website_news:2018200301

វិស័យវាយនភណ្ឌ បានជួយស្ដ្រី មានការងារធ្វើ ដោយមិនចំបាច់ចំណាកស្រុក

https://wmc.org.kh/ ថ្ងៃចន្ទ ទី១៩ ខែមីនា ឆ្នាំ២០១៨ លៀ ស៊ីណា

ភ្នំពេញ ៖ វិស័យវាយនភណ្ឌ បានផ្ដល់ការងារដល់ពលរដ្ឋខ្មែររាប់ម៉ឺននាក់ ពិសេសស្ដ្រី។ កម្មករ កម្មការិនី អាចទទួលចំណូលពីវិស័យវាយនភណ្ឌ យ៉ាងហោចណាស់ចន្លោះជិត ២ពាន់ ទៅ ៣ពាន់ដុល្លារក្នុងមួយឆ្នាំៗ។ សហជីព យល់ ថា វិស័យនេះ គឺជាផ្នែកមួយដ៏សំខាន់ ដែលជួយដល់ស្ដ្រី មិនចាំបាច់ចំណាកស្រុក ។ គិតមកដល់ឆ្នាំ២០១៨នេះ ប្រជាពលរដ្ឋខ្មែរប្រមាណជា ១លាននាក់ បានចូលបម្រើការងារក្នុងវិស័យវាយនភណ្ឌ។ ក្នុងចំណោមនេះ ស្ដ្រីមានចំនួនជាង ៩០ភាគរយ។ កម្មការិនី ដែលបានផ្ដល់បទសម្ភាសន៍ឲ្យវិទ្យុស្ដ្រី បាននិយាយថា វិស័យមួយនេះ បានជួយដល់ពួកគេ ឲ្យមានប្រាក់ចំណូលទៀងទាត់ សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ ដោយមិនចាំបាច់ចំណាកស្រុក។

អ្នកស្រី ជិន ផាន់រី កម្មការិនីរោងចក្រស្បែកជើង យីគ័ង ស្ថិតក្នុងខេត្ដកំពង់ស្ពឺ បាននិយាយថា អ្នកស្រីបានចាប់ផ្ដើមធ្វើការងារជាកម្មការិនីរោងចក្រស្បែងជើងនេះ បានរយៈពេលមួយឆ្នាំហើយ ។ អ្នកស្រី អាចរកចំណូលបានមួយភាគធំសម្រាប់បំពេញសេចក្ដីត្រូវការប្រចាំថ្ងៃ របស់គ្រួសារ។ អ្នកស្រី ផាន់រី បន្ដទៀតថា កាលពីមុនអ្នកស្រី ធ្វើការងារតាមក្រុមហ៊ុនឯកជន ក៏ប៉ុន្ដែអ្នកស្រីបានឈប់ក្រោយពេលដែលអ្នកស្រី មានកូនតូច ហើយមិនអាចដាក់ច្បាប់បានរយៈពេលយូរ។ អ្នកស្រីបន្ដទៀតថា បច្ចុប្បន្ននេះ មានរោងចក្រជាច្រើនបានរីកដុះដាលជាបន្ដបន្ទាប់ ដែលបានផ្ដល់ភាពងាយស្រួលដល់ស្ដ្រី ជាប់កូនតូចដូចជាអ្នកស្រី អាចឈ្លៀតទៅធ្វើការងារផង និងមើលកូនផង ដោយមិនចាំបាច់ធ្វើដំណើរទៅឆ្ងាយ។ អ្នកស្រី ជិន ផាន់រី ៖«វាយនភណ្ឌហ្នឹងវាមានច្រើនទូលំទូលាយ វានៅកៀកៗផ្ទះយើង វាសម្បូរ អញ្ចឹងវាជាចំណែកមួយស្រួលដែរដោយសារវានៅកៀកផ្ទះយើង។ តាមពិតកាលពីមុនខ្ញុំធ្វើការតែក្រុមហ៊ុនទេ ដោយសារយើងតម្រូវការទីមួយកូនយើងតូច ធម្មតាយើងជាមនុស្សស្រីតែមានគ្រួសារមានកូន ត្រូវមើលថែមទាំ ហើយឪពុកម្ដាយយើងចាស់ យើងមិនអាចប្រលេងឲ្យគាត់មើលទាំងស្រុងទេ។ យើងត្រូវការទៅមើលថែដែរ អញ្ចឹងវានៅកៀកផ្ទះផង វាជួយសម្រួលដែរ បងគិតថា ចូលធ្វើការទៅទីមួយយើងអាចនៅមើលកូនយើងផង»។

ដូចគ្នាដែរអ្នកស្រី ភិន ចាន់ណា កម្មការិនី រោងចក្រកាត់ដែរសម្លៀកបំពាក់មួយកន្លែងនៅខេត្ដកណ្ដា បាននិយាយថា ប្រសិនបើគ្មានវិស័យវានភណ្ឌកាត់ដែរនេះទេ គ្រួសារអ្នកស្រីអាចជួបការលំបាក ពីព្រោះតែក្នុងបន្ទុកគ្រួសារ អ្នកស្រីមានកូនប្រុស ស្រី តូចៗចំនួន ០៣នាក់ ដែលកំពុងពេញវ័យសិក្សា។ អ្នកស្រី ចាន់ណា បន្ថែមទៀតថា បើពឹងទៅលើតែការរកចំណូលរបស់ស្វាមីតែម្នាក់ ជីវភាពគ្រួសារ ច្បាស់ជាខ្វះមុខ ខ្វះក្រោយជាក់ជាពុំខាន។ បន្ថែមពីនេះ អ្នកស្រីអាចនឹងត្រូវធ្វើចំណាកស្រុក ដើម្បីរកប្រាក់សម្រាប់ផ្គត់ផ្គង់ជីវិតភាពទៀតផង។ អ្នកស្រី ភិន ចាន់ណា ៖«និយាយរួមទៅប្រជាយើងអត់ចំណូលហ្នឹងចូលមក ក៏យើងលំបាកសព្វគ្រប់ទាំងអស់ខ្វះខាត យើងគិតតែខ្ចីគេចាយរហូតគ្រាន់តែកូនរៀន គ្រាន់តែប្រចាំថ្ងៃ ក្នុងមួយអស់ ៣ ទៅ៤ ឬ៥ពាន់រៀល ។ ត្រង់ហើយដែលវាកាន់តែធ្ងន់ៗទៅ វាអត់មានចំណូលចូល យើងគិតតែចំណាយរហូត តែយើងខ្វះខាតច្រើនយើងគិតតែដើរខ្ចីគេ ដើរបុលគេគ្រប់កន្លែងទាំងអស់ដើម្បីកូន»។

ត្រង់ចំណុចនេះ ស្ដ្រីមេដឹកនាំសហជីព តំណាងកម្មករ កម្មការិនី ទទួលស្គាល់ថា វិស័យវាយនភណ្ឌ ពិតជាបានជួយដល់ស្ដ្រីកម្ពុជាច្រើនពិតមែន បើទោះជាក្នុងវិស័យនេះ ពេលខ្លះមានបញ្ហាចម្រូងចម្រាស់មួយចំនួនក្ដី។ លោកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្ពុជា មានប្រសាសន៍ថា អ្នកធ្វើការងារក្នុងវិស័យវាយនភណ្ឌ កាត់ដេរ និងស្បែងជើងនេះ ភាគច្រើនសុទ្ធសឹងតែជាស្ដ្រី ដែលជាចំណែកដ៏សំខាន់មួយក្នុងការស្វែងរកចំណូល ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។ ប្រធានសម្ព័ន្ធសហជីពកម្ពុជា បន្ដថាថា ប្រសិនជាមិនមានវិស័យវាយនភណ្ឌនេះទេ ស្ដ្រីខ្មែរដ៏ច្រើនលើសលប់ នឹងធ្វើចំណាកស្រុកជាក់ជាមិនខាន ហើយអ្នកស្រីជឿជាក់ថា មានស្ដ្រីតិចតែប៉ុណ្ណោះ ដែលត្រឡប់ទៅធ្វើស្រែចម្ការវិញ ដោយសារតែបច្ចុប្បន្ននេះ អ្នកស្រីមើលឃើញថា ផលិតផលកសិកម្ម ហាក់ពុំសូវមានទីផ្សារសមស្របសម្រាប់កសិករឡើយ។

អ្នកស្រី យ៉ាង សុភ័ណ្ឌ ៖«ក្នុងករណីដែលអត់មានវិស័យហ្នឹង ១០០ភាគរយ គាត់ប្រាកដជាធ្វើចំណាកស្រុកហើយ ហើយមនុស្សភាគតិចណាស់ដែលត្រឡប់ទៅធ្វើស្រែចម្ការវិញ ដោយសារតែស្រែចម្ការជាទូទៅយើងដឹងហើយថា នៅពេលដែលគាត់ទៅធ្វើ គាត់អត់មានទីផ្សារលក់ដូរ នៅផលិតផលដែលគាត់ដាំ អញ្ចឹងគាត់គឺភាគតិចណាស់ដែលត្រឡប់ទៅធ្វើស្រែចម្ការវិញ»។

ទាក់ទិន វិស័យមួយនេះ លោក អាត់ ធន់ មេដឹកនាំសហភាពការងារកម្ពុជា ដែលធ្វើការងារដើម្បីប្រយោជន៍កម្មករ កម្មការិនី ជាច្រើនឆ្នាំមកហើយ យល់ស្របថា ប្រសិនបើគ្មានវិស័យវាយនភណ្ឌនេះទេ ជម្រើសទីមួយរបស់កម្មករ ពិសេសកម្មការិនី ច្បាស់ជានឹងធ្វើចំណាកស្រុក។ លោកបន្ដថា បើកាលណាពួកគេឈានដល់ការធ្វើចំណាកស្រុកទៅក្រៅប្រទេស បញ្ហាប្រឈមនានា នឹងកើតមានឡើងទ្វេដង ដែលមានជាអាទិ៍ ការរំលោភសិទ្ធិការងារ ការបៀតបៀនកេរិ៍្ដភេទ ការចាប់រំលោភ ឬក៏ការញៀនថ្នាំជាដើម។ លោក អាត់ ធន់ ៖«ទោះជាការចំណាកស្រុកទាំងក្នុងស្រុកនិងក្រៅស្រុកហ្នឹងបញ្ហាវាតែងតែកើតមានហើយ គ្រាន់តែថា នៅក្នុងស្រុកបញ្ហាវាមានតិចតូច។ បើចំណាកស្រុក្រៅប្រទេសហ្នឹង យើងដឹងហើយថា សម្ពាធការងារ ការកេញប្រវ័ញ្ចការងារ នៅក្នុងស្រុកក៏មានដែរ ទម្រាំនៅក្រៅប្រទេស ការចាប់រំលោភ ការបោកប្រាស់បៀតបៀនផ្លូវភេទ ឬក៏ការកេញប្រវ័ញ្ចកម្លាំងពលកម្ម រួមទាំង បរិយាកាសសង្គមដែលគេនៅទីនោះមានជំងឺ អេដស៍ ឬក៏ប្រើថ្នាំប្រើអីហ្នឹងវាមានបញ្ហាទាំងអស់ហ្នឹងហើយ ដែលធ្វើឲ្យបន្ទុកគ្រួសារគាត់កាន់តែលំបាកថែមទៀត»។

វិស័យវាយនភណ្ឌ បានបើកឱកាសឲ្យពលរដ្ឋខ្មែរទាំងស្រីទាំងប្រុស ទទួលបានការងារធ្វើនៅក្នុងស្រុក បើទោះ ជាពួកគេចេះ ឬក៏មិនចេះអក្សរក៏ដោយ។ យោងតាមអះអាងពីក្រុមកម្មការិនី ដែលផ្ដល់បទសម្ភាសន៍ឲ្យវិទ្យុស្ដ្រី បញ្ចាក់ថា យ៉ាងហោចណាស់ ក្នុងមួយឆ្នាំៗ ពួកគេអាចរកចំណូលបានជាមធ្យមជិត ២ពាន់ដុល្លារ និងឆ្នាំខ្លះអាចឈានទៅដល់ជិត ៣ពាន់ដុល្លារ។ បើទោះជាចំណូលរបស់ក្រុមកម្មករ កម្មការិនីសរុបប្រចាំឆ្នាំ ហាក់បានច្រើនគួរសមក៏ពិតមែន ប៉ុន្ដែបើបែងចែកសម្រាប់ការចំណាយប្រចាំថ្ងៃ គឺបានត្រឹមតែទប់ប៉ុណ្ណោះ។ កម្មករ កម្មការិនី បង្ហាញក្ដីរំពឹងថា ប្រាក់ខែគោលរបស់ពួកគេនឹងត្រូវបានដំឡើងជាបន្ដទៀត ស្របទៅតាមអ្វីដែលជាការអះអាងរបស់ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដែលបានប្រាប់ទៅកម្មករ កម្មការិនី អំពីការប្ដេជ្ញាចិត្ដរបស់រាជរដ្ឋាភិបាល ថា ប្រាក់ខែគោលរបស់កម្មករ កម្មការិនី នឹងមិននៅគាំងត្រឹម ១៧០ដុល្លារ សម្រាប់ឆ្នាំ២០១៨នេះឡើយ ពោលរាជរដ្ឋាភិបាល នឹងដំឡើងជាបន្ដទៀត។

យ៉ាងណា ការប្ដេជ្ញាចិត្ដរបស់ប្រមុខដឹកនាំរាជរដ្ឋាភិបាល គឺស្របទៅនឹងអ្វី ដែលក្រុមមេដឹកនាំសហជីព តំណាងកម្មករ បានអះអាងនាពេលកន្លងមកថា ប្រាក់ខែគោលរបស់ក្រុមកម្មករ កម្មការិនី ១៧០ដុល្លារនេះ មិនទាន់សមស្រប ដើម្បីធ្វើឲ្យជីវភាពកម្មករ កម្មការិនី កម្ពុជា រួចផុតពីភាពខ្វះខាតបាននៅឡើយទេ បើទោះជាប្រាក់ចំណូលនេះ ខ្ពស់ជាងបណ្ដាប្រទេស មួយចំនួន ជិតខាងកម្ពុជាក៏ដោយ។ យោងតាមប្រសាសន៍របស់រដ្ឋមន្ដ្រីក្រសួងការងារកម្ពុជា វិស័យវាយនភណ្ឌ កាត់ដេរ និងស្បែកជើង ទំហំពាណិជ្ជកម្មលើវិស័យមួយនេះ បានឈានដល់ ៧ពាន់ ៦០០លានដុល្លារ នៅឆ្នាំ២០១៧៕

website_news/2018200301.txt · Last modified: 2018/03/20 14:14 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki