៍មុន ក្រសួងការងារបានចេញសេចក្តីថ្លែងការណ៍មួយព្រមានផាកពិន័យ និងចាត់វិធានការផ្លូវច្បាប់តឹងរ៉ឹងចំពោះការប្រើប្រាស់ពលកម្មកុមារនៅក្នុងឧស្សាហកម្មឡឥដ្ឋនិងទម្រង់កេងប្រវ័ញ្ចដទៃៗទៀតជាមួយនឹងការចងដោយបំណុល។

លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស អាដហុក បានថ្លែងថា នេះគឺជាភារកិច្ចរបស់ក្រសួងការងារដែលត្រូវទទួលខុសត្រូវ ហើយក្រសួងត្រូវស៊ើបអង្កេតតាំងពីយូរមកហើយ បន្ទាប់ពីសង្គមស៊ីវិលបានធ្វើរបាយការណ៍ជាបន្តបន្ទាប់អំពីបញ្ហានៅឡឥដ្ឋដែលបានបង្កគ្រោះថ្នាក់ដល់កុមារនិងកម្មករ។ លោកបានបញ្ជាក់ថា៖ «ការដែលក្រសួងការងារចាប់ផ្តើមធ្វើនេះ វាហាក់ដូចជាគាត់ទើបតែភ្ញាក់ពីដេក ហើយយើងគិតថាវាគួរឲ្យសោកស្តាយកន្លង បើរាជរដ្ឋាភិបាលនិងក្រសួងយកចិត្តទុកដាក់តាំងពីដើមមកពលរដ្ឋកម្ពុជាអាចនឹងមិនមានភាពរងគ្រោះដោយសារតែរឿងនេះ»។ លោកបន្ថែមថា ពេលក្រសួងចុះស៊ើបអង្កេតត្រូវឲ្យមានតម្លាភាពដែលពលរដ្ឋអាចជឿទុកចិត្តបាន ហើយត្រូវមានយុទ្ធសាស្រ្តច្បាស់លាស់ដើម្បីជួយទប់ស្កាត់នូវបញ្ហាទាំងអស់ដែលបានកើតមាននៅតាមឡឥដ្ឋ៕

website_news/2018191001.txt · Last modified: 2018/10/19 13:25 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki