website_news:2018191002

សមត្ថកិច្ចច្រកព្រំដែននៅស្រុកអូរជ្រៅបើកដៃឲ្យមេខ្យល់នាំពលករឆ្លងដែនទៅថៃខុសច្បាប់

https://www.rfa.org/khmer/news/ ដោយ ម៉ៅ សុធានី 2018-10-18

ប្រជាពលរដ្ឋ និងមន្ត្រីសង្គមស៊ីវិលនៅខេត្តបន្ទាយមានជ័យអះអាងថា ក្រោយពីរួចបុណ្យភ្ជុំបិណ្ឌមក សមត្ថកិច្ចច្រកព្រំដែនសប្បាយនឹងប្រព្រឹត្តអំពើពុករលួយដោយបើកដៃឲ្យក្រុមមេខ្យល់ នាំពលករខ្មែរឆ្លងដែនទៅធ្វើការនៅប្រទេសថៃតាមច្រករបៀងដែលខ្លួនប្រចាំការខុសច្បាប់។ ប៉ុន្តែប្រធានច្រករបៀងតំបន់៥ ក្នុងស្រុកអូរជ្រៅ បានបដិសេធចំពោះការចោទប្រកាន់នេះ។

ពលរដ្ឋម្នាក់រស់នៅក្រុងប៉ោយប៉ែត លោក អ៊ុក ថាប់បារាំង ឲ្យដឹងនៅថ្ងៃទី១៧ ខែតុលា ថា មេខ្យល់ដឹកពលករតាមរថយន្តមកពីខេត្តឆ្ងាយខ្លះ និងក្នុងខេត្តបន្ទាយមានជ័យខ្លះ រួចយកទៅទម្លាក់ចោលនៅតំបន់ព្រៃព្រំដែន ហើយពេលមានឱកាសនឹងបញ្ជូនពលករឆ្លងដែនទៅថៃ តាមច្រករបៀងព្រំដែនតំបន់៥ និងច្រកក្ដឹបថ្មក្នុងស្រុកអូរជ្រៅ តែម្ដង។ លោកបន្ថែមទៀតថា ក្នុងពេលឆ្លងដែនម្ដងៗពលករម្នាក់ត្រូវចំណាយលុយឲ្យមេខ្យល់ប្រមាណ ៣ពាន់បាត ឬប្រហែល៣៨ម៉ឺនរៀល(៣៨០,០០០)៖ «តាមដែលខ្ញុំសង្កេតមើល គេនាំចូលម្ដង៤ឡានឯណោះ និងមានពលករប្រហែល៥០នាក់ចំពោះនៅពេលថ្ងៃ ប៉ុន្តែពលរដ្ឋនៅព្រំដែននោះបានប្រាប់ខ្ញុំថា គេច្រើននាំពលករឆ្លងដែននៅពេលរសៀល ដែលមានរាប់រយនាក់ក្នុងមួយថ្ងៃ។ និយាយរួមទៅគេនាំពលករឆ្លងដែនតាមច្រករបៀងដូចគេហែកឋិនអីចឹងសព្វថ្ងៃនេះ»។ ពលរដ្ឋ និងសង្គមស៊ីវិលខេត្តបន្ទាយមានជ័យព្រួយបារម្ភថា ករណីពលករឆ្លងដែនតាមច្រករបៀងខុសច្បាប់នេះ ប្រឈមនឹងគ្រោះថ្នាក់ដល់អាយុជីវិត ហើយអាចត្រូវសមត្ថកិច្ចថៃចាប់ដាក់គុកច្រវ៉ាក់ទៀតផង

មេបញ្ជាការទាហានវរការពារព្រំដែនលេខ៥០៣ និងប្រធានច្រកព្រំដែនតំបន់ប្រាំ លោក ឃូន ជឿន មានប្រសាសន៍ថា នៅច្រកព្រំដែនដែលលោកប្រចាំស្ងប់ស្ងាត់ល្អ ហើយមិនមានការលួចនាំពលករឆ្លងដែនខុសច្បាប់ដូចការចោទប្រកាន់របស់ប្រជាពលរដ្ឋ និងសង្គមស៊ីវិលនោះឡើយ៖ «អត់មានទេបង មានតែប្រជាពលរដ្ឋគាត់ទៅផ្សារថៃមួយសប្ដាហ៍បើកម្ដងនៅថ្ងៃសុក្រ ហើយនិងពលរដ្ឋដែលទៅធ្វើការប្រទេសថៃទៅព្រឹក ហើយវិលមកកម្ពុជាវិញពេលរសៀល ជាធម្មតាមិនមានអ្វីខុសប្រក្រតីទេ»។

មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា អះអាងថា ចាប់ពីរួចបុណ្យភ្ជុំបិណ្ឌមកពលករបាននាំគ្នាសម្រុកចេញទៅប្រទេសថៃតាមច្រករបៀងក្នុងស្រុកអូរជ្រៅ យ៉ាងច្រើនកុះករ។ មន្ត្រីសង្គមស៊ីវិលរូបនេះបន្ថែមទៀតថា ពលករឆ្លងដែនទៅបានដោយសារតែត្រូវរ៉ូវគ្នាជាមួយមន្ត្រីច្រកព្រំដែននៅក្នុងស្រុកនេះ ហើយពួកគេនៅពេលចូលដល់ទឹកដីថៃ ត្រូវប្រឈមនឹងគ្រោះថ្នាក់ដល់អាយុជីវិត ហើយអាចនឹងត្រូវសមត្ថកិច្ចថៃចាប់ដាក់គុកទៀតផង៖ «បើសិននៅច្រកដែលសមត្ថកិច្ចប្រចាំហើយមានគេនាំពលករឆ្លងដែនបាន ដូច្នេះគាត់ក៏ជាជនផ្សំគំនិតដែរ។ កម្ពុជាយើងក៏ជាប្រទេសមានអធិបតេយ្យភាពដែរមិនគួរណាទៅលួចលាក់នាំពលករឆ្លងដែនទេ គួរតែចេញមុខ ព្រោះរដ្ឋាភិបាលបានបើកឲ្យធ្វើលិខិតឆ្លងដែន ដើម្បីឲ្យពលករទៅធ្វើការស្របច្បាប់ហើយ ដូច្នេះទង្វើរបស់មន្ត្រីព្រំដែននេះគឺជាអំពើសុខច្បាប់ហើយ»។ លោក ស៊ុំ ច័ន្ទគា កត់សំគាល់ទៀតថា ការឆ្លងដែននេះដោយសារតែជីវភាពរបស់ពួកគេក្រីក្រ ហើយនៅស្រុកកំណើតគ្មានការងារធ្វើ ទើបបានជាពួកគេហ៊ានឆ្លងដែនប្រថុយនឹងគ្រោះថ្នាក់បែបនេះ។ សព្វថ្ងៃពលករខ្មែរធ្វើការនៅប្រទេសថៃទាំងស្របច្បាប់ និងទៅដោយខុសច្បាប់សរុបមានជាង១លាននាក់។ ប៉ុន្តែនៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌកន្លងទៅនេះ មិនសូវមានពលករត្រឡប់មកលែងស្រុកកំណើតទេ ដោយសារថៅកែមិនឲ្យច្បាប់ឈប់ ហើយពលករដែលទៅលេងស្រុកកំណើតភាគច្រើនពួកគេឆ្លងដែនតាមច្រករបៀងខុសច្បាប់៕

website_news/2018191002.txt · Last modified: 2018/10/19 13:29 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki